អាមេរិក៖ អ្នកកំពុងតាមដានសមយុទ្ធដែនអាកាសរួមគ្នារបស់សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលីនៅលើវាលខ្សាច់រដ្ឋ Nevada។ សារព័ត៌មានរ៉យទ័របានធ្វើដំណើរជាមួយកងកម្លាំងអង់គ្លេស ក្នុងអំឡុងសមយុទ្ធប្រចាំឆ្នាំនេះដែលមានឈ្មោះថា ទង់ក្រហម (Red Flag)។
សមយុទ្ធនេះមានរយៈពេលបីសប្តាហ៍ ហើយត្រូវបានរៀបចំឡើងដើម្បីក្លែងធ្វើប្រតិបត្តិការប្រយុទ្ធកម្រិតខ្ពស់ ប្រឆាំងយន្តហោះចម្បាំងរបស់ចិន និងការការពារដែនអាកាស។ ភាពតានតឹងជាមួយប្រទេសចិនមានកម្រិតខ្ពស់ ជាពិសេសនៅពេលនេះ។ បន្ទាប់ពីឧប្បត្តិហេតុបាឡុងចារកម្មចិនដែលសង្ស័យ ត្រូវបានបញ្ចប់ដោយការបាញ់ទម្លាក់ធ្វើឡើងដោយយន្តហោះចម្បាំងអាមេរិក បាឡុងបានធ្លាក់នៅឆ្នេរសមុទ្ររដ្ឋ South Carolina។ កងទ័ពអាកាសអាមេរិកនិយាយថា សមយុទ្ធទាំងនេះមិនពាក់ព័ន្ធនឹងព្រឹត្តិការណ៍ជាក់លាក់ណាមួយនោះទេ។
ចំណុចសំខាន់នៃសមយុទ្ធនៅឆ្នាំនេះ គឺការក្លែងធ្វើដែលពាក់ព័ន្ធនៅពេលប្រតិបត្តិការនៅទូទាំងតំបន់សមុទ្រប៉ាស៊ីហ្វិក ព្រមទាំងធ្វើឲ្យប្រសើរឡើងអន្តរប្រតិបត្តិការនៃកងកម្លាំងទ័ពអាកាស របស់ប្រទេសទាំងបី។ មន្ទីរបញ្ចកោណបានសម្តែងការព្រួយបារម្ភខ្លាំង អំពីសម្ពាធយោធារបស់ទីក្រុងប៉េកាំងលើកោះតៃវ៉ាន់ ជាកោះស្វ័យគ្រប់គ្រងដែលចិនបានចាត់ទុកថាជាដែនខេត្តរបស់ខ្លួន៕