Alynana Media Cambodia
Icon Collap
clinic narit

ការប្រលង «ល្ខោនខ្មែរ» រដូវកាលទី១ ឆ្នាំ២០២២ ទម្រង់របាំក្បាច់បុរាណខ្មែរ លេខ១ បានទៅ​ក្រុមយុវជន​រាជធានីភ្នំពេញ

Admin Alynana | Dec 23, 2022
ការប្រលង «ល្ខោនខ្មែរ» រដូវកាលទី១ ឆ្នាំ២០២២ ទម្រង់របាំក្បាច់បុរាណខ្មែរ លេខ១ បានទៅ​ក្រុមយុវជន​រាជធានីភ្នំពេញ
Clinic narith

ភ្នំពេញ៖ «ល្ខោនខ្មែរ» រដូវកាលទី១ ឆ្នាំ២០២២ វិញ្ញាសា«ទម្រង់របាំក្បាច់បុរាណខ្មែរ» ជ័យ​លាភី​លេខ០១ បានទៅលើក្រុមយុវជនមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ សម្តែង​ល្ខោន​ក្បាច់​បុរាណរឿង រាមកេរ្តិ៍ ត្រង់ឈុត ព្រះរាមលើកទ័ពទៅក្រុងលង្ការ។ ជ័យលាភីលេខ០២ បាន​ទៅ​លើ​ក្រុមមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប សម្តែងល្ខោនក្បាច់បុរាណ រឿងរាមកេរ្តិ៍ ត្រង់​ឈុត រាមលក្ស្មណ៍ជប់លក្ស្មណ៍ និងជ័យលាភីលេខ០៣ បានទៅលើក្រុម ខ្ញុំស្រលាញ់វប្បធម៌ នៃ​ស.ស.យ.ក ខេត្តកំពង់ស្ពឺ សម្តែងល្ខោនក្បាច់បុរាណ រឿងព្រះសមុត្រ នាងប៊ុតសុម៉ាលី ត្រង់​ឈុត នាងប៊ុតសុម៉ាលី សម្លាប់យក្សរៃយកាន។

កម្មវិធីល្ខោនខ្មែរ រដូវកាលទី១ ឆ្នាំ២០២២នេះ បង្កើត​ឡើង​ក្រោម​គំនិត​ផ្តួច​ផ្តើម​របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្តស្វាយរៀង គាំទ្រដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ក្នុងនោះដំណើរការ​នៃ​ការ​ប្រកួត​រដូវ​កាល​ទី​១​នេះ គឺជាការប្រកួតតាមរយៈអនឡាញក្នុងដំណាក់កាលដំបូង និងចូលរួម​ប្រកួត​ផ្ទាល់​នៅ​ដំណាក់​កាល​បន្ទាប់ ចាប់ពីពេលដាក់ពាក្យ និងការផ្ញើវីដេអូ ដើម្បីធ្វើការវាយតម្លៃប្រកួតដោយផ្ទាល់ តាម​វគ្គ​នីមួយៗ រហូតដល់វគ្គវេទិការបស់ខ្ញុំ។ កម្មវិធីនេះទៀតសោត បានប្រព្រឹត្តឡើងកាលពីថ្ងៃទី៩ ខែ​កក្កដា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ និងបានបែងចែកជា៩ដំណាក់កាល។

ក្រោម​វត្តមានលោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ និងឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជនកម្ពុជា និងឯកឧត្តម ឌី វិជ្ជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្ត​ស្វាយរៀង។

នាឱកាសប្រគល់បណ្ណ ស្លាក និងពានរង្វាន់ជូនក្រុមជ័យលាភី ក្នុង​វិញ្ញាសា​ទម្រង់​របាំ​ក្បាច់​បុរាណ​ខ្មែរ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាន​ថ្លែង​ថា «ល្ខោនខ្មែរ» រដូវកាលទី១ ឆ្នាំ២០២២ វិញ្ញាសា«ទម្រង់របាំក្បាច់បុរាណខ្មែរ» គឺជាគំនិត​ផ្តួច​ផ្តើម​ថ្មី​មួយទៀតរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង និយាយដោយ ប៉ុន្តែ​បើ​និយាយ​ជារួម គឺជារបស់សហភាពសហព័ន្ធយុវជនកម្ពុជាយើង ដែលដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី និងគិតថាស.ស.យ.កទាំងមូល គឺជាដៃគូដ៏ធំបំផុតរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុង​ការ​លើក​ស្ទួយ ជ្រោងនូវតម្លៃវប្បធម៌របស់កម្ពុជា។

ចំណែកក្រុមយុវជនដែលចូលរួមប្រកួតប្រជែងតាំងពីវគ្គដំបូង រហូតដល់វគ្គផ្តាច់ព្រ័ត្រជាប់ និង​ទទួល​បាន​ជ័យលាភីពានរង្វាន់លេខ១ លេខ២ និងលេខ៣ បានបង្ហាញ​ចំណាប់​អារម្មណ៍​រំភើប​រីករាយ​មែន​ទែន ដែលក្រុមយុវជននីមួយៗ បានបង្ហាញពីសមត្ថភាពយ៉ាងល្អ និងទទួល​បាន​ជោគ​ជ័យ តាមរយៈគណៈកម្មការផ្តល់ពិន្ទុយ៉ាងសុក្រិត្យ យុតិ្តធម៌ និង​សូម​គោរព​អរគុណ​ដល់​គណៈកម្មការ​ទាំង ០៤រូប និងអរគុណដល់ទស្សនិកជនដែលតែងតែជួយគាំទ្រក្រុមយុវជន និ​ង​ល្ខោន​ខ្មែរ។

ជាចុងក្រោយលោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា ក្រោយពីបានទស្សនា នៃការ​បង្ហាញ​ពី​សមត្ថភាព​ដ៏​ល្អឥតខ្ចោះរបស់បេក្ខជន បេក្ខនារី គឺលោកជំទាវ ចង់ឲ្យអ្នកជាប់ជ័យលាភី លេខ១​គ្រប់​ៗ​គ្នា។ ប៉ុន្តែជ័យលាភីលេខ០១ គឺមានតែ១ប៉ុណ្ណោះ ហើយក្រុមយុវជន ដែលបង្ហាញ​នូវ​ទេព​កោសល្យ​នោះ​ គឺប្លែកៗគ្នាតែបនិ្តចបន្តួចប៉ុណ្ណោះទេ ដូច្នេះអ្វីដែលសំខាន់បំផុតនោះគឺ ការចូលរួម និងសុំលើកទឹកចិត្តឲ្យកម្មវិធីក្រោយៗទៀត ឲ្យមានចូលរួមពីយុវជនកាន់តែផុលផុសថែមទៀត ដូច្នេះ​ជ័យលាភីលេខ១ លេខ២ និងលេខ៣ គង់តែមកដល់ម្តងម្នាក់ រៀងៗខ្លួនផងដែរ៕