Alynana Media Cambodia
Icon Collap
clinic narit

ទោះពិភពលោកជួបវិបត្តិក្តី ក៏ទំហំពាណិជ្ជកម្មរបស់​កម្ពុជា​ ជាមួយនឹង​បណ្តា​ប្រទេសធំៗមួយចំនួននៅតែមានការកើនឡើងគួរឱ្យកត់សម្គាល់

Admin Alynana | Feb 07, 2023
ទោះពិភពលោកជួបវិបត្តិក្តី ក៏ទំហំពាណិជ្ជកម្មរបស់​កម្ពុជា​ ជាមួយនឹង​បណ្តា​ប្រទេសធំៗមួយចំនួននៅតែមានការកើនឡើងគួរឱ្យកត់សម្គាល់
Clinic narith

ការធ្វើ​ពាណិជ្ជកម្ម​របស់​កម្ពុជា​ ជាមួយនឹង​បណ្តា​ប្រទេសធំៗមួយចំនួន កាលពី​ឆ្នាំ​​ ២០២២កន្លងទៅ មានការកើនឡើងគួរឱ្យកត់សម្គាល់ ទោះបីទំហំពាណិជ្ជកម្មជាមួយបណ្តាប្រទេសខ្លះកើនឡើងហាក់មានទំហំ​តិចតួចក៏ដោយ ក៏អាចនិយាយបានថា វាមិនមែនជារឿងងាយស្រួលពេកទេ ដែលកម្ពុជាអាចបង្កើនទំហំពាណិជ្ជកម្មបាន ខណៈពិភពលោកកំពុងជួបវិបត្តិជំងឺកូវីដ-១៩ និងវិបតិ្តសង្គ្រាមរវាងអ៊ុយក្រែន-រុស៊ីក្តី។

ទំហំពាណិជ្ជកម្មកម្ពុជា-ចិន នៅឆ្នាំ២០២២ មានរហូតទៅដល់១៤ ៥០០លានដុល្លារអាមេរិក ដែលមានកំណើនរហូតដល់ ១៩ភាគរយ។ កាលឆ្នាំ២០២២ ទូទៅកម្ពុជា បាននាំចេញទៅចិននូវសម្លៀកបំពាក់ ស្បែកជើង ស្បែកសត្វមានរោម ម៉ាស៊ីនប្រើពីស្តុង អង្ករ កៅស៊ូ ចេក ដំឡូងមី គ្រាប់ស្វាយចន្ទី ស្បែកជើង ហិប វ៉ាលី ជាដើម -ល-។ ខណៈការនាំចូលពីចិនមកវិញ នូវផលិតផលសម្រាប់បម្រើឲ្យការវិនិយោគ និងផលិតកម្ម ដូចជា ក្រណាត់ចាក់ ក្រណាត់ត្បាញពីកប្បាស គ្រឿងចក្រ ដែក គ្រឿងសំណង់ផ្សេងៗ បរិក្ខារ និងគ្រឿងអេឡិចត្រូនិក វត្ថុធាតុពីប្លាស្ទិក អាលុយមីញ៉ូម គ្រឿងសង្ហារឹម និងក្រដាស និងក្រដាសកាតុងជាដើម។ នេះបើតាមរបាយការណ៍ក្រសួងពាណិជ្ជកម្ម។

