(ភ្នំពេញ)៖ ការវាយប្រហាររបស់រុស្ស៊ី លើប្រទេសអ៊ុយក្រែន បានបណ្ដាលឱ្យមានមហន្តរាយធ្ងន់ធ្ងរជាទីបំផុត។ បារាំងរួមគ្នា ជាមួយកម្ពុជា អំពាវនាវដល់ប្រទេសរុស្ស៊ី សូមបញ្ឈប់ការវាយប្រហារជាបន្ទាន់លើប្រទេសអ៊ុយក្រែន ជាពិសេស បញ្ឈប់ការវាយប្រហារលើប្រជាពលរដ្ឋស៊ីវិល និងបណ្ដាហេដ្ឋារចនាសម្ពន្ធនានា ដូចជា ផ្លូវ និងស្ពានជាដើម។ នេះបើតាមសាររបស់ប្រធានាធិបតីបារាំង ឯកឧត្ដម អេម៉ានូអែល ម៉ាក្រុង ផ្សព្វផ្សាយនៅក្នុងបណ្ដាញសង្គមផ្ទាល់ របស់ឯកឧត្ដម នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២។សាររបស់ឯកឧត្ដមប្រធានាធិបតីបារាំងដដែលបន្តថា សហគមន៍អន្តរជាតិ នឹងចូលរួមជាមួយយើង ព្រមទាំងមាន សុឆន្ទៈដូចសេចក្ដីអំពាវនាវរបស់យើងផងដែរ។
ក្រៅពីការអញ្ជើញចូលរួម និងធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាន-សហភាពអឺរ៉ុប និងដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន-សហភាពអឺរ៉ុប នៅទីក្រុងព្រុចសែល ប្រទេសបែលហ្សិក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានអាស៊ានឆ្នាំ២០២២ ក៏ត្រូវអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្ដម អេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតី បារាំងផងដែរ។
សង្គ្រាមរវាងរុស្ស៊ី និង អ៊ុយក្រែន លើទឹកដីអ៊ុយក្រែន ចាប់ផ្ដើមដំបូងនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ បើគិតមកទល់នឹងខែធ្នូ ឆ្នាំ២០២២ នេះមានរយៈពេលជិតមួយឆ្នាំហើយ ដោយបណ្ដាលឱ្យទីក្រុង ជនបទ និងតំបន់នានា របស់អ៊ុយក្រែន ត្រូវរងការខូចខាតជាច្រើន ជាពិសេសពលរដ្ឋស៊ីវិល មានការបាត់បង់ជីវិតអស់ជាច្រើនរយពាន់ នាក់៕