Alynana Media Cambodia
Icon Collap
clinic narit

កម្ពុជាស្នើវៀតណាមជួយជំរុញជើងហោះហើរ ត្រង់ពីក្រុងហាណូយមកខេត្តព្រះសីហនុ

Admin Alynana | Feb 09, 2023
កម្ពុជាស្នើវៀតណាមជួយជំរុញជើងហោះហើរ ត្រង់ពីក្រុងហាណូយមកខេត្តព្រះសីហនុ
Clinic narith

ព្រះសីហនុ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ស្នើសុំឱ្យអគ្គកុងស៊ុលវៀតណាមជួយជំរុញជើងហោះហើរត្រង់ពីរដ្ឋធានីហាណូយប្រទេសវៀតណាមមកខេត្តព្រះសីហនុ ព្រោះខេត្តព្រះសីហនុ ក៏មានទំនាក់ទំនងទេសចរណ៍តាមផ្លូវទឹករួចមកហើយដែរ។

ការថ្លែងនេះរបស់លោក គួច ចំរើន ក្នុងឱកាសអនុញ្ញាតឱ្យលោក ឡៃ សួនឈាន​ អគ្គកុងស៊ុលថ្មី នៃស្ថានអគ្គកុងស៊ុលសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំខេត្តព្រះសីហនុ ចូលជួបសម្តែងការគួសម និងពិភាក្សាការងារនាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣។

លោកអភិបាលខេត្ត ក៏បានបញ្ជាក់ថា កម្ពុជាត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ជ្រើសរើសខេត្តព្រះសីហនុជាកន្លែងប្រកួតកីឡាស៊ីហ្គេមលើវិញ្ញាសាចំនួន៣ ក្នុងនោះមានដូចជា កីឡាម៉ូតូទឹក កីឡាទូកក្តោង និងកីឡាបាល់ទះលើឆ្នេរខ្សាច់។

ក្នុងឱកាសនេះ លោក គួច ចំរើន បានលើកឡើងថាកម្ពុជាបានសិក្សាអំពីរំហូរជនបរទេសដែលចូលរមករកការងារខេត្តព្រះសីហនុដោយខុសច្បាប់ ហើយរដ្ឋបាលខេត្តអនុវត្តតាមផ្លូវច្បាប់។ ហើយលោកក៏បានស្នើសុំឱ្យពលករមកធ្វើការស្របច្បាប់ ដើម្បីកុំឱ្យមានជនខិលខូចឆ្លៀតឱកាសក្នុងការកេងប្រវ័ញទៅលើកម្លាំងពលកម្ម ដូច្នេះទាមទារឱ្យមានការចូលរួមទាំងអស់គ្នា ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង ទន្ទឹមនោះត្រូវបង្កើតកិច្ចសហប្រតិបត្តិការ និងជួយបញ្ចៀបការយល់ដឹងស្តីអំពីច្បាប់កម្ពុជា ដែលពួកគាត់មកធ្វើការនៅខេត្តព្រះសីហនុ ត្រូវគោរពតាមច្បាប់របស់កម្ពុជា ដើម្បីសុខដុមនីយកម្មទាំងអស់គ្នា ក្នុងនោះ​លោកក៏បានស្នើសុំជួយសម្របសម្រួលដើម្បីទៅធ្វើទស្សកិច្ចខេត្តនៅខេត្តបាក់លីវ ប្រទេសវៀតណាមដែលជាខេត្តសម្ព័ន្ធមេត្រីភាពជាមួយនឹងខេត្តព្រះសីហនុ។ ​

ជាមួយគ្នានេះ លោក ឡៃ សួនឈាន ​ បានឯកភាពចំពោះការលើកឡើងរបស់លោកអភិបាលខេត្ត ឱ្យពលករបរទេសទាំងអស់ត្រូវអនុវត្តច្បាប់របស់ប្រទេសនីមួយៗដែលជាការងាយស្រួលក្នុងការគ្រប់គ្រង។

ទន្ទឹមនឹងនោះ លោកក៏ចង់ឈ្វេងយល់ពីវិស័យទេសចរណ៍របស់កម្ពុជា ដើម្បីងាយស្រួលក្នុងការផ្សព្វផ្សាយទៅដល់ប្រជាជនវៀតណាម និងអ្នកវិនិយោគ ​បន្តកិច្ចសហប្រតិបត្តិការគ្នា ដើម្បីកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ សង្ឃឹមថា ភាគីទាំងពីរនឹងរួមគ្នាជួយគាំទ្រគ្នាទៅវិញទៅមកក្នុងនាមជាប្រទេសជិតខាងល្អបន្ថែមទៀត៕