តម្លៃប្រេងឆៅភាគច្រើន ក្នុងថ្ងៃបើកជួញដូរនៃថ្ងៃព្រហស្បតិ៍ទី១២មករា មានការធ្លាក់ចុះបន្តិចវិញពីការជួញដូរកាលពីថ្ងៃទី ១១ខែមករា។ ការធ្លាក់ចុះនេះ ត្រូវបានក្រុមអ្នកវិភាគទីផ្សារប្រេងឆៅអះអាងថា ដោយសារបារម្ភពីទិន្នន័យអតិផរណា ដែលសហរដ្ឋអាមេរិកនឹងបញ្ចេញនាពេលខាងមុខ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
ទីផ្សារគោលរបស់ប្រេងឆៅនៅអង់គ្លេស កាលពីថ្ងៃទី ១២ ខែមករា នៅតម្លៃថេរ ៨២ដុល្លារ៦៧សេនក្នុងមួយធុងបារ៉ែល ស្របពេលដែលប្រេងឆៅនៅអាមេរិកវិញធ្លាក់ថ្លៃអស់ ៤សេន ឬស្មើនឹង ០,០៥% ដែលមានតម្លៃ ៧៧ដុល្លារ៣៧សេនក្នុងមួយបារ៉ែល។
គួររំឭកថា ប្រេងទាំងពីរនេះ កាលពីថ្ងៃពុធបានកើនតម្លៃ៣% ដោយសារមើលឃើញពីក្តីសង្ឃឹមជាវិជ្ជមាននៃសេដ្ឋកិច្ចសកល ជំរុញដោយការបើកដំណើរការប្រទេសឡើងវិញរបស់ចិន។
លោក Tina Teng អ្នកវិភាគនៅទីផ្សារ CMC បាននិយាយថា ប្រទេសចិនកំពុងបង្កើនល្បឿនស្តុកទុកប្រេង តាំងពីមុនថ្ងៃបុណ្យចូលឆ្នាំសកល ដោយសារតែតម្រូវការនឹងមានច្រើនជាងរាល់ដង ពិសេសនៅពេលដែលលែងមានវិធានការសូន្យកូវីដរិតត្បិតការធ្វើដំណើរដូចមុន។
ចិនក្នុងនាមជាប្រទេសនាំចូលប្រេងច្រើនជាងគេ កំពុងបើកសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញបន្ទាប់ពីការ បិទបញ្ចប់គោលនយោបាយសូន្យកូវីដដ៏តឹងរ៉ឺង ដោយជំរុញឱ្យមានសុទិដ្ឋិនិយមថាតម្រូវការប្រេងឥន្ធនៈនឹងកើនឡើងនៅឆ្នាំ២០២៣នេះ។ ជាក់ស្តែង ការកក់ជើងហោះហើរក្រៅប្រទេសរបស់ប្រទេសចិនបានកើនឡើង ១៥% បើធៀបនឹងកម្រិតមុនពេលមានការរាតត្បាតកូវីដ១៩។
ទោះយ៉ាងណា ទិន្នន័យអតិផរណានាពេលខាងមុខដែលសហរដ្ឋអាមេរិកគ្រោងបញ្ចេញ គឺជាកត្តាហានិភ័យដ៏ធំសម្រាប់ទីផ្សារប្រេង។ ហេតុនេះទើបនាំឱ្យអ្នកជួញដូរមានការប្រុងប្រយ័ត្ន ក្នុងការទិញលក់ មុនការចេញផ្សាយទិន្នន័យនៅអាមេរិក។
សេដ្ឋវិទូរំពឹងថា ការកើនឡើងនៃអតិផរណានៅអាមេរិក នឹងថយចុះដល់កម្រិតប្រចាំឆ្នាំ ៥,៧%សម្រាប់ខែធ្នូ ធៀបនឹង៦% កាលពីខែវិច្ឆិកា។ ទីផ្សារជួញដូរប្រេងក៏កំពុងត្រៀមលក្ខណសម្រាប់ការកំណត់តម្លៃប្រេងរុស្ស៊ី ដែលនឹងចូលជាធរមានពីខែកុម្ភៈផងដែរ ស្របពេលដែលសហភាពអឺរ៉ុបកំពុងបន្តធ្វើការ លើទណ្ឌកម្មបន្ថែមសម្រាប់ម៉ូស្គូ៕