Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ទោះបីពិភពលោកប្រឈមនឹងវិបត្តិ តែប្រព័ន្ធធនាគារនៅកម្ពុជានៅតែរក្សាភាពរឹងមាំទាំងការផ្តល់កម្ចី និងទទួលប្រាក់បញ្ញើ

Admin Alynana | Jan 20, 2023
ទោះបីពិភពលោកប្រឈមនឹងវិបត្តិ តែប្រព័ន្ធធនាគារនៅកម្ពុជានៅតែរក្សាភាពរឹងមាំទាំងការផ្តល់កម្ចី និងទទួលប្រាក់បញ្ញើ
Clinic narith

ភ្នំពេញ៖ ទោះបីពិភពលោកប្រឈមនឹងវិបត្តិកូវីដ-១៩ ដែលអូសបន្លាយអស់រយៈពេលជិត ៣ឆ្នាំកន្លងមកនេះ និងកំណើនសេដ្ឋកិច្ចយឺតជាងការរំពឹងទុក ដែលបណ្តាលមកពីការហក់ឡើងនៃសម្ពាធអតិរណាជាសកល ក៏ប្រព័ន្ធធនាគារនៅកម្ពុជានៅតែបន្តរក្សាភាពរឹងមាំដើម្បីគាំទ្រសកម្មភាពសេដ្ឋកិច្ច ដែលឆ្លុះបញ្ចាំងតារយៈការផ្តល់កម្ចី និងការទទួលប្រាក់បញ្ញើ។

យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា កំណើនឥណទានរបស់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ បានបន្តកើនឡើង ២១,៧៣ភាគរយ នៅឆ្នាំ ២០២២ បើធៀបនឹងឆ្នាំ ២០២១ ដែលមានទំហំទឹកប្រាក់ ៥៦ពាន់លានដុល្លារ ដែលត្រូវបានបែងចែកទៅគ្រប់វិស័យ។

ចំណែកជំនឿទុកចិត្តមកលើប្រព័ន្ធធនាគារបន្តមានភាពរឹងមាំ ជាមួយកំណើនប្រាក់បញ្ញើអតិថិជនដែលមានអត្រា ១៥,៣៨ភាគរយ ស្មើនឹង ៤៥ពាន់លានដុល្លារ។

ឥណទានត្រូវបានផ្តល់ទៅកាន់វិស័យសំខាន់ៗ ដែលមានកំណើនខ្ពស់ជាងគេ ដូចជា វិស័យជួញដូររាយ និងជួញដូរដុំ, កម្ចីទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន, កសិកម្ម, សំណង់, ការជួញដូរអចលនទ្រព្យ, ពាណិជ្ជកម្ម និងជំនួញ, កម្មមន្តសាល និងកម្ចីជាបុគ្គល។

លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ថ្លែងក្នុងឱកាសបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២២ និងទិសដៅការងារឆ្នាំ២០២៣ របស់ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃម្សិលមិញនេះថា ប្រព័ន្ធធនាគារកម្ពុជារក្សាបានស្ថិរភាពរឹងមាំ និងបានដើរតួនាទីយ៉ាងសកម្មក្នុងការគាំទ្រការងើបឡើងនៃសេដ្ឋកិច្ច និងការរក្សាស្ថិរភាពហិរញ្ញវត្ថុ។

លោកបានបញ្ជាក់ថា៖ «ខ្ញុំក៏សូមវាយតម្លៃខ្ពស់ចំពោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលបានរួមចំណែកក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយផលប៉ះពាល់ពីវិបត្តិកូវីដ-១៩ នាពេលកន្លងមក និងមិនដំឡើងអត្រាការប្រាក់ខ្ពស់ទៅតាមល្បឿនកំណើនអត្រាការប្រាក់នៅលើទីផ្សារអន្តរជាតិ»។

លោកបានលើកឡើងថា ការកើនឡើងអត្រាការប្រាក់លើទីផ្សារអន្តរជាតិ ដែលជាប្រភពទុនមួយផ្នែកនៃប្រព័ន្ធធនាគារកម្ពុជា ក៏បានបណ្តាលឱ្យអត្រាការប្រាក់នៅកម្ពុជាកើនឡើងបន្តិចបន្តួចផងដែរ។ កន្លងមក កម្រិតខ្ពស់នៃសន្ទនីយភាពបានជួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុគ្រប់គ្រងសម្ពាធនៃការកើនឡើងអត្រាការប្រាក់ ក៏ប៉ុន្តែប្រសិនបើអត្រាការប្រាក់លើទីផ្សារអន្តរជាតិកើនឡើងបន្ថែមទៀត នោះក៏អាចនាំឱ្យអត្រាការប្រាក់នៅកម្ពុជាកើនឡើងដែរ។

ទោះយ៉ាងណា លោកបានក្រើនរំលឹកថា៖ «ក្នុងស្ថានភាពដែលសេដ្ឋកិច្ចប្រឈមនឹងភាពមិនច្បាស់លាស់ កំណើនឥណទានខ្ពស់នៅតែជាហានិភ័យចម្បងមួយចំពោះប្រព័ន្ធធនាគារ ជាពិសេសក្នុងពេលដែលកម្រិតបំណុលរបស់ក្រុមហ៊ុន-សហគ្រាស និងអង្គភាពគ្រួសារ បានកើនឡើង ដោយសារវិបត្តិកូវីដ-១៩»។

ក្នុងបរិបទបែបនេះ លោកទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអះអាងថា ការបញ្ចប់ការរៀបចំឥណទានឡើងវិញ ក៏បាននាំឱ្យឥណទានមិនដំណើរការមាននិន្នាការកើនឡើងផងដែរ ប៉ុន្តែបន្តស្ថិតក្នុងកម្រិតទាប បើធៀបនឹងប្រទេសមួយចំនួនក្នុងតំបន់។ ហេតុដូច្នេះ ការត្រួតពិនិត្យប្រព័ន្ធធនាគារត្រូវបានបន្តពង្រឹងជាប្រចាំ ផ្អែកលើហានិភ័យ និងទស្សនៈអនាគត ស្របតាមស្តង់ដារអន្តរជាតិ ទន្ទឹមនឹងការធ្វើស្ត្រេសតេស្តលើភាពរឹងមាំនៃគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។

យោងតាមធនាគារជាតិនៃកម្ពុជា បានព្យាករថា សេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ ២០២២ មានកំណើនក្នុងអត្រា ៥,១%។ ចំណែកសេដ្ឋកិច្ចពិភពលោក ត្រូវបាន IMF ប៉ាន់ប្រមាណថា នឹងមានកំណើនក្នុងអត្រា ៣,២% នៅឆ្នាំ ២០២២ និង ២,៧% នៅឆ្នាំ ២០២២ ដែលកំណើននេះ គឺទាបជាងការរំពឹងទុក ដែលបណ្តាលមកពីការហក់ឡើងនៃសម្ពាធអតិផរណាខ្ពស់ជាសកល៕