ក្រោមអធិបតីភាពនៃ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ប្រមូលចំណូលពន្ធប្រចាំខែធ្នូ និងប្រចាំឆ្នាំ២០២២ ឯកឧត្តម គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានប្តេជ្ញាយ៉ាងមុតមាំ និងខិតខំប្រឹងប្រែងក្នុងការងារគ្រប់គ្រងប្រមូលចំណូលពន្ធ ឱ្យបានគ្រប់តាមផែនការច្បាប់ ដែលស្មើនឹងប្រមាណ ៣ពាន់ ៥រយលានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២៣នេះ។
ជាមួយគ្នានេះ ដើម្បីឈានដល់ការសម្រេចបាននូវ ផែនការប្រមូលចំណូលពន្ធ ឆ្នាំ ២០២៣ ឯកឧត្តម ក៏បានបញ្ជាក់ពី ការបន្តពង្រឹងការអនុវត្តនូវវិធានការសំខាន់ៗជាច្រើន និងគោលនយោបាយសារពើពន្ធ ដែលមានដូចជា បញ្ចប់ការពិនិត្យរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីសារពើពន្ធថ្មី បន្ដចូលរួមក្នុងក្របខ័ណ្ឌការងារប្រឆាំង នឹងបទល្មើសសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម បន្ដធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រង ការដាក់លិខិតប្រកាសពន្ធតាមអនឡាញ និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននានា របស់អគ្គនាយកដ្ឋានពន្ធដារ និងវិធានការសំខាន់ៗផ្សេងទៀត។
យ៉ាងណាមិញ នៅក្នុងឆ្នាំ ២០២២ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលនូវចំណូលពន្ធ-អាករ បានប្រមាណ ៣ពាន់ ៤រយលានដុល្លារអាមេរិក ដែលស្មើនឹង ១២២% នៃផែនការច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ។ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្ត្រីទាំងអស់នៃអគ្គនាយកដ្ឋានពន្ធដារទាំងអស់ ក្នុងការចូលរួមចំណែកបំពេញភារកិច្ចអស់ពីកម្លាំងកាយចិត្ត និងសម្រេចបានលទ្ធផលការងារគ្រប់គ្រង ប្រមូលចំណូលពន្ធយ៉ាងល្អប្រសើរ ទោះបីជាស្ថិតក្នុងសភាពការណ៍លំបាក ប្រឈមនឹងហានិភ័យ និងភាពមិនប្រាកដប្រជាយ៉ាងណាក៏ដោយ។
ជាមួយគ្នានេះ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ និងថ្នាក់ដឹកនាំ ក៏ទទួលបាននូវ លិខិតសរសើររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែងប្រមូលចំណូលពន្ធដារជូនរដ្ឋ បានលើសផែនការកំណត់ដល់ទៅ ២២% ដែលស្មើនឹងជាង ៦០០លានដុល្លារអាមេរិក។
សរុបជារួម ក្នុងឆ្នាំ ២០២២ ចំណូលពីប្រភេទពន្ធសំខាន់ៗ បានរក្សាកំណើនខ្ពស់ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ ២០២១ ក្នុងនោះពន្ធលើប្រាក់ចំណូលកើនឡើង ២៣% អាករលើតម្លៃបន្ថែមកើន ៣៤% ពន្ធលើប្រាក់បៀវត្សកើន ២២% អាករពិសេសកើន ២៥% និងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យកើន ១២%។
គួររម្លឹកថា សម្រាប់ឆ្នាំ ២០២១កន្លងទៅ អគ្គនាយកដ្ឋានពន្ធដារ សម្រេចនូវការប្រមូលចំណូលពន្ធសរុប ២ពាន់ ៧រយលានដុល្លារអាមេរិក ដែលស្មើនឹង ១២៤% នៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ឆ្នាំ ២០២១៕