(ភ្នំពេញ)៖ ការប្រមូលអាករលើតម្លៃបន្ថែម ពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) បានក្លាយជាប្រភពចំណូលថ្មីមួយទៀតរបស់កម្ពុជា បន្ទាប់ពីរាជរដ្ឋាភិបាលចាប់ផ្តើមអនុវត្ត នៅដើមឆ្នាំ២០២២មក។
គិតចាប់ពីខែមេសា ឆ្នាំ២០២២ មកដល់បច្ចុប្បន្ននេះ ប្រាក់ពន្ធដែលប្រមូលបានពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) បានប្រមាណ ៥៣លានដុល្លារ។ នេះបើតាមការបញ្ជាក់របស់លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារនៅថ្ងៃទី៨ ខែកុម្ភៈនេះ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា «គិតចាប់ពីការចាប់ផ្ដើមអនុវត្តនៅខែមេសា ឆ្នាំ២០២២ មកទល់បច្ចុប្បន្ននេះមាន ក្រុមហ៊ុនក្នុង វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-commerce) សរុបចំនួន៦៩ បានមកចុះបញ្ជីនិង បំពេញកាតព្វកិច្ចសារពើពន្ធ ក្នុងនោះក៏រួមមានផងដែរនូវក្រុមហ៊ុនអន្តរជាតិធំៗ ជាអាទិ៍ ក្រុមហ៊ុន Microsoft, Google, Facebook (Meta), Apple, Netflix, Amazon, និង Tik Tok។ ដោយឡែក ចំពោះសហគ្រាសដែលនៅសេសល់ មិនទាន់បំពេញកាតព្វកិច្ចសារពើពន្ធក្នុងវិស័យនេះ ក៏បាននិងកំពុងចូល ខ្លួនមក បំពេញកាតព្វកិច្ចចុះបញ្ជីជាបន្តបន្ទាប់ផងដែរ»។
លោករដ្ឋមន្ត្រីបានបន្តទៀតថា ការប្រមូលចំណូលពីវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេទ្បិចត្រូនិកនេះ គឺជាការគិតគូរស្វែងរកចំណូលបន្ថែមជូនរដ្ឋ ដើម្បីបំពេញតម្រូវការចំណាយ និងដើម្បីជាគុណប្រយោជន៍ដល់ការអភិវឌ្ឍជាតិ ដោយផ្អែកលើមូលដ្ឋាន និងវិសាលភាពដែលមានកំណត់ក្នុងច្បាប់ជាធរមាន។ គួរកត់សម្គាល់ផងដែរថា កន្លងមកយើងពុំទាន់អនុវត្ត និងពុំធ្លាប់ប្រមូលបានពន្ធលើវិស័យនេះនៅទ្បើយ ប៉ុន្តែតាមរយៈការរៀបចំ និងដាក់ចេញយន្តការច្បាស់លាស់ ព្រមទាំងការធ្វើទំនើបកម្មនៃប្រព័ន្ធ និងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធដារជាបន្តបន្ទាប់ យើងបានឃើញថា ការអនុវត្តប្រមូលពន្ធនេះបានប្រព្រឹត្តទៅយ៉ាងរលូន និងប្រកបដោយប្រសិទ្ធភាព។
លោកបន្ថែមថា «ការគិតគូរអនុវត្តយន្តការនេះ គឺមាននិន្នាការស្របនឹងការកើនទ្បើងនៃប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ ហើយខ្ញុំអាចវាយតម្លៃបានថា ការប្រមូលចំណូលពីវិស័យនេះ ពិតជាមានសក្តានុពល។ ភាពជោគជ័យជាបន្តបន្ទាប់នេះ គឺពិតជាមិនអាចកាត់ផ្តាច់ បានទ្បើយពីសុខសន្តិភាព ហើយខ្ញុំសូមសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅ ជូនចំពោះការគាំទ្រ និងចង្អុលបង្ហាញរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី និង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទើបអាចនាំឱ្យអគ្គនាយកដ្ឋានពន្ធដារ មានលទ្ធភាពបំពេញភារកិច្ចប្រមូលចំណូល និងទទួលបានលទ្ធផលយ៉ាងត្រចះត្រចង់ជាបន្តបន្ទាប់នេះ»។
សូមជម្រាបថា ជាយន្ដការក្នុងការប្រមូលចំណូលដំបូងពីវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេទ្បិចត្រូនិក (E-commerce) គឺតាមរយៈការប្រមូលអាករលើតម្លៃបន្ថែម ដែលត្រូវបានសម្រេចចាប់ផ្ដើមអនុវត្ត តាមរយៈអនុក្រឹត្យលេខ ៦៥ អនក្រ.បក ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១។ ការអនុវត្តនេះធ្លាប់ត្រូវបានពន្យារពេលចំនួន០២លើក ដើម្បីទុកពេលវេលាបន្ថែម សម្រាប់ការផ្សព្វផ្សាយ និងបណ្តុះបណ្តាលជូនអ្នកជាប់ពន្ធ ក្នុងការសិក្សាឈ្វេងយល់។ ក្នុងអំឡុងពេលនោះ អគ្គនាយកដ្ឋានពន្ធដារបានរៀបចំការផ្សព្វផ្សាយ និងបណ្តុះបណ្តាលយន្តការនេះជាច្រើន និងតាមគ្រប់រូបភាព ដើម្បីលើកកម្ពស់ការយល់ដឹងជូនអ្នកជាប់ពន្ធ។
ទន្ទឹមនឹងនេះ ដោយសារទើបតែចាប់ផ្តើមអនុវត្តយន្តការនេះ អគ្គនាយកដ្ឋានពន្ធដារ ក៏បានគិតគូររៀបចំនូវយន្តការ ដែលមានភាពងាយស្រួល ដើម្បីសម្រួលដល់ការអនុវត្តរបស់អ្នកជាប់ពន្ធ និងមានលក្ខណៈពិសេសស្របតាមប្រតិបត្តិការអាជីវកម្ម ក្នុងវិស័យនេះ ក្នុងនោះរួមមាន៖ យន្តការចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញ (Simplified VAT Registration) និង ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន E-Commerce Tax System៕