(ភ្នំពេញ)៖ អ្នកជំនាញអចលនវត្ថុមើលឃើញថា សកម្មភាពអភិវឌ្ឍន៍អចលនទ្រព្យ និងសំណង់ និងមានសកម្មភាពមមាញឹកជាងឡើងវិញ មានតម្រូវការច្រើនជាងមុន និងមានអ្នករកស៊ីលើផ្នែកនេះកាន់តែច្រើនផងដែរ ខណៈសេដ្ឋកិច្ចក្នុងស្រុកកំពុងងើបល្អប្រសើរ។
លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានថ្លែងថា ការបើកប្រទេសចិនឡើងវិញនេះ វាជាសញ្ញាណល្អសម្រាប់កម្ពុជា សម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យឲ្យតែល្អប្រសើរថែមទៀត ក្នុងនោះវិស័យអចលនទ្រព្យ និងសំណង់ និងអាចមានសកម្មភាពមមាញឹកឡើងវិញ និងមានតម្រូវការទិញ-លក់ច្រើនជាងមុន ហើយក៏មានអ្នករកស៊ីទទួលទានលើផ្នែកនេះមានសកម្មភាពផុលផុសជាងមុនផងដែរ។
យោងតាមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទិន្នន័យសំណង់ទូទាំងប្រទេសមានចំនួន ៨២៦ គម្រោង មានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណជាង ២,៦ ពាន់លានដុល្លារ នៅឆ្នាំ២០២២ ថយចុះជិត ៥០ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ។
ការអនុវត្តក្រោមសមត្ថកិច្ចក្រសួង មានចំនួន ២០២ គម្រោង មានទុនវិនិយោគជាង ២ ពាន់លានដុល្លារ ។ ចំណែកស្ថិតសមត្ថកិច្ចរដ្ឋបាលរាជធានី ខេត្ត មានចំនួន ៦២៥ គម្រោង មានទុនវិនិយោគជាង ៥៤៧ លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ។
នៅក្នុងឆ្នាំ ២០២៣ នេះ រាជរដ្ឋាភិបាល រំពឹងថា វិស័យសំណង់នឹងបន្តកំណើនទាបជាងនិន្នាការធម្មតាដោយសារការរំពឹងទុកការងើបឡើងវិញយឺត នៃរំហូរទុនវិនិយោគពីបរទេស ជាពិសេសសម្រាប់សំណង់ថ្លៃខ្ពស់ ក៏ដូចជាសំណង់បម្រើឱ្យវិស័យទេសចរណ៍ និងពាណិជ្ជកម្ម ស្របពេលដែលសកម្មភាពសំណង់លំនៅឋាន ក៏ត្រូវបានរំពឹងថា នៅបន្តក្សាកំណើន ប៉ុន្តែស្ថិតក្នុងកម្រិតទាបផងដែរ៕