(ភ្នំពេញ)៖ នាមួយរយៈពេលចុងក្រោយនេះ កម្ពុជាហាក់ទទួលបានការចាប់អារម្មណ៍វិនិយោគជាច្រើនពីបរទេស មានទាំងអាមេរិក ឥណ្ឌា ជប៉ុនជាដើម។ ហើយថ្មីៗនេះ ក៏មានភាគីកូរ៉េកំពុងចាប់អារម្មណ៍ចង់ធ្វើការវិនិយោគបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា ខណៈពេលបច្ចុប្បន្នមានក្រុមហ៊ុនកូរ៉េប្រមាណជា ២០០ក្រុមហ៊ុនកំពុងរកស៊ីនៅកម្ពុជា។
ជាក់ស្តែង ក្នុងជំនួបរវាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជាមួយ លោក YU Jeoung Yeol ប្រធាន ទីភ្នាក់ងារជំរុញពាណិជ្ជកម្មនិងវិនិយោគកូរ៉េ (KOTRA) និងសហការី នៅទីស្នាក់ការកណ្តាល KOTRA កាលពីថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៣ កន្លងទៅ ឯកឧត្តម ប៉ាន សូរស័ក្តិ បានសំណូមពរឱ្យភាគីកូរ៉េ ជួយវិនិយោគលើការកែច្នៃ និងវេចខ្ជប់លើកសិផលសំខាន់ៗរបស់កម្ពុជា រួមមាន ដំទ្បូងមី មៀន កៅស៊ូ ចេក ទុរេន ស្វាយ និងផ្លែឈើត្រូពិចដទៃទៀត ដើម្បីជំរុញការនាំចេញកសិផលដ៏សម្បូរបែប និងមានគុណភាពរបស់កម្ពុជាជូនប្រជាជនកូរ៉េ។
ក្នុងឱកាសនោះ លោកប្រធាន YU Jeoung Yeol បានធ្វើឆ្លើយតបទៅកាន់ ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូ ថា KOTRA មានជំនឿយ៉ាងមុតមាំ តាមរយៈកិច្ចព្រមព្រៀង CKFTA នឹងជម្រុញការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរបន្ថែមទៀត ហើយដែលអាចជំរុញឱ្យមានការកើនឡើងនៅកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកទេស ឌីជីថល និងកសិកម្មជាដើម។
លោកប្រធាន បន្តថាបច្ចុប្បន្នក្រុមហ៊ុនកូរ៉េជាង ២០០ ក្រុមហ៊ុន កំពុងវិនិយោគនៅកម្ពុជា ហើយ KOTRA កំពុងកៀរគរអ្នកវិនិយោគបន្ថែមទៀតជាពិសេស លើវិស័យខាងលើ និងវិស័យគ្រឿងបន្លាស់យានយន្ត ឬរថយន្ត និងវត្ថុធ្វើពីឈើ៕