សេចក្តីថ្លែងការណ៍របស់មន្ទីរបញ្ចកោណ បានឱ្យដឹងថា ឧបករណ៍នេះអាចរំខានដល់ចរាចរណ៍ផ្លូវអាកាសពាណិជ្ជកម្ម និងបានធ្វើដំណើរក្នុងរយៈចម្ងាយ៦ ១០០ម៉ែត្រ បើទោះបីជាវាមិនត្រូវបានចាត់ទុកថា ជាការគំរាមកំហែងផ្នែកយោធាក៏ដោយ។
បើតាមសារព័ត៌មាន BBC ឧបករណ៍ដដែល ត្រូវបានបាញ់ទម្លាក់ដោយមីស៊ីលដែលបាញ់ចេញពីយន្តហោះចម្បាំង F-16 នៅម៉ោង១៤និង៤២នាទី ម៉ោងក្នុងស្រុក ហើយបានបង្កជាចម្ងល់យ៉ាងខ្លាំងជុំវិញឧប្បត្តិហេតុដែលបានកើតឡើងស្រដៀងៗគ្នា។
កាលពីថ្ងៃសៅរ៍ យានមិនស្គាល់អត្តសញ្ញណមួយ ក៏ត្រូវបានប្រទះឃើញនៅក្នុងដែនអាកាសអាមេរិកខាងជើងផងដែរ ហើយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) និងនាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ (Justin Trudeau) បានបញ្ជារឱ្យបាញ់ទម្លាក់រួចទៅហើយ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ សេតវិមានបានបញ្ជាក់ថា មេដឹកនាំទាំងពីរ បាននិយាយអំពី «ឧបករណ៍មិនស្គាល់អត្តសញ្ញាណ និងគ្មានមនុស្សបើក» ដែលត្រូវបានប្រទះឃើញនៅក្នុងដែនអាកាសអាមេរិកខាងជើង ដោយយាននេះ «ត្រូវបានតាមដាន និងត្រួតពិនិត្យយ៉ាងដិតដល់ដោយបញ្ជាការការពារដែនអាកាសអាមេរិកខាងជើង (NORAD) ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ»។
សេចក្តីថ្លែងការណ៍ដដែល បានសរសេរយ៉ាងដូច្នេះ «ដោយមានការប្រុងប្រយ័ត្នច្រើន និងតាមអនុសាសន៍របស់យោធារបស់ពួកគេ ប្រធានាធិបតី ចូ បៃដិន និងនាយករដ្ឋមន្ត្រី ទ្រូដូ បានអនុញ្ញាតឱ្យបាញ់ទម្លាក់ចោល» ដោយប្រើយន្តហោះចម្បាំង F-22។
ជុំវិញឧប្បត្តិហេតុនេះ រដ្ឋមន្ត្រីការពារជាតិកាណាដា លោកស្រី Anita Anand បាននិយាយថា «វាលឿនពេកហើយ» ក្នុងការនិយាយថាតើវាមកពីប្រទេសចិនឬអត់ ក៏ប៉ុន្តែឧបករណ៍ដែលហោះហើរក្នុងរយៈកម្ពស់ប្រហែល១២ ០០០ម៉ែត្រនេះ បានចូលទៅក្នុងដែនអាកាសកាណាដាដោយខុសច្បាប់ និងបានបង្កការគំរាមកំហែងដល់សុវត្ថិភាពនៃការហោះហើររបស់ជនស៊ីវិល។
កាលថ្ងៃទី៤ ខែកុម្ភៈ មន្ទីរបញ្ចកោណ ក៏បានបាញ់ទម្លាក់ «បាឡុងចារកម្ម» ម្តងរួចដែរ ដោយសង្ស័យថាជារបស់ចិន ហើយក្រុងប៉េកាំងកំពុងប្រើវាដើម្បី «ឃ្លាំមើលទីតាំងយុទ្ធសាស្ត្រ» នៅសហរដ្ឋអាមេរិក។
យ៉ាងណាមិញ ប្រទេសចិនបានអះអាងថា បាឡុងនោះគ្រាន់តែជា «បាឡុងអាកាសស៊ីវិល» ដែលបានរសាត់ចូលទៅក្នុងដែនអាកាសសហរដ្ឋអាមេរិកប៉ុណ្ណោះ និងបានចោទប្រកាន់ក្រុងវ៉ាស៊ីនតោនវិញថា បានប្រើឧប្បត្តិហេតុនេះធ្វើជាលេសដើម្បី «វាយប្រហារ និងបង្កាច់បង្ខូចប្រទេសចិន»។
បន្ទាប់ពីបាឡុងចារកម្ម សេតវិមានកាលពីថ្ងៃសុក្រសប្តាហ៍មុន បានបញ្ជាក់ពីវត្ថុកម្ពស់ខ្ពស់មួយទៀត ដែលត្រូវបានបំផ្លាញដោយយន្តហោះចម្បាំងអាមេរិកក្បែររដ្ឋអាឡាស្កា ខណៈវាមិនត្រូវបានកំណត់អត្តសញ្ញាណនោះទេ។ នេះបើតាមការចេញផ្សាយពីសារព័ត៌មាន RT និង BBC៕