(ភ្នំពេញ)៖ ក្រុមអាជីវករលក់មាស និងអ្នកជំនាញទីផ្សារមាសនៅកម្ពុជាកត់សម្គាល់ឃើញថា ចូលដល់ខែមករាដើមឆ្នាំ ឆ្នាំ២០២៣ តម្លៃមាសនៅកម្ពុជាក៏ដូចជានៅទីផ្សារពិភពលោក បានហក់ឡើងខ្ពស់គួរឲ្យកត់សម្គាល់។ ជាក់ស្ដែង ហាងឆេងមាស ដែលបានលក់នៅថ្ងៃទី ១៨ ខែមករានៅហាងមួយចំនួនក្នុងរាជធានីភ្នំពេញមានតម្លៃដល់ទៅ ២ ២៨០ដុល្លារក្នុងមួយតម្លឹង ដែលតម្លៃនេះ គឺមានការកើនឡើងប្រមាណជិត១០០ បើធៀបនឹងតម្លៃមាសកាលពីខែធ្នូឆ្នាំ២០២២។
ការកើនឡើងនេះត្រូវបានក្រុមអាជីវករ និងអ្នកជំនាញវាយតម្លៃថា អាចបណ្តាលមកពីតម្រូវការមាសនៅតាមប្រទេសធំៗការកើនឡើង គួបផ្សំសហរដ្ឋអាមេរិកបន្ធូរបន្ថយការដំឡើងអត្រាការប្រាក់គោលលុយដុល្លារ និងការវាយតម្លៃសេដ្ឋកិច្ចសកលមានស្ថានភាពមិនសូវល្អនៅឆ្នាំនេះ គួសបផ្សំនឹងតម្រូវការមាសកំពុងកើនឡើងនៅក្នុងប្រទេសចិន នៅអំឡុងថ្ងៃបុណ្យចូលឆ្នាំចិន។ តាមរយៈកត្តាទាំងនេះធ្វើឲ្យអ្នកជំនាញជឿជាក់ថា តម្លៃមាសនៅលើទីផ្សារកម្ពុជា និងលើពិភពលោកនឹងអាចបន្តកើនឡើងបន្ថែមទៀត។ ប៉ុន្ដែ ក៏អាចថមថយមកវិញដែរ នៅក្រោយបុណ្យចូលឆ្នាំចិន។
លោកស្រី គង់ ពិសី ម្ចាស់ហាងមាសពេជ្រ ហេង ហេង កត់សម្គាល់ឃើញថា តម្លៃមាសនៅកម្ពុជាបានកើនឡើងជាបន្តបន្ទាប់នៅមួយរយៈចុងក្រោយនេះ ពោលគឺតាំងពីចូលដល់ខែមករា ឆ្នាំ២០២៣។ ជាក់ស្តែងតម្លៃមាសនៅហាងរបស់លោកស្រី បច្ចុប្បន្នលក់ចេញក្នុងតម្លៃ២ពាន់២៧០ដុល្លារក្នុង១តម្លឹងកើនឡើងជិត១០០ដុល្លារបើធៀបនឹងតម្លៃ ដែលលក់ចេញកាលពីអំឡុងខែធ្នូ ឆ្នាំ២០២២ ដែលមានក្នុងរង្វង់២ពាន់១៨០ដុល្លារក្នុង១តម្លឹង។ អាជីវករលក់មាសរូបនេះ អះអាងថា តម្លៃមាសឡើងថ្លៃចុងក្រោយនេះ អាចបណ្តាលមកពីបញ្ហាសង្គ្រាមនៅអ៊ុយក្រែន និងលុយដុល្លារធ្លាក់ថ្លៃ គួបផ្សំប្រជាពលរដ្ឋមានតម្រូវការមាសច្រើនមុនថ្ងៃបុណ្យចូលឆ្នាំចិនមកដល់។
បើតាមការវាយតម្លៃរបស់លោកស្រី គង់ ពិសី តម្លៃមាសនៅកម្ពុជាអាចនឹងបន្តកើនឡើងបន្ថែមទៀតរហូត២ពាន់៥រយដុល្លារក្នុង១តម្លឹងនាពេលឆាប់ៗខាងមុខនេះ។ លោកស្រីកត់សម្គាល់ឃើញថា ក្រោយតម្លៃមាសមានការកើនឡើងចរន្តទិញលក់នៅហាងលោកស្រីហាក់មានការថយចុះជាងមុនដែរ។
