Alynana Media Cambodia
Icon Collap
clinic narit

ប្រទេសកូរ៉េខាងត្បូងមានគម្រោងនាំយកពលករចំណាកពីស្រុកបរទេសប្រហែល១១ម៉ឺននាក់ទៀតនៅឆ្នាំ២០២៣នេះ

Admin Alynana | Jan 31, 2023
ប្រទេសកូរ៉េខាងត្បូងមានគម្រោងនាំយកពលករចំណាកពីស្រុកបរទេសប្រហែល១១ម៉ឺននាក់ទៀតនៅឆ្នាំ២០២៣នេះ
Clinic narith

ប្រទេសកូរ៉េខាងត្បូងមានគម្រោងនាំយកពលករចំណាកពីស្រុកបរទេសប្រហែល១១ម៉ឺននាក់ទៀតនៅឆ្នាំ២០២៣នេះ ដើម្បីទៅបម្រើការងារនៅតាមកសិដ្ឋាន និងរោងចក្ររបស់ខ្លួន។ ទោះយ៉ាងណា នេះជាចំនួនប៉ាន់ស្មានប៉ុណ្ណោះ ខណៈម្ចាស់អាជីវកម្ម និយោជកនៅតាមរោងចក្រមួយចំនួនជឿថាពួកគេនឹងត្រូវការពលករច្រើនជាងនេះទៀត ដើម្បីរក្សាប្រតិបត្តិការអាជីវកម្មឱ្យនៅដំណើរការ។ នេះបើតាមការស្ទង់មតិនាពេលថ្មីៗនេះរបស់សហព័ន្ធសហគ្រាសកូរ៉េ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន Channel News Asia។

បច្ចុប្បន្ននេះ មានវិស័យមួយចំនួននៅកូរ៉េខាងត្បូងកំពុងប្រឈមមុខនឹងកង្វះកម្លាំងពលកម្មខ្លាំង ដោយសារតែយុវជនរបស់ប្រទេសនេះភាគច្រើន មិនចង់ធ្វើការងារដែលកខ្វក់ នឿយហត់ ប្រើកម្លាំង និងប្រឈមគ្រោះថ្នាក់ឡើយ។

នៅក្នុងការស្ទង់មតិថ្មីមួយដោយសហព័ន្ធសហគ្រាសកូរ៉េ មានប្រហែល៤០%នៃសហគ្រាសធុនតូច និងមធ្យម (SMEs) ដែលត្រូវបានស្ទង់មតិ បាននិយាយថា ពួកគេមិនគិតថា រដ្ឋាភិបាលបានយល់ច្បាស់អំពីទំហំនៃបញ្ហាខ្វះកម្លាំងពលកម្មទាំងនេះទេ។

ក្នុងន័យនេះ បើគ្មានវត្តមានកម្មកករបរទេសទេ ការដ្ឋាន កសិដ្ឋាន និងរោងចក្រមួយចំនួនរបស់កូរ៉េខាងត្បូងនឹងគ្មានបុគ្គលិកធ្វើការឡើយ។ ជាមួយគ្នានេះ នៅពេលដែលកូរ៉េខាងត្បូងកាន់តែពឹងផ្អែកខ្លាំងឡើងលើតម្រូវការពលករចំណាកស្រុកបរទេស ការផ្ដល់សុខុមាលភាពសង្គមចំពោះកម្លាំងពលកម្ម ក៏ស្ថិតនៅក្រោមការត្រួតពិនិត្យយ៉ាងដិតដល់។

គួរបញ្ជាក់ថា ពលករចំណាកស្រុកទៅកូរ៉េខាងត្បូងសរុបដែលមានការងារធ្វើក្នុងឆ្នាំ២០២២ មានជាង ៨៤ម៉ឺននាក់ធ្លាក់ចុះ១,៤%ធៀបនឹងឆ្នាំ២០២១។ ពលករធ្វើការនៅកូរ៉េខាងត្បូងភាគច្រើនមានដើមកំណើតពីប្រទេសរួមតំបន់ ពោលគឺតំបន់អាស៊ី ដូចជា ប្រទេសចិន កម្ពុជា ថៃ វៀតណាម ឥណ្ឌូនេស៊ី និងនេប៉ាល់។ ជាក់ស្តែង កម្ពុជាជាប្រភពពលករចំណាកស្រុកធំលំដាប់ទីពីររបស់កូរ៉េខាងត្បូងបន្ទាប់ពីចិន។

ជុំវិញកង្វះខាតកម្លាំងពលកម្មនេះ ដែររដ្ឋាភិបាលក្រុងសេអ៊ូលទើបនឹងបង្ហើបពីច្បាប់ថ្មី ដែលគ្រោងបើកផ្លូវឱ្យបុគ្គលិកកូរ៉េធ្វើការដល់៦៩ម៉ោងក្នុងមួយសប្តាហ៍ ដើម្បីបង្កើនប្រសិទ្ធភាពការងារ ដែលជាថ្នូរមកវិញ ពួកគេអាចសម្រាកបានរយៈពេលវែងនៅពេលក្រោយ ឬពេលដែលបំពេញតាមកូតាការងាររួចរាល់៕