ឯកឧត្តមគន់ គីម ចុះពិនិត្យស្ថានភាពបាក់ច្រាំង និងចែកអំណោយដល់ប្រជាពលរដ្ឋប្រមាណ៧០គ្រួសារ បន្ទាប់ពីទឹកហូរខ្លាំងបង្កធ្វើឲ្យផ្ទះរបស់ប្រជាពលរដ្ឋមួយចំនួនលិចចូលព្រែក។
ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) អមដំណើរដោយ ឯកឧត្តម គង់ សោភ័ណ អភិបាលខេត្តកណ្តាល និងមន្ត្រីជំនាញ បានអញ្ជើញចុះពិនិត្យស្ថានភាពបាក់ច្រាំង និងចែកអំណោយដល់ប្រជាពលរដ្ឋប្រមាណ៧០គ្រួសារ បន្ទាប់ពីទឹកហូរខ្លាំងបង្កធ្វើឲ្យផ្ទះរបស់ប្រជាពលរដ្ឋមួយចំនួនលិចចូលព្រែកថី ក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣។
ក្រោយពីពិនិត្យតាមដងព្រែក ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម បានសម្តែងការសោកស្តាយជាមួយប្រជាពលរដ្ឋរងគ្រោះ ដោយសារឧបទ្ទេវហេតុគ្រោះមហន្តរាយទឹកជំនន់រដូវប្រាំង ដែលបានបង្កឲ្យផ្ទះសម្បែងប្រជាពលរដ្ឋស្រុត និងលិចចូលព្រែកអំឡុងពេលប៉ុន្មានថ្ងៃមុននេះ។
ឯកឧត្តមទេសរដ្ឋមន្ត្រី មានប្រសាសន៍ទៀតថា គ្រោះមហន្តរាយទឹកជំនន់រដូវប្រាំងនេះ បានកើតឡើងលើទូទាំងសកលលោក ដោយសារការបម្រែបម្រួលអាកាសធាតុ និងនិយាយដោយឡែកកម្ពុជា មានភូមិសាស្រ្តមួយចំនួនបានរងគ្រោះដោយសារជំនន់ទឹកភ្លៀង។
ឯកឧត្តមទេសរដ្ឋមន្ត្រី មានប្រសាសន៍បន្តថា ក្នុងនាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឆ្លើយតបតម្រូវជាក់ស្តែងរបស់ប្រជាពលរដ្ឋរងគ្រោះ បានសហការជាមួយរដ្ឋបាលខេត្តកណ្តាល និងចូលរួមពីកងប្រតិបត្តិបត្តិការរុករក និងសង្រ្គោះគ្រោះមហន្តរាយ ចំនួន ០៣កង គឺ កងប្រតិបត្តិការរុករក និងសង្រ្គោះលេខ៧២៣ បញ្ជាការដ្ឋានទ័ពពិសេស កងប្រតិបត្តិការរុករក និងសង្រ្គោះលេខ៧០៩ បញ្ជាការដ្ឋានអង្គរក្ស និងកងប្រតិបត្តិការរុករក និងសង្រ្គោះលេខ៧០៦ យោធភូមិភាគពិសេស ហើយបានសហការជាមួយ កងពលតូចដឹកជញ្ជូនលេខ៩៩ បានធ្វើការរុះរើផ្ទះរបស់ប្រជាពលរដ្ឋដែលរងគ្រោះធ្ងន់ធ្ងរចំនួន ៦១ខ្នងផ្ទះ។
ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ក្នុងនាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានណែនាំដល់មន្ទីរសាធារណការ និងដឹកជញ្ជូន រួមជាមួយមន្ទីរធនធានទឹក និងឧតុនិយម ពិនិត្យរកវិធីសាស្រ្តបង្ការករណីបាក់ស្ពានបេតុងព្រែកថីនេះ ដើម្បីបង្ការការប៉ះពាល់ដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។
បន្ទាប់ពីអញ្ជើញចុះពិនិត្យ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម បានអញ្ជើញចូលរួមចែកអំណោយជាថវិកា គ្រឿងឧបភោគ បរិភោគ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាជូនប្រជាពលរដ្ឋប្រមាណ៧០គ្រួសារដែលរងគ្រោះ និងរុះរើផ្ទះចេញពីព្រែកថីផងដែរ៕
រូបភាព៖ គ.ជ.គ.ម