ខណៈរដ្ឋាភិបាលគ្រោងបង្កើតកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស ដល់និស្សិតក្រីក្រជាង១,៥លាននាក់នាចុងឆ្នាំនេះ សម្តេច ហ៊ុន សែន ស្នើឱ្យមាននិស្សិតយ៉ាងហោចណាស់ពី២ភាគរយ ទៅ៤ភាគរយ សម្រាប់ការសិក្សាវិជ្ជាជីវៈជំនាញដូនតា។
«ជាងចម្លាក់ ស្មូន គំនូរ តម្បាញ ហូល ផាមួង ជាដើម»។ ទាំងនេះស្ថិតក្នុងជំនាញវិជ្ជាជីវៈដូនតា ដែលប្រមុខរដ្ឋាភិបាលបានលើកឡើង ដោយសម្តេចស្នើឱ្យមានការយកចិត្តទុកដាក់លើការបណ្តុះបណ្តាល ដើម្បីកុំឱ្យបាត់បង់ ជាពិសេសវិជ្ជាជីវៈទាំងនេះ ស្ថិតក្រោមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
នាជំនួបសិស្សនិទ្ទេស A បាក់ឌុបជាង១០០០នាក់នៅមជ្ឈមណ្ឌលជ្រោយចង្វា សម្តេច ហ៊ុន សែន បានលើកឡើងថា៖ «ជំនាញជីវៈដូនតារបស់យើង ក៏អាចដោះស្រាយការងារធ្វើ និងបង្កើតមុខរបរ ផងដែរ»។ សម្តេចបានបន្ថែមថា ជំនាញវិជ្ជាជីវៈទាំងនេះ រួមចំណែកដល់ការរីកចម្រើននៃសមិទ្ធផលទេសចរណ៍៕