ឯកឧត្តម ហ៊ឹម អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានកៅស៊ូ បញ្ជាក់ថា ការប្រមូលផលនិងខ្សែចង្វាក់ផលិតកម្មដំណាំកៅស៊ូជារួមនៅក្នុងឆ្នាំ២០២២ មានការកើនឡើងជាងឆ្នាំ២០២១ ក៏ប៉ុន្តែតម្លៃទីផ្សារនៃការនាំចេញកៅស៊ូវិញ ហាក់បានថយចុះជាងឆ្នាំមុន។ ប៉ុន្ដែ នៅស្របពេលស្ថានភាពពិភពលោកនៅមិនទាន់មានភាពច្បាស់លាស់នៅឡើងនោះ មន្រ្តីជាន់ខ្ពស់នៃក្រសួងកសិកម្មរូបនេះ អះអាងថា ប្រាកដណាស់វានឹងជះឥទ្ឋិពលដល់តម្លៃកៅស៊ូកម្ពុជា និងទីផ្សារពិភពលោកក្នុងឆ្នាំ២០២៣នេះ។
នៅពេញមួយឆ្នាំ២០២២ កម្ពុជាទទួលបានចំណូល ពីការនាំចេញជ័រកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ ទៅកាន់ទីផ្សារអន្តរជាតិមានចំនួនជាង ៥រយលានដុល្លារ កើនឡើងជាង ២៨% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ នេះបើយោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ឯកឧត្តម ហ៊ឹម អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកៅស៊ូ បានគូសបញ្ជាក់ឱ្យដឹងថា ការប្រមូលផល និងការដាំដុះដំណាំកៅស៊ូ នៅក្នុងឆ្នាំ២០២២ ហាក់មានការកើនឡើង បើធៀបនឹងឆ្នាំ២០២១។ ក៏ប៉ុន្តែ តម្លៃនៃការនាំចេញកៅស៊ូវិញ ហាក់មានការថយចុះជាងឆ្នាំមុន ដោយសារកត្តាមួយចំនួនបណ្តាលមកពីវិបត្តិសេដ្ឋកិច្ចសកល ការប្រែប្រួលតម្លៃថាមពល អតុល្យភាពរវាងការផ្គត់ផ្គង់ និងតម្រូវការជាដើម។ ឯកឧត្តម ហ៊ឹម អូន បានបញ្ជាក់ដែរថា នៅក្នុងឆ្នាំ២០២២ តម្លៃនាំចេញកៅស៊ូជាមធ្យមមានតម្លៃ ១៤១៥ ដុល្លារក្នុងមួយតោន បានថយចុះចំនួន២៥១ ដុល្លារក្នុងមួយតោន បើធៀបនឹងឆ្នាំ២០២១ ដែលមានតម្លៃនាំចេញជាមធ្យម ១៦៦៦ ដុល្លារក្នុងមួយតោន។ យ៉ាងណាក៏ដោយចុះ ឯកឧត្តម ហ៊ឹម អូន អះអាងថា បរិមាណនាំចេញផលិតផលកៅស៊ូ នៅឆ្នាំ២០២២ នៅតែមានការកើនឡើង ដោយកម្ពុជាសម្រេចបានការនាំចេញផលិតផលកៅស៊ូទៅកាន់ទីផ្សារអន្តរជាតិចំនួនជាង ៣៧ម៉ឺនតោន កើនឡើង ៦ពាន់៦រយតោន បើធៀបឆ្នាំ២០២១ ដែលមានចំនួនជាង ៣៦ម៉ឺនតោន។
បើតាម មន្រ្តីជាន់ខ្ពស់រូបនេះ ស្ថានភាពទីផ្សារ និងការដាំដុះដំណាំកៅស៊ូនៅពេញមួយឆ្នាំ២០២២ ក៏មានជួបនូវបញ្ហាប្រឈមមួយចំនួនផងដែរ ជាក់ស្តែង ទីផ្សារកៅស៊ូនៅតាមក្រុមហ៊ុនធំៗមានតម្លៃទាប ដែលនាំឱ្យការធ្វើអាជីវកម្មមានផលចំណេញតិច ជាងកៅស៊ូគ្រួសារ។ កត្តាដែលនាំឱ្យកៅស៊ូគ្រួសារមានប្រាក់ចំណេញច្រើនជាង ក៏ដោយសារតែ កសិករតាមគ្រួសារ មានការចំណាយតិច ពុំមានការចំណាយថ្លៃរដ្ឋបាលដូចបណ្តាក្រុមហ៊ុនធំៗ ហើយតាមក្រុមហ៊ុនមួយចំនួន ខ្វះនូវកម្លាំងពលកម្មផងដែរ ដោយសារពលកម្មវ័យក្មេង មិនមានចំណូលចិត្តមុខរបបកសិកម្ម ចៀរជ័រកៅស៊ូ។
ឯកឧត្តម ហ៊ឹម អូន ក៏បានសង្កត់ធ្ងន់ដែរថា និន្នាការកៅស៊ូធម្មជាតិ យោងតាមស្ថានភាពពិភពលោកបច្ចុប្បន្ននៅមិនទាន់មានភាពច្បាស់លាស់នៅឡើយ ដោយសារបញ្ហាសង្រ្គាម ក៏ដូចជាវិបត្តិសេដ្ឋកិច្ចនៅបណ្តាប្រទេសធំៗនោះ ប្រាកដណាស់វាបានផ្តល់ផលប៉ះពាល់ និងជះឥទ្ឋិពលដល់តម្លៃនាំចេញកៅស៊ូកម្ពុជា និងទីផ្សារពិភពលោកនៅក្នុងឆ្នាំ២០២៣ នេះផងដែរ។
បើតាមអ្នកជំនាញសេដ្ឋកិច្ចផ្នែកកសិកម្ម លោក ច័ន្ទ សុផល ក៏ធ្លាប់បានបង្ហាញការព្រួយបារម្ភចំពោះបញ្ហាប្រឈមរបស់វិស័យកសិកម្មក្នុងឆ្នាំ២០២៣នេះផងដែរ ដោយលោកបាន អះអាងថា ប្រសិនសង្គ្រាមនៅអ៊ុយក្រែននៅតែបន្ត, អឺរ៉ុប និងអាមេរិក នៅតែរឹតបន្តឹងទៅលើការចំណាយ និងការវិនិយោគ ហើយប្រទេសចិននៅតែប៉ះពាល់ខ្លាំងដោយសារកូវីដ១៩នោះ លោកយល់ថា តម្លៃផលិតផលកសិកម្មជាលក្ខណៈឧស្សាហកម្ម ដូចជាកៅស៊ូជាដើមនោះ នៅតែមិនទាន់អាចងើបឡើងខ្ពស់បាននោះទេ។
សូមជម្រាបថា គិតត្រឹមឆ្នាំ២០២២ កម្ពុជាមានផ្ទៃដីដាំដំណាំកៅស៊ូសរុបចំនួនជាង ៤០ម៉ឺនហិកតា ចំណែកឯទីផ្សារសំខាន់ៗ ក្នុងការនាំចេញកៅស៊ូរបស់កម្ពុជាវិញ មានដូចជា ប្រទេសវៀតណាម ម៉ាឡេស៊ី ចិន សិង្ហបុរី ជប៉ុន កូរ៉េ និងសហគមអឺរ៉ុបជាដើម៕