Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

កម្ពុជាបារម្ភពីហានិភ័យកំណើនប្រាក់កម្ចីកំពុងប៉ោងឡើងក្នុងវិស័យឯកជន ស្របពេលអត្រាការប្រាក់ក៏កំពុងមានការកើនខ្ពស់

Admin Alynana | Jan 27, 2023
កម្ពុជាបារម្ភពីហានិភ័យកំណើនប្រាក់កម្ចីកំពុងប៉ោងឡើងក្នុងវិស័យឯកជន ស្របពេលអត្រាការប្រាក់ក៏កំពុងមានការកើនខ្ពស់
Clinic narith

(ភ្នំពេញ)៖ កំណើនឥណទានក្នុងវិស័យឯកជននៅមួយរយៈចុងក្រោយនេះ បាន និងកំពុងបង្កជាក្តីបារម្ភដល់រាជរដ្ឋាភិបាលកម្ពុជា ដែលទាមទារឲ្យមានការដោះស្រាយពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ មានការព្រួយបារម្ភក៏ដោយសារតែការកើនឡើងនេះវាស្របពេលជាមួយអត្រាការប្រាក់គោលនៅធនាគារកណ្ដាលលើពិភពលោក ក៏ដូចជាអត្រាការប្រាក់នៅតាមគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុឯកជនមួយចំនួននៅកម្ពុជាកំពុងមានការកើនឡើងដែរ។

មន្ត្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អះអាងថា គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២២ ឥណទានក្នុងវិស័យឯកជននៅកម្ពុជាមានទំហំជិត ៥៦ពាន់លានដុល្លារកើនឡើងជាង២០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះឥណទានជាង ៧០% ត្រូវបានខ្ចីដោយក្រុមហ៊ុន និង ជាង២០% ជាឥណទានផ្ដល់ឲ្យគ្រួសារពលរដ្ឋ។ អ្វីដែលរាជរដ្ឋាភិបាលកំពុងបារម្ភទៀតនោះ គឺការអាចកង្វះឥណទានក្នុងវិស័យសំណង់ និងអចលនទ្រព្យតែម្ដង ដែលវិស័យនេះជាជន្ទល់សេដ្ឋកិច្ចជាតិដ៏សំខាន់។ យ៉ាងណាកម្ពុជាប្តេជ្ញានឹងមិនឲ្យវិស័យស័យសំណង់ និងអចលនទ្រព្យធ្លាក់ចូលទៅក្នុងវិបត្តិនោះទេ។

បើយើងក្រឡេកទៅមើលរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហាញឲ្យឃើញថា គិតត្រឹមដំណាច់ខែវិច្ឆិកា ឆ្នាំ២០២២ ឥណទានក្នុងវិស័យឯកជនមានទំហំជិត ៥៦ពាន់លានដុល្លារ កើនឡើងជាង២០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងចំណោមឥណទានទាំងនេះ ឥណទានចំនួន ៨៣%ត្រូវបានផ្តល់ដោយគ្រឹះស្ថានធនាគារ និង ១៣% ត្រូវបានផ្តល់ដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហើយកម្ចីទាំងអស់នោះភាគច្រើនលើសលប់រហូត៨៥% ត្រូវបានខ្ចីដោយក្រុមហ៊ុនឯកជន និង២៥%ត្រូវបានខ្ចីដោយគ្រួសារ។

ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី និង រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចាត់ទុកកម្រិតបំណុលឯកជនបច្ចុប្បន្ននេះ ជាចំនួនមួយខ្ពស់គួរឲ្យបារម្ភ ដែលទាមទារឲ្យភាគីពាក់ព័ន្ធបង្កើនការយកចិត្តទុកដាក់និងដោះស្រាយលើបញ្ហានេះ។ ការបង្ហាញក្តីព្រួយបារម្ភបែបនេះ ក៏ដោយសារតែការកើនឡើងទំហំឥណទានក្នុងវិស័យឯកជននេះ វាស្របពេលដែលអត្រាការប្រាក់នៅកម្ពុជាបច្ចុប្បន្នកំពុងមានការកើនឡើងនៅតាមគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមួយចំនួន ក្រោយធនាគារកណ្តាលនៅប្រទេសធំៗ ជាពិសេសសហរដ្ឋអាមេរិកបាននាំគ្នាដំឡើងអត្រាការប្រាក់៦ ៧ដងទៅហើយ ដើម្បីទប់ទល់ការកើនឡើងអត្រាអតិផរណា។

