Alynana Media Cambodia
Icon Collap
clinic narit

ខណៈមានជម្លោះជាមួយចិន ហ្វីលីពីនបង្ហាញភាពវិជ្ជមានចំពោះការបញ្ជូនទ័ពទៅវិញទៅមកជាមួយជប៉ុន

Admin Alynana | Feb 13, 2023
ខណៈមានជម្លោះជាមួយចិន ហ្វីលីពីនបង្ហាញភាពវិជ្ជមានចំពោះការបញ្ជូនទ័ពទៅវិញទៅមកជាមួយជប៉ុន
Clinic narith

ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr​ នៅថ្ងៃទី១២ ខែកុម្ភៈ បានបង្ហាញកាយវិការវិជ្ជមានចំពោះកិច្ចព្រមព្រៀងទស្សនកិច្ចកម្លាំងទ័ពទៅវិញទៅមក (VFA) ជាមួយជប៉ុន។ បើតាមលោក Marcos Jr ហ្វីលីពីនគ្មានហេតុផលអ្វីបានជាមិនទទួលយកកិច្ចព្រមព្រៀង VFA ជាមួយជប៉ុនឡើយ ប្រសិនវាជួយពង្រឹងសន្តិសុខដែនទឹក និងបង្កើនការការពារលើអ្នកនេសាទជប៉ុន។

ថ្មីៗនេះ ហ្វីលីពីនបានផ្ដល់សិទ្ធិឱ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពច្រើនជាងមុន ក្រោមកិច្ចព្រមព្រៀងពង្រឹងកិច្ចសហប្រតិបត្តិការការពារ (EDCA) រវាងប្រទេសទាំងពីរ ខណៈពេលក្រុងម៉ានីល តែងតែប៉ះទង្គិចជាមួយក្រុងប៉េកាំង នៅតំបន់ជម្លោះក្នុងសមុទ្រចិនខាងត្បូងទាក់ទិននឹងទូកនេសាទ។ 
 
ស្របគ្នានេះ ហ្វីលីពីន និងជប៉ុន កំពុងស្វះស្វែងរកកិច្ចព្រមព្រៀងទស្សនកិច្ចកម្លាំងទ័ពទៅវិញទៅមក (VFA) ជាមួយគ្នា ក្នុងករណីមានការជួយសង្រ្គោះគ្រោះមហន្តរាយ។ កិច្ចព្រមព្រៀងនេះ អាចបើកផ្លូវឱ្យប្រទេសទាំងពីរពង្រាយកម្លាំងទ័ពទៅវិញទៅមកថែមទៀត។ 
 
«ប្រសិនវានឹងជួយហ្វីលីពីនក្នុងន័យការពារ ជាឧទាហរណ៍ការពារអ្នកនេសាទ ការពារដែនទឹករបស់យើង ខ្ញុំមិនមានហេតុផលអ្វី មិនទទួលយកកិច្ចព្រមព្រៀងVFA ឡើយ»។ លោក Ferdinand Marcos Jr ប្រធានាធិបតីហ្វីលីពីន បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានបែបនេះ នៅថ្ងៃទី១២ ខែកុម្ភៈ មុនពេលត្រលប់មកប្រទេសវិញ។ 
 
លោកប្រធានាធិបតីហ្វីលីពីន ដែលទើបធ្វើទស្សនកិច្ចនៅជប៉ុនរយៈពេល៥ថ្ងៃ បានបន្ថែមទៀតថា​ ហ្វីលីពីនតែងតែគិតពីអ្នកនេសាទរបស់ខ្លួន ហើយហ្វីលីពីនត្រូវតែបង្ហាញឱ្យច្បាស់ពីការល្បាតដែនទឹករបស់ខ្លួន និងត្រូវធានាថា ដែនទឹកហ្វីលីពីន ត្រូវបានទទួលស្គាល់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
កន្លងមក ដោយសារតែវត្តមានទូកនេសាទចិន នៅក្នុងដែនទឹករបស់ហ្វីលីពីន វាបានបង្កឱ្យប្រទេសទាំងពីរប៉ះពាក្យសម្តីគ្នាយ៉ាងខ្លាំង នៅក្រោមរដ្ឋបាលរបស់លោក រ៉ូ​ឌ្រី​ហ្គូ ឌូ​ទើ​តេ។ 
 
ក្នុងដំណើរទស្សនកិច្ចនោះ ជប៉ុន និងហ្វីលីពីន បានព្រមព្រៀងគ្នា ដើម្បីសាកល្បង និងបង្កើតក្របខណ្ឌមួយដែលពង្រឹងដំណើរការ សមយុទ្ធរួមគ្នារបស់ប្រទេសទាំងពីរឱ្យកាន់តែរលូនជាងមុន ហើយប្តេជ្ញាជំរុញឱ្យទំនាក់ទំនងទ្វេភាគី​ជិត​ស្និទ្ធ​ជា​មុនថែមទៀត៕