Alynana Media Cambodia
Icon Collap
clinic narit

ការស្នើសុំចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្មកើនជិត ៤០% នៅឆ្នាំ២០២២

Admin Alynana | Feb 06, 2023
ការស្នើសុំចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្មកើនជិត ៤០% នៅឆ្នាំ២០២២
Clinic narith

(ភ្នំពេញ)៖ យោងតាមស្ថិតិចុះបញ្ជីពាណិជ្ជកម្មឆ្នាំ២០២២ ការស្នើសុំចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្ម នៅឆ្នាំ២០២២ មានកំណើនយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់បើធៀបនឹងឆ្នាំ២០២១។ ជាក់ស្ដែង នៅឆ្នាំ២០២២ ការស្នើសុំចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្ម មានជាង១ម៉ឺនក្រុមហ៊ុន និងសហគ្រាស ដែលមានការកើនឡើងរហូតជិត ៤០% ឯណោះ។ ខណៈកាលពីឆ្នាំ២០២១ ការស្នើសុំចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្ម មានត្រឹមជាង ៧ពាន់ក្រុមហ៊ុន និងសហគ្រាស ប៉ុណ្ណោះ។

ក្រុមអ្នកជំនាញបានបង្ហាញគំនិតសុទិដ្ឋិនិយមថា ការកើនឡើងនៃការចុះបញ្ជីអាជីវកម្ម គឺជាសញ្ញាវិជ្ជមានរបស់សេដ្ឋកិច្ចកម្ពុជា បើទោះបីជា ស្ថានភាពសេដ្ឋពិភពលោកកំពុងមានភាពមិនប្រាកដប្រជាយ៉ាងណាក្ដី។

របាយការណ៍បូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០២២ និងទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៣ របស់ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា នៅរយៈពេលពេញ១ឆ្នាំ២០២២ ការស្នើសុំចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្ម មានរហូតជាង ១ម៉ឺនសហគ្រាសនិងក្រុមហ៊ុន ដោយក្នុងនោះ សហគ្រាសដែលបានស្នើសុំចុះបញ្ជីមានជិត ៦ពាន់សហគ្រាស។

ឯកឧត្តម ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ថា ក្រោយស្ថានភាពរាតត្បាតកូវីដ១៩ ចាប់ផ្ដើមធូរស្បើយ ដែលបានធ្វើឲ្យរាជរដ្ឋាភិបាលកម្ពុជា សម្រេចបើកប្រទេសឡើងវិញ រាល់សកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ ជាដើម បានដំណើរការជាប្រក្រតីឡើងវិញជាបណ្ដើរៗ។ កត្តានេះ បានធ្វើឲ្យការស្នើសុំចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្ម ឆ្នាំ២០២២ មានកំណើនខ្លាំង ជាងកាលពីឆ្នាំ២០២១ ហើយការកើនឡើងនៃការស្នើសុំការចុះបញ្ជីនេះ ក៏បង្ហាញពីការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា ផងដែរ។ នេះជាការបញ្ជាក់បន្ថែមរបស់អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។

ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្ម បានគូសបញ្ជាក់ថា នៅអំឡុងឆ្នាំ២០២២ទាំងចំនួននៃការស្នើសុំចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្ម និងការចុះបញ្ជីគម្រោងវិនិយោគនៅ CDC សុទ្ធតែមានកំណើន។

លើសពីនេះ ឧកញ៉ា លឹម ហេង ក៏បានកត់សម្គាល់ឃើញទៀតថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា គឺមានការរួមចំណែកដ៏សំខាន់របស់អ្នកវិនិយោគក្នុងស្រុក ជាពិសេសអំឡុងពេលដែលពិភពលោកបាននិងកំពុងជួបនូវវិបត្តិសាកល ដូចជា ការរាតត្បាតជំងឺកូវីដ១៩ វិបត្តិសង្រ្គាមរវាងរុស្សី-អ៊ុយក្រែន និងផ្សេងៗ ដែលជាកត្តារាំងស្ទះធ្វើឲ្យអ្នកវិនិយោគពីបរទេសមិនអាចចូលមកវិនិយោគនៅកម្ពុជា។ លោកបន្តថា កត្តាទាំងនេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជា បង្កើនការយកចិត្តទុកដាក់ចំពោះក្រុមវិនិយោគទាំងក្នុង និងក្រៅស្រុក តាមរយៈដាក់ចេញនូវច្បាប់វិនិយោគថ្មី ដើម្បីជំរុញនូវកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៣នេះ។

យ៉ាងណាក៏ដោយ ដើម្បីជំរុញការចុះបញ្ជីអាជីវកម្ម ក្រសួងពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម ក៏បាននិងកំពុងធ្វើការ និងបន្តធ្វើកំណែទម្រង់ក្នុងការធ្វើបច្ចុប្បន្នភាពប្រព័ន្ធស្វ័យប្រវត្តិកម្ម នៃការចុះបញ្ជីពាណិជ្ជកម្ម ដោយបានបង្កើតអាជ្ញាប័ណ្ណអាជីវកម្មអេឡិចត្រូនិក ផងដែរ។ សូមបញ្ជាក់ថា ប្រភេទអាជីវកម្ម ដែលបានស្នើសុំចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម មាន ៤ប្រភេទ ដូចជា ក្រុមហ៊ុនមូលធន,ក្រុមហ៊ុនពាណិជ្ជកម្មបរទេស,សហគ្រាសឯកបុគ្គល និងក្រុមហ៊ុនសហកម្មសិទ្ធ។ ក្នុងនោះ ប្រទេសអាជីវកម្ម ដែលបានស្នើសុំចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម ច្រើនជាងគេ គឺប្រភេទសហគ្រាសឯកបុគ្គល មានចំនួនរហូតជិត ៦ពាន់។ ចំណែក ក្រុមហ៊ុនមូលធនវិញ មានចំនួន ជាង ៤ពាន់ក្រុមហ៊ុន៕