(ត្បូងឃ្មុំ)៖ ប្រជាពលរដ្ឋប្រកបរបរដាំដំឡូងមីក្នុងខេត្តត្បូងឃ្មុំ កំពុងប្រមូលផល ក្នុងតម្លៃ ១គីឡូក្រាមស្រស់ ៤០០រៀល លក់ក្នុងស្រុកឱ្យឈ្មួញដែលប្រមូលទិញក្បែរៗចំការរបស់ពួកគាត់ ខណៈតម្លៃនេះគឺអាចទទួលយកបាន ទោះមិនចំណេញច្រើន ព្រោះអាចបានប្រាក់ចំណូលខ្លះសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ ។
បើតាមការរៀបរាប់របស់លោក សុ ភី អ្នកដាំដំឡូងមី រស់នៅភូមិពើក ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ បានឱ្យដឹងថា លោកបានប្រកបរបរនេះជាច្រើនឆ្នាំមកហើយ ខណៈនៅឆ្នាំនេះឈ្មួយដែលប្រមូលទិញនៅក្នុងស្រុកគេហ៊ានឱ្យតម្លៃ ចន្លោះពី ៤០០ ទៅ ៤៥០ រៀលក្នុង ១គីឡូក្រាមស្រស់ ។
លោកថា តម្លៃនេះវាមិនចំណេញច្រើននោះទេ សម្រាប់ពួកគាត់ព្រោះការដាំដុះសព្វថ្ងៃគឺត្រូវចំណាយច្រើន ដូចជា លើការភ្ជួដី ឈ្នួលដាំ និងថែទាំ ពិសេសចំណាយលើថ្លៃជី ដែលមានតម្លៃថ្លៃ ។
បើតាមការបញ្ជាក់របស់លោក ហេង ពិសិដ្ឋ ប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ខេត្តត្បូងឃ្មុំ មានប្រជាពលរដ្ឋដាំដុះដំឡូងមីជិត ៤ម៉ឺនហិកតាក្នុងឆ្នាំ ២០២២ ហើយមួយចំនួនធំកំពុងប្រមូលផលលក់ឱ្យទៅឈ្មួញក្នុងស្រុក ដោយក្នុង១គីឡូក្រាមស្រស់ ចន្លោះ៤០០រៀល ទៅ៤៥០រៀល ដែលតម្លៃនេះ ប្រហាក់ប្រហែលឆ្នាំមុនដែរ ។
សូមជម្រាបថា ដំឡូងមីជាដំណាំ១ប្រភេទដែលត្រូវចំណាយពេលដាំដុះជិត១ឆ្នាំពេញទើបអាចប្រមូលផលបាន ខណៈមកដល់ពេលនេះ ទីផ្សារធំបំផុតគឺនាំចេញទៅប្រទេសវៀតណាមតាមច្រកព្រំដែនមួយចំនួនក្នុងខេត្តត្បូងឃ្មុំ៕