Alynana Media Cambodia
Icon Collap
clinic narit

ការនាំចេញទំនិញរបស់កម្ពុជា នៅតែរក្សាបានកំណើននៃការនាំចេញ ៩.១% បន្ថែមទៀត

Admin Alynana | Feb 01, 2023
ការនាំចេញទំនិញរបស់កម្ពុជា នៅតែរក្សាបានកំណើននៃការនាំចេញ ៩.១% បន្ថែមទៀត
Clinic narith

(ភ្នំពេញ)៖ ការនាំចេញទំនិញពីកម្ពុជា នៅតែរក្សាបាននូវកំណើនគួរឱ្យកត់សំគាល់ក្នុងឆ្នាំ២០២២នេះ ធៀបនឹងឆ្នាំ២០២១ ពោលគឺមានការកើនឡើងប្រមាណ ៩.១% ដោយសារកម្ពុជាបានបើកប្រទេសឡើងវិញលើគ្រប់សកម្មភាពសេដ្ឋកិច្ច និងសង្គមចាប់ពីដើមខែវិច្ឆិកា ឆ្នាំ២០២១ បន្ទាប់ពីបានចាក់វ៉ាក់សាំង Covid-19 ជូនប្រជាជនក្នុងអត្រាមួយខ្ពស់ជាងគេនៅក្នុងតំបន់ ហើយបានដកចេញនូវការរឹតត្បិត ឬហាមឃាត់នានាដែលជាឧបសគ្គដល់ការធ្វើពាណិជ្ជកម្ម ផងដែរ។​​​នេះបើយោងតាម របាយការណ៍ពីរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។

តាមរយៈទិសដៅការងារពាណិជ្ជកម្ម ដែលបានដាក់ចេញកាលពីដើមឆ្នាំ២០២២ ក្រសួងពាណិជ្ជកម្ម បានប្តេជ្ញា​ចិត្តខ្ពស់ ក្នុងការជំរុញកំណើនវិស័យពាណិជ្ជកម្ម ដោយបានកែប្រែបញ្ហាប្រឈមទៅជាឱកាស តាមរយៈការធ្វើកំណែទម្រង់ស៊ីជម្រៅ​​​​លើគ្រប់ផ្នែក ការកាត់បន្ថយចំណាយ និងការពង្រឹងភាពប្រកួតប្រជែងនៃទំនិញនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ និងដោយបង្កលក្ខណៈងាយស្រួល និងបង្កើតបរិយាកាសអំណោយផលដល់ការធ្វើធុរកិច្ច និងការវិនិយោគនៅក្នុង​​​ប្រទេស​​​កម្ពុជា។

លើសពីនេះ ក្រសួងបានចូលរួមជំរុញឱ្យមានកំណើននៃការនាំចេញ តាមរយៈការប្រើប្រាស់ទីផ្សារអនុគ្រោះដែលមានស្រាប់ និងការធ្វើពិពិធកម្មទីផ្សារបន្ថែមដូចជា ការចរចាបង្កើតតំបន់ពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីជាមួយដៃគូពាណិជ្ជកម្មនានា ដូចដែលបានលើកឡើងពីខាងដើម ធ្វើឱ្យទីផ្សារទំនិញ សេវាកម្ម និងវិនិយោគ កម្ពុជាកាន់តែទូលំទូលាយ។ ជាងនេះទៅទៀត ការការពារកម្មសិទ្ធិបញ្ញា កិច្ចការពារអ្នកប្រើប្រាស់ ការត្រួតពិនិត្យ ព្រមទាំងការបង្ក្រាបការក្លែងបន្លំនូវផលិតផលជាទំនិញ និងសេវាកម្មគ្រប់ប្រភេទ ក៏ត្រូវបានអនុវត្តដោយយកចិត្តទុកដាក់និងប្រកបដោយស្មារតីទទួលខុសត្រូវបំផុត៕