ភ្នំពេញ៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានជម្រុញលើកទឹកចិត្តឱ្យក្រសួងពាណិជ្ជកម្មមានភាពចាំបាច់ ក្នុងការបន្តដាក់ចេញការផ្សព្វផ្សាយ និង អនុវត្តលិខិតបទដ្ឋានគតិយុត្តគ្រប់គ្រងពាណិជ្ជកម្មក្នុងប្រទេស, ពាណិជ្ជកម្មអន្តរជាតិ, ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងកិច្ចការពារអ្នកប្រើប្រាស់ជាដើម ដើម្បីចូលរួមលើកតម្កើងជីវភាពរស់នៅរបស់ប្រជាជន ស្របតាមគោលការណ៍សេដ្ឋកិច្ចទីផ្សារ ។
ជាមួយគ្នានេះក្រសួងពាណិជ្ជកម្ម ក៏ត្រូវចូលរួមអនុវត្តក្នុងឆន្ទៈមុតស្រួច និងភាពជាម្ចាស់ នូវក្របខណ្ឌយុទ្ធសាស្ត្រ និងគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ហើយក៏ត្រូវសម្របសម្រួលជាមួយបណ្ដា ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំគោលនយោបាយពាណិជ្ជកម្មជាមួយបណ្តាប្រទេសដែលកម្ពុជាមានឱនភាពជញ្ជីងពាណិជ្ជកម្មធំផងដែរ ។
លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចមានប្រសាសន៏បែបនេះ ក្នុងឱកាសបិទសន្និបាតបូកសរុបការងារក្រសួងពាណិជ្ជកម្មប្រចាំឆ្នាំ២០២២ នឹងលើកទិសដៅឆ្នាំ២០២៣ ដោយមានវត្តមាន អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា,រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម រួមទាំងមន្ត្រីរាជការជាច្រើនរូបចូលរួមផងដែរ ។
បន្ថែមពីលើនេះ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី បានណែនាំឱ្យក្រសួងពាណិជ្ជកម្មត្រូវដឹកនាំ និង បន្តកិច្ចសហប្រតិបត្តិការឱ្យបានជិតស្និទ្ធបំផុត ជាមួយបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការទាញយកប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទាំងឡាយដែលកម្ពុជាកំពុងមាន ជាពិសេសកិច្ចព្រមព្រៀង RCEP និង កិច្ចព្រមព្រៀងពាណិជ្ជ- កម្មសេរី កម្ពុជា-ចិន និង កម្ពុជា-កូរ៉េ ឱ្យបានជាអតិបរមា ។
ជារួម ក្រសួងពាណិជ្ជកម្មក៏ត្រូវបន្តផ្សព្វផ្សាយទៅកាន់សាធារណជន អំពីផលប្រយោជន៍នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនេះផងដែរ ជាពិសេស ការផ្សព្វផ្សាយទៅកាន់វិស័យឯកជន ក៏ដូចជាសហគ្រាសធុនតូច និងមធ្យមដើម្បីវិស័យឯកជនត្រៀមខ្លួនរួចរាល់ និង ចូលរួមបានពេញលេញជាមួយរាជរដ្ឋាភិបាលក្នុងការកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនេះ ឱ្យបានជាអតិបរមា ។
ទន្ទឹមនឹងនោះ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យក្រសួងពាណិជ្ជកម្មបន្តពង្រឹងការកែទម្រង់ផ្ទៃក្នុងដោយត្រូវប្រកាន់ខ្ជាប់នូវ អភិក្រមទាំងប្រាំ របស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី ដើម្បីពង្រឹងក្រមសីលធម៌ ភាពស្អាតស្អំ និងអភិបាលកិច្ចល្អ ក្នុងការបំពេញការងារ និងតួនាទីប្រកបដោយវិជ្ជាជីវៈ៕