Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

សម្តេច ហ៊ុន សែន៖ កម្ពុជាប្រឆាំងដាច់ខាតការរើសអើងសាសនា មិនត្រូវឲ្យមានជម្លោះសាសនាកើតឡើងទេ

Admin Alynana | Jan 27, 2023
សម្តេច ហ៊ុន សែន៖ កម្ពុជាប្រឆាំងដាច់ខាតការរើសអើងសាសនា មិនត្រូវឲ្យមានជម្លោះសាសនាកើតឡើងទេ
Clinic narith

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា យើងប្រឆាំងដាច់ខាតការរើសអើងសាសនា និងមិនត្រូវឲ្យមានជម្លោះសាសនាកើតឡើងនោះទេ។ រាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់ក្នុងការផ្តល់សេរីភាពខាងជំនឿសាសនាយ៉ាងទូលំទូលាយដល់ប្រជាជនទូទៅ ដោយឈរលើមូលដ្ឋាននៃការពង្រឹងសុខដុមនីយកម្មគ្រប់ក្រុមនិកាយសាសនា។ 

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូចនេះ ក្នុងពេលអញ្ជើញជាអធិបតីខួប ១០០ឆ្នាំ នៃសម្ព័ន្ធគ្រិស្តបរិស័ទកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ នៅបរិវេណមជ្ឈមណ្ឌលកោះពេជ្រ។ ក្នុងឱកាសនេះ សម្តេចបានលើកឡើងយ៉ាងដូច្នេះថា៖ «រាជរដ្ឋាភិបាលប្រឆាំងរាល់ទង្វើការបែងចែកក្នុងចំណោមប្រជាជនដែលបណ្ដាលមកពីភាពខុសគ្នា នៃជំនឿសាសនាសំដៅទប់ស្កាត់ការយកសាសនាធ្វើអាជីវកម្ម ដែលអាចបង្កវិបត្តិសាសនា។ កម្ពុជាពិតជាមានមោទនភាពយ៉ាងខ្លាំងចំពោះប្រជាពលរដ្ឋរបស់ខ្លួនដោយប្រកាន់ខ្ជាប់សាសនាផ្សេងៗពីគ្នា ប៉ុន្តែមានសាមគ្គីភាពគ្នាល្អ មិនត្រឹមតែជាមោទនភាពសម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែជាមោទនភាពសម្រាប់ប្រទេសក្នុងតំបន់ និងពិភពលោក ដែលបណ្ដាប្រទេសជាច្រើនកោតសរសើរចំពោះសុខដុមនីយកម្មសាសនានៅកម្ពុជា»។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងដែរថា តាមរយៈគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល និងមានកិច្ចសហប្រតិបត្តិការល្អជាមួយស្ថាប័នអង្គភាពនានាពាក់ព័ន្ធ ធ្វើឲ្យមានប្រសិទ្ធភាពខ្ពស់ បង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋគោរពសាសនា។ សម្តេចបានលើកឡើងដូច្នេះថា៖ «ខ្ញុំធ្លាប់បាននិយាយច្រើនលើកហើយថា ការខុសគ្នាជាតិ និងសាសនាមិនមែនជាឧបសគ្គ នៃការអភិវឌ្ឍប្រទេសជាតិនោះទេ»។

ក្នុងឱកាសនោះដែរ សម្តេចបានថ្លែងអរគុណចំពោះគ្រិស្តបរិស័ទទាំងអស់ដែលបានចូលរួមការពារសន្តិភាព ហើយបានចូលរួមក្នុងការប្រយុទ្ធទប់ស្កាត់ជាមួយនឹងជំងឺកូវីដ-១៩ ក្នុងរយៈពេលកន្លងទៅ៕