Alynana Media Cambodia
Icon Collap
clinic narit

ព្រឹកថ្ងៃចន្ទ ទី២៦នេះសម្តេចតេជោ និងឯកអគ្គរដ្ឋទូតចិន អញ្ជើញជាអធិបតីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១

Admin Alynana | Dec 26, 2022
ព្រឹកថ្ងៃចន្ទ ទី២៦នេះសម្តេចតេជោ និងឯកអគ្គរដ្ឋទូតចិន អញ្ជើញជាអធិបតីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១
Clinic narith

 

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា អញ្ជើញជាអធិបតីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១។

ផ្លូវជាតិលេខ៤១ តភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់ថ្នាល់ទទឹង (ព្រំប្រទល់ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងស្រុកអង្គស្នួល ខេត្តកណ្តាល) រហូតដល់ផ្លូវជាតិលេខ៣ ក្នុងស្រុកជុំគិរី ខេត្តកំពត។ ផ្លូវជាតិមួយខ្សែនេះ បានសាងសង់រួចម្តងមកហើយកាលពីឆ្នាំ២០១១ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរប្រទាប់ (DBST) មានទទឹងតួផ្លូវពី ៧ម៉ែត្រ ដល់ ១១ម៉ែត្រ។ ជាទូទៅប្រភេទផ្លូវនេះ មានអាយុកាលជាមធ្យមពី ០៥ឆ្នាំ ទៅ ០៨ឆ្នាំ ប្រសិនបើមានការថែទាំត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ដោយសារផ្លូវនេះ ជាខ្សែផ្លូវសំខាន់មួយ តភ្ជាប់ទៅផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ និងតំបន់សំខាន់ៗមួយចំនួន ដែលធ្វើឱ្យទំហំចរាចរណ៍ និងការដឹកជញ្ជូនមានការកើនឡើងជាគំហុក ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គួបផ្សំនឹងស្ថានភាពផ្លូវមានកម្រិតទាប និងតែងតែទទួលរងការខូចខាត និងទ្រុឌទ្រោម ដោយជំនន់ទឹកភ្លៀង រៀងរាល់រដូវវស្សា និងគ្រោះធម្មជាតិ ទើបរាជរដ្ឋាភិបាល សម្រេចសាងសង់ពង្រីក និងលើកកម្រិតគុណភាពឡើងវិញ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ ដឹកជញ្ជូនទំនិញ កសិផល និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។

លោកទេសរដ្ឋមន្ត្រី បានឱ្យដឹងថា គម្រោងសាងសង់ផ្លូវជាតិលេខ៤១ មានប្រវែងសរុបជាង ៩៥គីឡូម៉ែត្រ នឹងត្រូវសាងសង់លើកកម្រិតគុណភាព ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូAC កម្រាស់ ៥សង់ទីម៉ែត្រ និងពង្រីកទទឹងតួផ្លូវ រហូតដល់ ១២ម៉ែត្រ តាមស្ដង់ដារចិនកម្រិត២។

គម្រោងនេះនឹងសាងសង់បន្ថែមសំណង់សិល្បការរួមមាន៖ ពង្រីកស្ពានចាស់ មួយកន្លែង ប្រវែងសរុប ២០០ម៉ែត្រ ដាក់លូគ្រប់ប្រភេទចំនួន ៣១៥កន្លែង បំពាក់កាមេរ៉ាត្រួតពិនិត្យល្បឿនចំនួន ០៨កន្លែង រួមទាំងបំពាក់ផ្លាកសញ្ញា គំនូសសញ្ញា បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពផងដែរ។

បើតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល គម្រោងនេះ នឹងត្រូវអនុវត្តការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ប្រើរយៈពេលសាងសង់ចំនួន ៤០ខែ នឹងបញ្ចប់នៅអំឡុងឆ្នាំ២០២៦។ គម្រោងស្តារ និងលើកកម្ពស់កម្រិតគុណភាពផ្លូវមួយខ្សែនេះ គ្រោងចំណាយថវិកាសរុបប្រមាណជាង ៦៧លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីដែលមានភាពលេចធ្លោមួយរូប នៃរាជរដ្ឋាភិបាលរបស់សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ផ្លូវជាតិលេខ៤១ គឺជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសារសំខាន់ ឆ្លងកាត់ខេត្តចំនួន០៤រួមមាន៖ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងខេត្តកំពត និងតភ្ជាប់ទៅកាន់កំពង់ផែអន្តរជាតិសំខាន់ៗដូចជា កំពង់ផែពហុបំណងខេត្តកំពត និងមជ្ឈមណ្ឌលភ័ស្តុភារកម្ម ដែលកំពុងសាងសង់ កំពង់ផែទេសចរណ៍ខេត្តកំពត និងកំពង់ផែទេសចរណ៍ខេត្តកែប-កោះទន្សាយ ដែលទើបសាងសង់រួច។ បន្ថែមពីលើនេះផ្លូវជាតិមួយខ្សែនេះ ក៏ជាផ្លូវតភ្ជាប់ទៅតំបន់ទេសចរណ៍ធម្មជាតិខេត្តកែប និងខេត្តកំពត តាមរយៈ ខ្សែផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៣៣ផងដែរ។

លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ដែរថា ក្រោយបញ្ចប់ការសាងសង់ ផ្លូវមួយខ្សែនេះ នឹងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ និងកសិផល ដំណាំកៅស៊ូម្រេច ផលនេសាទ អំបិល ដំណាំស្រូវ និងផ្លែឈើ ទៅកាន់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ។

បន្ថែមពីលើនេះ ផ្លូវជាតិលេខ៤១នេះ ក៏នឹងចូលរួមលើកកម្ពស់ការអភិវឌ្ឍតំបន់ទេសចរណ៍សំខាន់ៗ ដូចជា តំបន់ឧទ្យានជាតិព្រះមុនីវង្សបូកគោ កោះទន្សាយ តំបន់ឆ្នេរ និងតំបន់មាត់សមុទ្រធម្មជាតិផងដែរ។ ផ្លូវមួយខ្សែនេះ ក៏នឹងជួយសម្រួល និងបញ្ចៀសការកកស្ទះនៅលើផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ បានមួយកម្រិតបន្ថែមទៀត៕