ជាមួយគ្នានេះម្ចាស់ហាងមាសពេជ្រ ទីមង្គល នៅរាជធានីភ្នំពេញបានអះអាងស្រដៀងគ្នាថា តម្លៃមាសនៅកម្ពុជានៅពីរសប្តាហ៍ចុងក្រោយនេះ មានការកើនឡើងគួរឲ្យកត់សម្គាល់បើធៀបនឹងតម្លៃលក់ចេញកាលពីខែធ្នូ ឆ្នាំមុន។ ជាក់ស្តែងមាសនៅហាងរបស់លោកបច្ចុប្បន្នលក់ចេញ១តម្លឹងតម្លៃ២ពាន់២៨០ដុល្លារ ខណៈកាលពីចុងខែធ្នូលក់ចេញ២ពាន់១៩០ដុល្លារក្នុង១តម្លឹង ពោលគឺមានការកើនឡើងជិត១០០ដុល្លារក្នុង១តម្លឹង។ ជុំវិញមូលហេតុដែលជំរុញឲ្យតម្លៃមាសនៅកម្ពុជាមានការកើនឡើង ម្ចាស់ហាងមាសពេជ្រ ទីមង្គល រូបនេះវាយតម្លៃថា អាចបណ្តាលមកមកពីតម្រូវការមាសនៅតាមប្រទេសធំៗ ជាពិសេសចិន និងឥណ្ឌាមានការកើនឡើង គួបផ្សំការធ្លាក់ចុះតម្លៃភាគហ៊ុន និងបញ្ហាសេដ្ឋកិច្ចសកលបន្តស្ថិតក្នុងភាពមិនច្បាស់លាស់។
ជុំវិញបញ្ហាមាសឡើងថ្លៃនេះលោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ នៃក្រុមហ៊ុន ភីភី លីង ស៊ីឃ្យួរឹធីបានគូសបញ្ជាក់ថា ហាងឆេងមាសនៅលើទីផ្សារអន្តរជាតិបច្ចុប្បន្នលក់ចេញក្នុងតម្លៃ១ពាន់៨៩៧ដុល្លារក្នុង១អោន ដោយក្នុង១អោនស្មើនឹងជាង៨ជីមាស។ អ្នកជំនាញរូបនេះវាយតម្លៃថា កត្តាដែលជំរុញឲ្យតម្លៃមាសលើទីផ្សារអន្តរជាតិមានការកើនឡើង គឺដោយសារការបន្ធូរបន្ថយការដំឡើងអត្រាការប្រាក់របស់សហរដ្ឋអាមេរិក និងប្រទេសមួយចំនួនទៀត។ បញ្ហាសេដ្ឋកិច្ចសកលប្រឈមនឹងការធ្លាក់ចុះនៅឆ្នាំនេះ ក៏ជាមូលហេតុជំរុញឲ្យតម្លៃមានការកើនឡើងផងដែរ។
ជំនាញរូបនេះជឿជាក់ថា ហាងឆេងតម្លៃមាសនៅកម្ពុជានឹងបន្តកើនឡើងបន្ថែមទៀតនាពេលខាងមុខ ដោយលោកវាយតម្លៃថា អាចនឹងហក់ដល់ជាង២ពាន់៣រយដុល្លារក្នុង១តម្លឹងនៅត្រឹមចុងខែមករា ឬដើមខែកុម្ភៈ ខាងមុខនេះ។ ការជឿជាក់បែបនេះ ក៏ដោយសាររដូវកាលនេះវាជារដូវកាលចូលឆ្នាំថ្មីប្រពៃណីចិន ដែលធ្វើឲ្យតម្រូវការមាសមានការកើនឡើង ព្រោះជនជាតិចិន ឬអ្នកជាប់សែស្រឡាយចិនតែងនាំគ្នាទិញមាសធ្វើការកាដូ ឬអាំងប៉ាវជូនគ្នានៅក្នុងឱកាសនេះ។
គួរបញ្ជាក់ថា ក្រុមអ្នកវិភាគនៅធនាគារសហរដ្ឋអាមេរិកបានវាយតម្លៃថា តម្លៃមាសសកលនៅឆ្នាំនេះនឹងកើនឡើងដល់កំណត់ត្រាខ្ពស់បំផុត ពោលគឺអាចនឹងកើនលើស២ពាន់ដុល្លារក្នុង១អោន ឬជិត៨ជីមាស។ ការវាយតម្លៃបែបនេះដោយសារគេរំពឹងថា សហរដ្ឋអាមេរិកនឹងបន្ថយល្បឿនដំឡើងអត្រាការប្រាក់គោល ឬអាចបញ្ឈប់ការដំឡើងតែម្តងនៅពេលណាមួយក្នុងឆ្នាំនេះ ស្របពេលដែលសម្ពាធអតិផរណាបានបង្ហាញពីនិន្នាការធ្លាក់ចុះ។ គួររំលឹកបន្តិចថា ការដំឡើងអត្រាការប្រាក់គោលរបស់សហរដ្ឋអាមេរិកបានធ្វើឲ្យតម្លៃមាសកាលពីឆ្នាំមុនធ្លាក់ចុះគួរឲ្យកត់សម្គាល់មកនៅត្រឹម១ពាន់៦រយដុល្លារក្នុង១អោន ឬស្មើនឹងជិត៨ជីមាស៕