Alynana Media Cambodia
Icon Collap
clinic narit

សមាគមអ្នកផលិត និងនាំចេញផលិតផលត្រចៀកកាំកម្ពុជា នឹងរៀបចំពិធីដាក់ឱ្យដេញថ្លៃសំបុកត្រចៀកកាំនៅចុងខែនេះ

Admin Alynana | Feb 04, 2023
សមាគមអ្នកផលិត និងនាំចេញផលិតផលត្រចៀកកាំកម្ពុជា នឹងរៀបចំពិធីដាក់ឱ្យដេញថ្លៃសំបុកត្រចៀកកាំនៅចុងខែនេះ
Clinic narith

សមាគមអ្នកផលិត និងនាំចេញផលិតផលត្រចៀកកាំកម្ពុជា នឹងរៀបចំពិធីដាក់ឱ្យដេញថ្លៃសំបុកត្រចៀកកាំ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខ នៅអគារសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា។ ការដាក់ឱ្យដេញថ្លៃនេះ ក្នុងគោលបំណង ជួយដល់ម្ចាស់ផ្ទះអភិរក្សសត្វត្រចៀកកាំ មានឱកាសស្វែងរកដៃគូប្រមូលទិញ និងជួយសម្រួលដល់ម្ចាស់អាជីវកម្មកែច្នៃសំបុកត្រចៀកកាំ និងអ្នកប្រមូលទិញសំបុកត្រចៀកកាំ ដើម្បីទទួលបានការផ្គត់ផ្គង់នូវសំបុកត្រចៀកកាំប្រកបដោយ គុណភាព បរិមាណសមស្រប ការផ្គត់ផ្គង់មានភាពទៀងទាត់ និងការកំណត់ទីផ្សារទិញ-លក់ច្បាស់លាស់ជាដើម។

លោកស្រី វ៉ា សូជិន ប្រធានសមាគមអ្នកផលិត និងនាំចេញផលិតផលត្រចៀកកាំកម្ពុជា បានបញ្ជាក់ឱ្យដឹងថា គោលបំណងសម្រាប់ការដេញថ្លៃសំបុកត្រចៀកកាំនេះ គឺដើម្បីបង្កើតភាពងាយស្រួលដល់អ្នកអភិរក្សសំបុកត្រចៀកកាំ និងម្ចាស់អាជីវកម្មកែច្នៃសំបុកត្រចៀកកាំ មានឱកាសបង្កើតទំនាក់ទំនងជាមួយគ្នា ក្នុងការស្វែករកទីផ្សារទិញ-លក់ កាន់តែមានភាពងាយស្រួល ក៏ដូចជាផ្តល់ឱកាសអាជីវកម្មផ្សេងៗទៀតដល់អ្នកចូលរួមផងដែរ។ លោកស្រី បានបន្ថែមថា ការៀបចំដាក់ឱ្យដេញថ្លៃនេះទៀតសោត ក៏ជាការចាប់ផ្តើមមួយរបស់កម្ពុជាក្នុងការបង្កើតឱកាស ក្នុងការបង្កើនផលិតផលត្រចៀកកាំកម្ពុជា សម្រាប់នាំចេញទៅកាន់ទីផ្សារពិភពលោកផងដែរ។

គួរជម្រាបថា កាលពីខែតុលាកន្លងទៅ ក្រសួងពាណិជ្ជកម្មកម្ពុជា ក៏បានបង្កើតកិច្ចសហប្រតិបត្ដិការជាមួយប្រទេសចិន ក្នុងការជំរុញការនាំចេញសំបុកត្រចៀកកាំកម្ពុជាទៅកាន់ប្រទេសចិនផងដែរ។ តាមរយៈការជំរុញការនាំចេញទៅប្រទេសចិននេះដែរ លោកស្រី វ៉ា សូជិន បាន បញ្ជាក់ឱ្យដឹងថា បច្ចុប្បន្នខាងសមាគម បាននិងកំពុងសិក្សាបន្ថែមអំពីទំហំទីផ្សារនាំចេញរបស់កម្ពុជាថា អាចផលិត និងនាំចេញបានក្នុងកម្រិតណា ដោយកន្លងមក សមាគមមិនទាន់អាចកំណត់ទំហំទីផ្សារនាំចេញបានច្បាស់លាស់នៅឡើយនោះទេ។ យ៉ាងណាមិញ ពិធីដាក់ឱ្យដេញថ្លៃសំបុកត្រចៀកកាំនាពេលខាងមុខ ក៏នឹងមានការកំណត់ទីផ្សារទិញ-លក់ឱ្យបានច្បាស់លាស់ ដើម្បីកំណត់ពីលទ្ធភាពក្នុងការផលិតសម្រាប់នាំចេញទៅទីផ្សារប្រទេសចិនផងដែរ។

បើតាមប្រធានសមាគមអ្នកផលិត និងនាំចេញផលិតផលត្រចៀកកាំកម្ពុជារូបនេះ សង្ឃឹមថា ការដាក់ឱ្យដេញថ្លៃសំបុកត្រចៀកកាំនេះ នឹងមានការចូលរួមច្រើន ពីអ្នកប្រកបរបរអភិរក្សសត្វត្រចៀកកាំ ម្ចាស់អាជីវកម្មកែច្នៃ និងអ្នកប្រមូលទិញសំបុកត្រចៀកកាំ ក៏ដូចជាអ្នកចង់ស្វែងយល់បន្ថែមពីអាជីវកម្មកែច្នៃសំបុកត្រចៀកកាំ ទៅតាមការរំពឹងទុកផងដែរ។

សូមជម្រាបថា ម្ចាស់ផ្ទះអភិរក្សសត្វត្រចៀកកាំ ម្ចាស់អាជីវកម្មកែច្នៃ និងអ្នកប្រមូលទិញសំបុកត្រចៀកកាំ ដែលមានបំណងចូលរួមដេញថ្លសំបុកត្រចៀកកាំ អាចចុះឈ្មោះចូលរួមក្នុងកម្មវិធីដេញថ្លៃនេះ នៅអគារសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា ជាន់ទី៣ ចាប់ពីថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣។ នេះបើតាមការបញ្ជាក់រសប់សមាគមអ្នកផលិត និងនាំចេញផលិតផលត្រចៀកកាំកម្ពុជា៕