(វៀតណាម)៖ សេដ្ឋកិច្ចប្រទេសវៀតណាម ត្រូវបានព្យាករថានឹងងើបឡើងវិញ ហើយងើបឡើងខ្លាំងក្លាថែមទៀតផងសម្រាប់ឆ្នាំ២០២២នេះ ពោលគឺនឹងមានកំណើនដល់ទៅ ៨%ឯណោះ។ តើសេដ្ឋកិច្ចវៀតណាមកើនឡើងខ្លាំងដោយសារកត្តាអ្វីខ្លះ? កត្តាដែលជាក្បាលម៉ាស៊ីនរុញកំណើនសេដ្ឋកិច្ចវៀតណាមនៅឆ្នាំនេះ គឺការសម្រេចបាននូវអតិរេកពាណិជ្ជកម្មខ្ពស់ ការវិនិយោគផ្ទាល់ពីបរទេស បើទោះបីជា សេដ្ឋកិច្ចប្រទេសអាស៊ានមួយនេះ បានពើបប្រទះនឹងការធ្លាក់ចុះផ្សារភាគហ៊ុន អចលនទ្រព្យ និងកង្វះខាតប្រេងសាំង ក្នុងរយៈពេលចុងក្រោយនេះក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់ Vietnam Express News។
បើទោះបីជាសេដ្ឋកិច្ច មានការប្រឈមបញ្ហាជាច្រើន ប៉ុន្តែកំណើននៃផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាម ត្រូវបានព្យាករថានឹងឈានដល់ ៨% ក្នុងឆ្នាំ២០២២នេះ ដែលជាអត្រាកំណើនដ៏ខ្ពស់បំផុតក្នុងចំណោមប្រទេសធំៗនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។
សេដ្ឋកិច្ចរបស់វៀតណាម បានពង្រីកដល់ជាង ៨,៨% នៅក្នុងរយៈពេល ៩ខែនៃឆ្នាំ២០២២នេះ ដែលជាការកើនឡើងដ៏ច្រើនបំផុតសម្រាប់ឆ្នាំ២០១១-២០២២ នោះក៏ដោយសារតែកំណើនសេដ្ឋកិច្ចស្ទុះងើបខ្លាំងជិត ១៤% នៅក្នុងត្រីមាសទី៣។ ក្នុងនោះ វិស័យសេវាកម្មបានកើនឡើងដល់ជាង ១០% ឧស្សាហកម្ម និងសំណង់ កើនឡើងជាង ៩% ខណៈ កសិកម្ម ព្រៃឈើ និងចិញ្ចឹមត្រី កើនឡើងជិត៣%។
រដ្ឋាភិបាលវៀតណាម បានព្យាករថា កំណើនសេដ្ឋកិច្ចថា នឹងឈានដល់ ៨% សម្រាប់ពេញ១ឆ្នាំ២០២២នេះ ខណៈធនាគារ HSBC បានព្យាករកំណើនសេដ្ឋកិច្ចវៀតណាម ៧,៦% និងធនាគារពិភពលោកថា ៧,២%។
សេដ្ឋកិច្ចវៀតណាម បានបង្ហាញពីការងើបឡើងវិញប្រកបដោយវិជ្ជមាននៅក្នុងទិដ្ឋភាពជាច្រើន ក្នុងរយៈពេល ៩ខែ កន្លងមកនេះ ក្នុងនោះ គោលដៅ១៤ ក្នុងចំណោម ១៥ ត្រូវសម្រេចបាន ឬជិតសម្រេចបាន។ នេះបើតាមការថ្លែងរបស់នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh កាលពីខែតុលា។
ការកើនឡើងនៅក្នុងការនាំចេញនៅឆមាសទី១ ឆ្នាំ២០២២ គឺបានជួយឱ្យវៀតណាម ជាប់កំណត់ត្រាអតិរេកពាណិជ្ជកម្មតម្លៃជាង ១០ពាន់លានដុល្លារ ក្នុងរយៈពេល ១១ខែឆ្នាំនេះ បើប្រៀបធៀបនឹង ៦០០លានដុល្លារដែលសម្រេចបានកាលពីរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
អាមេរិកនៅតែជាទីផ្សារនាំចេញដ៏ធំបំផុតរបស់វៀតណាម មានតម្លៃជាង ១០០ពាន់លានដុល្លារ កើនឡើង ១៨% ប៉ុន្តែចិន ជាទីផ្សារនាំចូលរបស់វៀតណាមធំជាងគេបំផុត ដល់ជិត ១០៩ពាន់លានដុល្លារ កើនឡើង ៩%។
ការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) របស់វៀតណាមវិញ ក្នុងរយៈពេល ១១ខែនេះ បានកើនឡើងជាង ១៥% ជាមួយតម្លៃទុនវិនិយោគសរុបជិត២០ពាន់លានដុល្លារ ហើយនេះក៏ជាការកើនឡើងខ្ពស់បំផុតក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ។
ប្រទេសវៀតណាម បានស្វាគមន៍អ្នកវិនិយោគមកពី ១០៧ប្រទេស និងដែនដី នាំមុខដោយ ប្រទេសសិង្ហបុរីជាមួយនឹងការវិនិយោគជិត៦ពាន់លានដុល្លារ ស្មើនឹងប្រហែល ២៣% នៃទុនវិនិយោគសរុប តាមពីក្រោយដោយ ជប៉ុន កូរ៉េខាងត្បូង និងចិន។
ការវិនិយោគផ្ទាល់ពីបរទេសភាគច្រើន ផ្ដោតលើការកែច្នៃ និងការផលិត ដែលមានទុនវិនិយោគជិត១៥ពាន់លានដុល្លារ តាមពីក្រោយដោយ វិស័យអចលនទ្រព្យ និងការផលិតអគ្គិសនី និងការចែកចាយ។
ក្រុមហ៊ុនចម្រុះជាតិសាសន៍ ហូរចូលវៀតណាមដោយមានការកើនឡើង ដូចជាការសាងសង់រោងចក្រ ១ពាន់លានដុល្លាររបស់របស់ក្រុមហ៊ុន Lego កាលពីខែវិច្ឆិកា និងក្រុមហ៊ុនតៃវ៉ាន់ Foxconn គ្រោងសង់រោងចក្រតម្លៃ ៣០០លានដុល្លារ និងនឹងជួលបុគ្គលិកប្រមាណ ៣ម៉ឺននាក់នៅវៀតណាមផងដែរ។
ទោះបី កំណើនសេដ្ឋកិច្ចលូតលាស់ល្អក្ដី ប៉ុន្ដែសេដ្ឋកិច្ចវៀតណាម នៅតែជួបប្រឈមនឹងបញ្ហាជាច្រើនដូចគ្នាដែរ រួមមាន បញ្ហាទីផ្សារភាគហ៊ុន និងអចលនទ្រព្យធ្លាក់ចុះ និងកង្វះខាតប្រេងសាំង ដែលបណ្តាលមកពីបញ្ហាក្នុងស្រុក និងសាកល រួមទាំងបញ្ហា សង្គ្រាមនៅអ៊ុយក្រែនបង្កឲ្យមានអតិផរណាកើនឡើង និងការដំឡើងអត្រាការប្រាក់គោលខ្ពស់ជាដើម៕