អាមេរិកបានបាញ់ទម្លាក់បាឡុងរបស់ចិន កាលពីថ្ងៃសៅរ៍។ បាឡុងដែលចិនទទួលស្គាល់ថាជារបស់ខ្លួន តែជាបាឡុងស៊ីវិល ដើម្បីសិក្សាអាកាសធាតុ ក៏ប៉ុន្តែ អាមេរិកអះអាងថា ជាបាឡុងចារកម្ម។ ភ្លាមៗក្រោយការបាញ់ទម្លាក់បាឡុងនេះ រដ្ឋាភិបាលក្រុងប៉េកាំងបានចេញមុខតវ៉ាខ្លាំងៗ ដែលធ្វើឲ្យភាពតានតឹង រវាងប្រទេសទាំងពីរកើនឡើងកាន់តែខ្លាំងថែមទៀត។
ការបាញ់ទម្លាក់បាឡុងរបស់ចិន កាលពីថ្ងៃសៅរ៍នេះ ត្រូវបានធ្វើឡើងដោយប្រើ មីស៊ីលបាញ់ចេញពីយន្តហោះចម្បាំងទំនើបធុន F-22 ហើយយោងតាមការអះអាងរបស់អាជ្ញាធរអាមេរិក បាឡុងនេះត្រូវបានបាញ់ទម្លាក់ នៅក្រោយពេលដែលវាបានហោះចេញពីផុតពីដីគោក ចូលទៅដល់មហាសមុទ្រអាត្លង់ទិក ក៏ប៉ុន្តែ ស្ថិតនៅក្នុងរង្វង់ ១២ម៉ៃល៍ពីឆ្នេរ ពោលគឺ ស្ថិតនៅក្នុងរង្វង់ដែនទឹករបស់អាមេរិក។
លោកប្រធានាធិបតី ចូ បៃដិន បានថ្លែងប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃសៅរ៍ថា លោកបានចេញបញ្ជា តាំងពីថ្ងៃពុធម៉្លេះ អនុញ្ញាតឲ្យកងទ័ពបាញ់ទម្លាក់បាឡុងរបស់ចិន ក៏ប៉ុន្តែ លោកបានឯកភាពឲ្យរង់ចាំរហូតដល់បាឡុងនេះហោះចេញផុតពីតំបន់មានមនុស្សរស់នៅសិន ដើម្បីចៀសវាងគ្រោះថ្នាក់ដល់ប្រជាជន នៅពេលបំណែករបស់វាធ្លាក់ចុះមកលើដី។
ចិនដែលបានអះអាងថា បាឡុងនេះជាបាឡុងស៊ីវិល ប្រើសម្រាប់សិក្សាទៅលើអាកាសធាតុ ហើយហោះចូលទឹកដីអាមេរិកដោយអចេតនានោះ បានតវ៉ាយ៉ាងខ្លាំងចំពោះការបាញ់ទម្លាក់បាឡុងនេះ ដោយតាមរយៈសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស ចិនបានចាត់ទុកការប្រើកម្លាំងទ័ពបាញ់ទម្លាក់បាឡុងដោយសហរដ្ឋអាមេរិកនេះថាជាទង្វើជ្រុលហួសហេតុ ហើយថា ចិនរក្សាសិទ្ធិក្នុងការចាត់វិធានការតបតវិញចំពោះទង្វើនេះ។
អាមេរិកវិញបានច្រានចោលការអះអាងរបស់ចិន ដែលថា បាឡុងនេះគឺជាបាឡុងស៊ីវិល ដោយរដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិកបានអះអាងយ៉ាងច្បាស់ៗថា បាឡុងនេះ គឺជាបាឡុងចារកម្ម ដែលចិនប្រើក្នុងគោលដៅតាមដានយកការណ៍សម្ងាត់ អំពីទីតាំងយុទ្ធសាស្រ្តសំខាន់ៗ នៅក្នុងទឹកដីអាមេរិក។
មន្រ្តីជាន់ខ្ពស់នៃក្រសួងការពារជាតិអាមេរិកក៏បានឲ្យដឹងផងដែរថា បាឡុងនេះបានហោះចូលទឹកដីអាមេរិក តាំងពីថ្ងៃទី២៨មករាកន្លងទៅម៉្លេះ ដោយពីដំបូងហោះចូលតាមរដ្ឋអាឡាស្កា រួចហើយហោះឆ្លងទៅកាណាដា នៅថ្ងៃទី៣០ មុននឹងចូលមកក្នុងទឹកដីអាមេរិកវិញ នៅថ្ងៃអង្គារ ទី៣១មករា ដោយហោះកាត់ពីលើតំបន់ដែលមានទីតាំងមីស៊ីលនុយក្លេអ៊ែរអន្តរទ្វីបរបស់អាមេរិក (រដ្ឋម៉ុងតាណា)។
ក្រោយពីបានទម្លាក់បាឡុងនេះ ក្រុមជំនាញមុជទឹករបស់អាមេរិកបានបើកប្រតិបត្តិការភ្លាមៗ ដើម្បីរុករកបំណែករបស់បាឡុង ដោយមន្រ្តីក្រសួងការពារជាតិបានប្រាប់សារព័ត៌មានថា បំណែកនេះធ្លាក់ទៅក្នុងតំបន់ ដែលទឹកសមុទ្រមានជម្រៅត្រឹមប្រមាណជា ១៤ម៉ែត្រតែប៉ុណ្ណោះ ដូច្នេះ ការរុករកបំណែករបស់វាទំនងជាមិនចោទជាបញ្ហាស្មុគស្មាញនោះទេ។
តាមគម្រោង នៅពេលដែលរកឃើញ និងស្រង់ចេញពីទឹក បំណែកបាឡុងនេះនឹងត្រូវគេបញ្ជូនទៅឲ្យទីភ្នាក់ងារ FBI ដែលជាទីភ្នាក់ងារជំនាញខាងប្រឆាំងចារកិច្ច ដើម្បីសិក្សាលម្អិតថា តើនៅលើបាឡុងនេះមានផ្ទុកឧបករណ៍អ្វីខ្លះ ហើយអាចប្រមូលបានទិន្នន័យអ្វីខ្លះ?