កំណើនឥណទានឯកជន និងការកើនឡើងអត្រាការប្រាក់ជាសកលនាពេលបច្ចុប្បន្ននេះ កំពុងធ្វើឲ្យ ឯកឧត្តម វង្សី វិស្សុត បារម្ភថា វិស័យអចលនទ្រព្យ និងសំណង់ដែលជាជន្ទល់ជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាដ៏សំខាន់មួយនោះ ក៏អាចជួបហានិភ័យកង្វះឥណទានក្នុងការបន្តដំណើរការអភិវឌ្ឍរបស់ខ្លួនដែរ។ បច្ចុប្បន្នក្នុងចំណោមក្រុមហ៊ុនសាងសង់ និងអភិវឌ្ឍន៍អចលនទ្រព្យទាំងអស់នៅកម្ពុជាមានតែប្រមាណ២០%ប៉ុណ្ណោះ ដែលបានប្រើប្រាស់ធនធានរបស់ខ្លួនក្នុងការអភិវឌ្ឍន៍ ក្រៅពីនេះសុទ្ធតែប្រើប្រាស់ឥណទានពីធនាគារ និងការកៀរគរទុនពីអតិថិជន។ ទោះយ៉ាងណាថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ចរូបនេះអះអាងថា កម្ពុជាមិនអាចឲ្យវិស័យសំណង់ដួលនោះឡើយ ពោលគឺកម្ពុជានឹងខិតខំរិះរកវិធីសាស្ត្រដើម្បីជួយគាំទ្រ ដ្បិត វិស័យនេះបានរួមចំណែក១០% ក្នុង GDP របស់កម្ពុជា។

បើយើងក្រឡេកទៅមើលរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជាថ្មីៗនេះ ក៏បានព្រមានដែរថា អត្រាការប្រាក់នៅកម្ពុជានឹងបន្តកើនឡើងប្រសិនបើបញ្ហាសង្គ្រាមនៅអ៊ុយក្រែន និងការរឹតបន្តឹងទីផ្សារហិរញ្ញវត្ថុអន្តរជាតិបន្តអូសបន្លាយ ហើយសហរដ្ឋអាមេរិកនៅតែបន្តតម្លើងអត្រាការប្រាក់គោលរបស់ខ្លួន។ នៅពេលអត្រាការប្រាក់នៅតែបន្តកើនឡើង ចង់ ឬមិនចង់វានឹងធ្វើឲ្យប៉ះពាល់ដល់ការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិនិយាយជារួម និងប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋនិយាយដោយឡែក។

ទោះយ៉ាងណា ឯកឧត្តម វង្សី វិស្សុត សង្ឃឹមថា សហរដ្ឋអាមេរិកនឹងកាត់បន្ថយល្បឿន និងកម្រិតអត្រាការប្រាក់ឲ្យស្ថិតក្នុងកម្រិតយឺត និងទាបជាងមុន ក្រោយកម្រិតអតិផរណានៅប្រទេសនេះបានបង្ហាញនិន្នាការធ្លាក់ចុះហើយ។ ពាក់ព័ន្ធនឹងការតម្លើងអត្រាការប្រាក់នេះដែរ មន្ត្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ចឯកឧត្តម វង្សី វិស្សុត ជំរុញអាមេរិកបង្កើនការថ្លឹងថ្លែង និងយកចិត្តទុកដាក់ឲ្យមែនទែនក្នុងការតម្លើងអត្រាការប្រាក់របស់ខ្លួន បើពុំនោះទេវាអាចទាញទម្លាក់សេដ្ឋកិច្ចអាមេរិកឲ្យធ្លាក់ក្នុងវិបត្តិអតិផរណា។

ចំពោះស្ថានភាពប្រព័ន្ធធនាគារ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុវិញ ត្រូវបានធនាគារជាតិនៃកម្ពុជា អះអាងថា នៅតែបន្ដមានសុខភាពល្អ ព្រមទាំងបានចូលរួមចំណែកគាំទ្រការងើបឡើងវិញនៃសកម្មភាពសេដ្ឋកិច្ច។ ក្នុងនោះ ឥណទាន ផ្ដល់ទៅកាន់វិស័យចម្បងៗមានកំណើនជាង២០% និងប្រាក់បញ្ញើអតិថិជនកើនឡើងជាង១១%។ ដោយឡែក អនុបាតឥណទានមិនដំណើការ ឬឥណទានខូច សម្រាប់វិស័យធនាគារមានកម្រិត៣,២% និងវិស័យមីក្រូហិរញ្ញវត្ថុ មាន២,៦%។

សូមជម្រាបថា សេដ្ឋកិច្ចកម្ពុជាត្រូវបានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប៉ាន់ស្មាននៅចុងក្រោយនេះថា សម្រេចបានអត្រាកំណើន ៥,៤%នៅឆ្នាំ២០២២ និងព្យាករថា នឹងបន្តកើនឡើងក្នុងរង្វង់ ៥,៦%នៅឆ្នាំ២០២៣៕