Alynana Media Cambodia
Icon Collap
clinic narit

ការប្រើប្រាស់ផ្លូវល្បឿនលឿនដោយរថយន្ដដឹកទំនិញនៅតែមានតិចតួច ខណៈខាងសមាគមដឹកជញ្ជូនស្នើឲ្យមានការសម្រួលតម្លៃបន្ថែម

Admin Alynana | Jan 30, 2023
ការប្រើប្រាស់ផ្លូវល្បឿនលឿនដោយរថយន្ដដឹកទំនិញនៅតែមានតិចតួច ខណៈខាងសមាគមដឹកជញ្ជូនស្នើឲ្យមានការសម្រួលតម្លៃបន្ថែម
Clinic narith

(ភ្នំពេញ)៖ អស់រយៈពេលប្រមាណ ៣ខែហើយ ដែលផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ និងមានការប្រើប្រាស់ជាហូរដោយរថយន្ដប្រភេទទេសចរណ៍ ក៏ដូចជារថយន្ដលក្ខណៈគ្រួសារ។ ប៉ុន្ដែ អ្នកជំនាញក្នុងវិស័យដឹកជញ្ជូនអះអាងថា មកទល់ពេលនេះ សម្រាប់រថយន្តដឹកទំនិញប្រើប្រាស់ផ្លូវល្បឿនលឿននេះគឺនៅតែមានចំនួនតិចតួចដដែល បើទោះបីមានការបញ្ចុះតម្លៃ២០% នៅមួយឆ្នាំដំបូង និងមានការអំពាវនាវពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជាក៏ដោយ។

បើតាមអ្នកជំនាញ មានកត្តាធំៗមួយចំនួន ដែលនៅតែជាឧបសគ្គសម្រាប់រថយន្តដឹកទំនិញធុនធំក្នុងការប្រើប្រាស់ប្រើប្រាស់ផ្លូវល្បឿនលឿន រួមមាន បញ្ហាតម្លៃសេវានៅមានកម្រិតខ្ពស់ និងកត្តាយានយន្តមានសភាពចាស់ជាដើម។

ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជាកត់សម្គាល់ឃើញថា បើទោះបីមានជំរុញពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងមានការបញ្ចុះតម្លៃ២០% នៅមួយឆ្នាំដំបូងក៏ដោយ តែចំនួនរថយន្តដឹកទំនិញប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនៅមានកម្រិតតិចតួចនៅឡើយនាពេលបច្ចុប្បន្ន។ ការខ្សត់រថយន្តដឹកទំនិញប្រើប្រាស់ផ្លូវល្បឿនលឿននេះ ត្រូវបានអ្នកជំនាញរូបនេះអះអាងថា គឺដោយសារថ្លៃសេវាប្រើប្រាស់ និងសន្តោងរថយន្តនៅតែមានតម្លៃខ្ពស់ គួបផ្សំក្រុមហ៊ុនដឹកជញ្ជូនបារម្ភពីសភាពរថយន្តរបស់ខ្លួន ដែលភាគច្រើនជារថយន្តមួយទឹក និងមានសភាពចាស់។ កត្តានេះហើយដែលជំរុញក្រុមហ៊ុនរកស៊ីក្នុងវិស័យដឹកជញ្ជូននៅតែមានការពិចារណាខ្ពស់សម្រាប់ការប្រើប្រាស់ផ្លូវល្បឿនលឿននេះ។ សម្រាប់លោកឧកញ៉ា ស៊ិន ចន្ធី ការខ្សត់រថយន្តដឹកទំនិញបើកបរលើផ្លូវល្បឿនលឿននេះ វាជារូបភាពអវិជ្ជមានមួយសម្រាប់ក្រុមហ៊ុន ដែលវិនិយោគអភិវឌ្ឍន៍ផ្លូវនេះ។

មិនខុសគ្នាពីលោកឧកញ៉ា ស៊ិន ចន្ធី នោះទេ លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជាកត់សម្គាល់ឃើញស្រដៀងគ្នាថា ចំនួនរថយន្តដឹកទំនិញធុនធំ និងកុងតឺន័របើកបរលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុមិនមានការកើនឡើងគួរឲ្យកត់សម្គាល់នោះទេ បើទោះបីមានស្នើសុំពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាលជាង១ខែកន្លងមកនេះក៏ដោយ។ អ្នកជំនាញរូបនេះអះអាងថា តាមការសាកសួររបស់លោកកត្តាដែលធ្វើឲ្យក្រុមហ៊ុនដឹកជញ្ជូនទំនិញនៅតែរារែកក្នុងការប្រើប្រាស់ផ្លូវល្បឿនលឿន គឺដោយសារថ្លៃសេវាមានតម្លៃខ្ពស់ ការបារម្ភពីស្ថានភាពរថយន្តដែលមានសភាពចាស់ និងផ្លូវជាតិលេខ៤លែងមានការកកស្ទះជាដើម។

គួររំលឹកផងដែរថា កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានស្នើឲ្យក្រុមហ៊ុនរកស៊ីក្នុងវិស័យដឹកជញ្ជូនងាកទៅប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញក្រុងព្រះសីហនុ បន្ទាប់ពីសម្តេចសង្កេតឃើញពុំសូវមានរថយន្តដឹកទំនិញបើកបរលើផ្លូវនេះ។ សម្រាប់សម្តេចការប្រើប្រាស់ផ្លូវល្បឿនលឿនរបស់រថយន្តដឹកទំនិញធុនធំ និងកុងតឺន័រមិនត្រឹមចំណេញពេលវេលា និងថវិកានោះទេ ថែមទាំងរួមចំណែកជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវជាតិលេខ៤ផងដែរ។

គួរបញ្ជាក់ថា ផ្លូវល្បឿនលឿនភ្នំពេញក្រុងព្រះសីហនុដែលមានចម្ងាយជាង១៨០គីឡូម៉ែត្រ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២។ ក្រោយផ្លូវនេះចាប់ផ្តើមយកថ្លៃសេវាចាប់ពីខែវិច្ឆិកា យើងសង្កេតឃើញថា ពុំសូវមានរថយន្តដឹកទំនិញប្រើប្រាស់ផ្លូវនេះនោះទេ បើទោះបីមានការបញ្ចុះតម្លៃ២០%នៅមួយឆ្នាំដំបូងក៏ដោយ។ ប៉ុន្ដែ សម្រាប់រថយន្ដលក្ខណៈគ្រួសារគឺនៅមានធ្វើដំណើរលើផ្លូវនេះជាហូរហែ។ សម្រាប់រថយន្តដឹកជញ្ជូនទំនិញធុនធំ ត្រូវបង់តម្លៃសេវាជាង១០០ដុល្លារ ក្រោយការបញ្ចុះតម្លៃរួច សម្រាប់ការធ្វើដំណើរលើផ្លូវនេះទៅ-មក៕