សហរដ្ឋអាមេរិក បានបញ្ជូនរថពាសដែកBradley Fighting Vehicle (BFV) ចំនួន៦០គ្រឿងទៅប្រទេសអ៊ុយក្រែន។ ការផ្តល់ជូននេះជាចំណែកមួយនៃកញ្ចប់ សព្វាវុធថ្មីជួយប្រទេសអ៊ុយក្រែនប្រយុទ្ធនឹងទ័ពឈ្លានពានរបស់ប្រទេសរុស្ស៊ី។
សហរដ្ឋអាមេរិក កំពុងបង្កើនការបញ្ជូនសព្វាវុធទំនើបទៅកាន់ប្រទេសអ៊ុយក្រែន ខណៈសង្គ្រាមបន្តវិវត្តន៍ទៅមុខ ហើយតម្រូវការរបស់ប្រទេសអ៊ុយក្រែន បានផ្លាស់ប្តូរ។ អាវុធទំនើបជាច្រើនរួមមានប្រព័ន្ធរ៉ុកកែត HIMARS និងប្រព័ន្ធមីស៊ីលNASAM ត្រូវបានបញ្ជូនទៅទីក្រុងកៀវ។
ថ្មីៗបំផុតនេះ សហរដ្ឋអាមេរិកបានសន្យាបញ្ជូនប្រព័ន្ធមីស៊ីលPatriot ទៅឱ្យអ៊ុយក្រែនដើម្បីប្រយុទ្ធតទល់នឹងការវាយប្រហារដោយមីស៊ីល និងដ្រូនពីសំណាក់ ប្រទេសរុស្ស៊ី។
រថពាសដែកBradley ជារថពាសដែកបំពាក់កាំភ្លើងទំនើប ត្រូវបានប្រើប្រាស់ដោយយោធាអាមេរិកដឹកទ័ពនៅសមរភូមិចាប់តាំងពីពាក់កណ្តាលទសវត្សរ៍ ឆ្នាំ១៩៨០។
ប្រទេសរុស្ស៊ី បានចាប់ផ្តើមឈ្លានពានប្រទេសអ៊ុយក្រែននៅអំឡុងចុងខែកុម្ភៈឆ្នាំមុនក្រោមឈ្មោះថាប្រតិបត្តិការយោធាពិសេស។ ពិភពលោក បានថ្កោលប្រទេស រុស្ស៊ី ឈ្លានពានអ៊ុយក្រែននិងបានដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី។
សង្គ្រាមអ៊ុយក្រែន បានធ្វើឱ្យមនុស្សស្លាប់និងរងរបួសជាច្រើន។ ហេដ្ឋារចនាសម្ព័ន្ធត្រូវបានបំផ្លិចបំផ្លាញ ហើយពលរដ្ឋរាប់លាននាក់ក្លាយជាជនភៀសខ្លួន៕