Alynana Media Cambodia
Icon Collap
clinic narit

តើរាជរដ្ឋាភិបាលថៃបានត្រៀមបញ្ចេញថវិកាប៉ុន្មាន និងមានយន្ដការគាំទ្រអ្វីខ្លះទៀត ជួយដល់កសិករដាំកៅស៊ូ?

Admin Alynana | Feb 06, 2023
តើរាជរដ្ឋាភិបាលថៃបានត្រៀមបញ្ចេញថវិកាប៉ុន្មាន និងមានយន្ដការគាំទ្រអ្វីខ្លះទៀត ជួយដល់កសិករដាំកៅស៊ូ?
Clinic narith

រាជរដ្ឋាភិបាលថៃបានអនុម័តគម្រោងការធានាប្រាក់ចំណូលដែលមានតម្លៃជិត៨ពាន់លានបាត ឬដែលស្មើនឹងជាង ២៣៣លានដុល្លារអាមេរិក សម្រាប់កសិករកៅស៊ូនៅរដូវកាលដាំដុះ ២០២២-២០២៣។ គម្រោងនេះ រំពឹងថា នឹងយកមកអនុវត្តសម្រាប់រយៈពេល ៤ឆ្នាំ ឬ៤រដូវកាលដាំដុះជាប់ៗគ្នា។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានថៃបាងកកបុស្តិ៍។

លោក ណាខន តាំងវីរ៉ាផាត់ ប្រធានអាជ្ញាធរកៅស៊ូរបស់ថៃបាននិយាយថា គម្រោងនេះត្រូវបានអនុម័តកាលពីថ្ងៃពុធសប្តាហ៍នេះ អំឡុងកិច្ចប្រជុំជាមួយគណៈកម្មាការគោលនយោបាយជាតិកៅស៊ូថៃ ដែលដឹកនាំផ្ទាល់​ដោយនាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា។

គម្រោងនេះគ្របដណ្តប់លើកសិករ​ដាំដុះកៅស៊ូ​ចំនួន​១លាន៦សែននាក់ ជាមួយនឹងផ្ទៃដីដាំកៅស៊ូ​ចំនួនជាង ១៨លានរ៉ៃ។ ក្នុង​ចំណោម​នោះ មានម្ចាស់​ចម្ការ និង​កសិករ​ស៊ីឈ្នួលដាំដុះ​ប្រមាណ​ ១លាន៣សែន​នាក់ ខណៈជិត៣សែននាក់ផ្សេងទៀត ជាកម្មករចៀរជ័រកៅស៊ូ។

ជាមួយនឹងគ្រោងការណ៍ធានាប្រាក់ចំណូលសម្រាប់កសិករនេះ​ គឺរដ្ឋាភិបាលក្រុងបាងកកនឹងផ្តល់សំណង​ជូន​ម្ចាស់ចំការ កសិករអ្នកដាំដុះ និងកម្មករ​ដែលធ្វើការ​ក្នុងវិស័យនេះ​ទាំងអស់ ប្រសិនបើតម្លៃទីផ្សារកៅស៊ូធ្លាក់ចុះ​ក្រោមតម្លៃគោល។

ក្នុងនោះប្រសិនបើ​តម្លៃកៅស៊ូធ្លាក់ក្រោម​តម្លៃទីផ្សារ កសិករត្រូវបានផ្តល់​ជូន​ការធានា​តម្លៃ​អតិបរមា ៦០បាត ឬជាង ៧៥០០រៀលក្នុងមួយគីឡូក្រាម​សម្រាប់បន្ទះកៅ​ស៊ូឆៅ, ៥៧បាតឬជាង ៧១០០រៀលក្នុងមួយគីឡូក្រាមសម្រាប់ជ័រកៅស៊ូ និង២៣បាតឬជិត២៩០០រៀលក្នុងមួយគីឡូក្រាមសម្រាប់ជ័រកៅស៊ូចាន ហើយថវិកាសំណងនេះ គឺគិតសម្រាប់តែមួយគ្រួសារ​ ដែមានផ្ទៃដី ២៥រ៉ៃប៉ុណ្ណោះ ទោះគ្រួសារកសិករខ្លះមានផ្ទៃដីដាំដុះធំជាងនេះ​ក៏ដោយ។ ម្ចាស់ចំការ ឬអ្នកដាំដុះកៅស៊ូ​​ទទួលបាន៦០%នៃប្រាក់ទាំងនេះ ខណៈអ្នកចៀរជ័រកៅស៊ូ​ទទួលបាន៤០% ។

នាយករដ្ឋមន្ត្រីថៃក្នុងនាម​ជាប្រធានគណៈកម្មាធិការនយោបាយជាតិកៅស៊ូថៃ បានណែនាំដល់គណៈកម្មាធិការឱ្យសិក្សាផែនការអភិវឌ្ឍជាយុទ្ធសាស្រ្តសម្រាប់ផលិតផលកៅស៊ូទាំងអស់ ជាពិសេសការផលិត ការកែច្នៃ និងការចែកចាយកៅស៊ូ។ លោកក៏បានជំរុញឱ្យអ្នកផលិតកៅស៊ូ ប្រកាន់ខ្ជាប់នូវវិធានការពាណិជ្ជកម្ម ព្រោះមានទីផ្សារពិភពលោកមួយចំនួនដែលអាចជះឥទ្ធិពលអវិជ្ជមានដល់ការនាំចេញកៅស៊ូផងដែរ ខណៈអស្ថិរភាពនៃប្រាក់បាតថៃ ក៏ជាកត្តាមួយប៉ះពាល់ដល់តម្លៃនិងការនាំចេញលើទីផ្សារអន្តរជាតិផងដែរ៕