Alynana Media Cambodia
Icon Collap
clinic narit

សេដ្ឋកិច្ចអាមេរិកនៅតែស្ថិតក្នុងភាពទន់ខ្សោយ ទោះបីបានកើនឡើងលើសការរំពឹងទុកនៅត្រីមាសចុងក្រោយនៃឆ្នាំ២០២២ក្ដី

Admin Alynana | Jan 31, 2023
សេដ្ឋកិច្ចអាមេរិកនៅតែស្ថិតក្នុងភាពទន់ខ្សោយ ទោះបីបានកើនឡើងលើសការរំពឹងទុកនៅត្រីមាសចុងក្រោយនៃឆ្នាំ២០២២ក្ដី
Clinic narith

សេដ្ឋកិច្ចអាមេរិកជារួមបានកើនឡើងលឿនជាងការរំពឹងទុកនៅក្នុងត្រីមាសទី៤នៃឆ្នាំ២០២២។ ប៉ុន្តែបើមើលលើតម្រូវការក្នុងស្រុកវិញហាក់កើនឡើងក្នុងល្បឿនយឺតបំផុតក្នុងរយៈពេលប្រមាណពី២ឆ្នាំកន្លះចុងក្រោយ ដែលសន្ទុះនេះបានឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃការដំឡើងអត្រាការប្រាក់កម្ចីខ្ពស់។ នេះបើយោងតាមរបាយការណ៍ផលិតផលក្នុងស្រុកសរុបប្រចាំត្រីមាសទី៤ របស់ក្រសួងពាណិជ្ជកម្មអាមេរិកហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន រ៉យទ័រ។

ខណៈពេលដែលការចំណាយរបស់អតិថិជនរក្សាបាននូវកំណើនដ៏រឹងមាំមួយ ការកើនឡើងនៃការប្រើប្រាស់នៅដើមត្រីមាសទី៤នេះ គឺលឿនជាងការរំពឹងទុក។ ដោយឡែក ការលក់រាយបានធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងខែវិច្ឆិកានិងខែធ្នូឆ្នាំ២០២២។ អ្នកសេដ្ឋកិច្ចភាគច្រើនជឿថា វាអាចជាត្រីមាសចុងក្រោយហើយដែលកំណើនផលិតផលក្នុងស្រុកសរុបមានភាពរឹងមាំបែបនេះ មុនពេលដែលធនាគារកណ្ដាលអាមេរិកដំឡើងអត្រាការប្រាក់គោលម្តងទៀតនៅខែកុម្ភៈខាងមុខ។ ពួកគេរំពឹងថានៅឆមាសទីពីរនៃឆ្នាំ២០២៣នេះ សេដ្ឋកិច្ចអាមេរិកនឹងមានការធ្លាក់ចុះ ទោះបីជាវាមានរយៈពេលខ្លី និងមិនសូវធ្ងន់ធ្ងរ បើប្រៀបធៀបទៅនឹងការធ្លាក់ចុះកាលពីមុនក៏ដោយ។

សេដ្ឋវិទូជាន់ខ្ពស់នៅ BMO Capital Markets ក្នុងទីក្រុង Toronto លោក Sal Guatieri បាននិយាយថា សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកមិនទាន់ធ្លាក់ចុះភ្លាមៗនោះទេ ប៉ុន្តែវាកំពុងតែបាត់បង់ភាពរឹងមាំ និងសឹករីករិលបណ្ដើរៗហើយនៅឆ្នាំនេះ។ លោកយល់ថា ធនាគារកណ្ដាលអាមេរិកគួរតែតម្លើងអត្រាការប្រាក់យ៉ាងច្រើនត្រឹម ២% ទៀតបានហើយ។

សូមជម្រាបផងដែរថា ផលិតផលក្នុងស្រុកសរុបរបស់អាមេរិកបានកើនឡើងក្នុងអត្រាប្រចាំឆ្នាំ ២,៩% កាលពីត្រីមាសមុន។ ចំណែកកំណើនសេដ្ឋកិច្ចបានកើនឡើងក្នុងល្បឿន ៣,២% នៅក្នុងត្រីមាសទីបី។ គួររំឭកផងដែរថា កាលពីឆ្នាំមុនធនាគារកណ្តាលបានបង្កើនអត្រាការប្រាក់គោលរបស់ខ្លួន ពីជិតសូន្យទៅចន្លោះពី ៤,២៥% ទៅ ៤,៥០% ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីចុងឆ្នាំ២០០៧មក ។

ចំពោះការចំណាយរបស់អ្នកប្រើប្រាស់ បានកើនឡើងក្នុងអត្រា ២,១%ដែលតំណាងឲ្យ ច្រើនជាងពីរភាគបីនៃ សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។ ហើយនៅក្នុងត្រីមាសទី៣ ការចំណាយ របស់អ្នកប្រើប្រាស់ បានកើនឡើងក្នុងល្បឿន ២,៣% ដោយសារតែទីផ្សារការងារមានភាពធន់ ក៏ដូចជាប្រជាពលរដ្ឋមានប្រាក់សន្សំដែលប្រមូលផ្តុំពីក្នុងអំឡុងពេលជំងឺរាតត្បាត COVID-19 ។ បន្ទាប់ពីកម្រិតអតិផរណាកើនឡើង ប្រាក់ចំណូលសុទ្ធបន្ទាប់ពីចំណាយហើយ សម្រាប់គ្រួសារនីមួយៗ បានកើនឡើងក្នុងអត្រា ៣,៣% កើនក្នុងល្បឿន ១% នៅក្នុងត្រីមាសទីបី។ ហើយអត្រាសន្សំបានកើនឡើងពី ២,៧% ដល់ ២,៩%។

ដោយឡែក ស្តុកទំនិញបានកើនឡើងដល់តម្លៃ ១២៩,៩ ពាន់លានដុល្លារ ដែលបានបន្ថែម ១,៤៦% ទៅដល់កំណើនផលិតផលក្នុងស្រុកសរុប ដែលកាលពីត្រីមាសមុនគឺមានចំនួនត្រឹម ៣៨,៧ ពាន់លានដុល្លារ ប៉ុណ្ណោះ។ តួលេខនេះក៏មានការរួមចំណែកពីការចំណាយរបស់រដ្ឋាភិបាល និងឱនភាពពាណិជ្ជកម្មតិចតួចផងដែរ។ សេដ្ឋវិទូជាន់ខ្ពស់ CME Group លោក Erik Norland ជឿថា ការកើនឡើងនៃតម្លៃទំនិញ អាចជាកត្តាមិនល្អសម្រាប់កំណើនសេដ្ឋកិច្ចនៅដើមឆ្នាំ២០២៣ នេះឡើយ ដោយសារម្ចាស់អាជីវកម្មអាចនឹងសម្លឹងមើលការកាត់បន្ថយស្តុកទំនិញដែលលើសចោល៕