ក្រឡេកមកមើល ទំហំពាណិជ្ជកម្មកម្ពុជា-សហរដ្ឋអាមេរិក បានបង្ហាញដែរថា គិតត្រឹមរយៈពេល៨ខែ ក្នុងឆ្នាំ២០២២ ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិក មានជាង៦ពាន់៦រយលានដុល្លារ បានកើនឡើងជាង៣៥%។ ជាមួយគ្នានេះ សហរដ្ឋអាមេរិកនៅតែជាទីផ្សារ ដែលកម្ពុជានាំចេញធំបំផុតសម្រាប់ផលិតផលកម្ពុជា ដោយមានចំណែកទីផ្សារដល់ទៅ ៤៣ភាគរយនៃទំហំនាំចេញសរុបរបស់កម្ពុជា ជាក់ស្តែង រយៈពេល៧ខែឆ្នាម២០២២ កម្ពុជានាំចេញទៅអាមេរិក ជាមួយទឹកប្រាក់ ៥ ៦៩៥ លានដុល្លារ បានកើនឡើង ៤៧,៣ភាគរយ បើធៀបរយពេលដូចគ្នាឆ្នាំ២០២១ មានទឹកប្រាក់ ៣ ៨៦៧លានដុល្លារ។ នេះបើយោងតាមជំនួបកិច្ចពិភាក្សាការងារ រវាងលោក ប៉ាន សូរស័ក្តិ ជាមួយលោកស្រី Anbinh Phan តំណាងក្រុមហ៊ុន Walmart ប្រចាំរដ្ឋធានីវ៉ាស៊ីងតោន សហរដ្ឋអាមេរិក តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី៥ មករា កន្លងទៅ។

ដោយឡែក ទំហំពាណិជ្ជកម្មកម្ពុជា-តំបន់អាស៊ានវិញ ឃើញថា ការធ្វើ​ពាណិជ្ជកម្ម​របស់​កម្ពុជា​ជាមួយនឹង​បណ្តា​ប្រទេស​នៅ​តំបន់​អាស៊ាន ក្នុង​ឆ្នាំ​​ ២០២២ មាន​ទឹកប្រាក់​សរុប​ជាង​ ១៦​ ពាន់​លាន​ដុល្លារ កើនឡើង​តិចតួច​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១ ដោយ​ចំនួន​នេះ គឺ​ស្មើនឹង​ជិត ១/៣​ នៃ​ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​កម្ពុជា​។ ​នេះបើតាមរបាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ក្រសួងពាណិជ្ជកម្ម ឆ្នាំ ​២០២២ និង​ទិសដៅ​ការងារ​ឆ្នាំ ​២០២៣។

របាយការណ៍ខាងលើ បាន​បង្ហាញដែរថា ក្នុង​ឆ្នាំ ២០២២ ការនាំចេញ​នាំចូល​ទំនិញ​រវាង​កម្ពុជា​ជាមួយនឹង​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន មាន​ទឹកប្រាក់​សរុប ១៦ ០៥៣ ​លាន​ដុល្លារ កើន​ជាង ១,៣៥ ​ភាគរយ​បើ​ធៀប​នឹង​ចំនួន ១៥ ៨៣៨​ លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០២១​។ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​អាស៊ាន គឺ​ស្មើនឹង ៣០,៦២​ ភាគរយ​នៃ​ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​កម្ពុជា ក្នុង​ឆ្នាំ​ ២០២២ ដែលមាន​ប្រមាណ ៥២ ៤២៥ ​លាន​ដុល្លារ​។​ផ្អែក​តាម​តួលេខ​ខាងលើ គឺ​ទំនិញ​ដែល​កម្ពុជា​នាំទៅ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន មាន​ចំនួន ៣ ២៩៧​ លាន​ដុល្លារ កើន ១៣,១៤​ ភាគរយ​ធៀប​នឹង​ឆ្នាំ ​២០២១ ដែលមាន​ចំនួន ២ ៩១៤​ លាន​ដុល្លារ​។

សូមរម្លឹកដែរថា យោងតាមរបាយការណ៍ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ធ្លាប់បានបង្ហាញថា ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២២ កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ ក្នុងតម្លៃជាង ១៨ពាន់លានដុល្លារកើនឡើង ១៩.២% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុនដែលមានតម្លៃជាង ១៥ពាន់លានដុល្លារ។

លើសពីនេះ ក្រសួងពាណិជ្ជកម្ម​ ធ្លាប់បានបញ្ជាក់ដែរថា ការនាំចេញទំនិញរបស់កម្ពុជា នៅតែបង្ហាញសញ្ញាញល្អប្រសើរ ខណៈទំហំពាណិជ្ជកម្មរវាងកម្ពុជា ជាមួយអន្តរជាតិ កើនឡើងគួរឱ្យកត់សម្គាល់ បើទោះបីជាពិភពលោកកំពុងជួបវិបត្តិសាកលក៏ដោយ៕