ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចដែលកំពុងបន្តនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងប្រទេសកម្ពុជា ក្រោយការរីករាលដាលនៃជំងឺ កូវីដ-១៩ ធ្វើឲ្យតម្រូវការសម្ភារៈសំណង់ដូចជាស៊ីម៉ងត៍កំពុងកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ វិធានការរបស់រដ្ឋាភិបាលក្នុងការកែលម្អ និងកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត កាន់តែបង្កើនតម្រូវការ ។
របាយការណ៍ស្រាវជ្រាវស្តីពីឧស្សាហកម្មស៊ីម៉ងត៍អាស៊ីអាគ្នេយ៍ឆ្នាំ ២០២៣-២០៣២ បានឱ្យដឹងថា តម្រូវការស៊ីម៉ងត៍នឹងបន្តកើនឡើងក្នុងរយៈពេល ១០ ឆ្នាំខាងមុខ។ របាយការណ៍នេះផ្តោតលើប្រទេសសមាជិកអាស៊ាន សិង្ហបុរី ថៃ ហ្វីលីពីន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី វៀតណាម
មីយ៉ាន់ម៉ា ប្រ៊ុយណេ ឡាវ និងកម្ពុជា។
ខណៈពេលដែលប្រទេសកម្ពុជាបំពេញមួយផ្នែកធំនៃតម្រូវការរបស់ខ្លួនសម្រាប់សម្ភារៈសំណង់ដ៏សំខាន់នេះតាមរយៈផលិតកម្មក្នុងស្រុក ការអភិវឌ្ឍន៍នៃឧស្សាហកម្មស៊ីម៉ងត៍មានភាពខុសគ្នាខ្លាំងទៅតាមប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
មានរោងចក្រផលិតស៊ីម៉ងត៍ចំនួន ៥ នៅកម្ពុជា ដែលពួកវារួមគ្នាបានបំពេញតម្រូវការក្នុងស្រុកប្រហែល ៩០ភាគរយ នេះបើយោងតាមរបាយការណ៍របស់សមាគមផលិតស៊ីម៉ងត៍កម្ពុជា (CCMA) នាពេលថ្មីៗនេះ។ នៅសល់
១០ ភាគរយនៃតម្រូវការត្រូវបានបំពេញតាមរយៈការនាំចូល ភាគច្រើនមកពីប្រទេសវៀតណាម ឥណ្ឌា និងអាល្លឺម៉ង់។
គួររំលឹកផងដែរថា ក្នុងអំឡុងខែមករា ដល់ខែវិច្ឆិកា ឆ្នាំ ២០២២ អង្គភាពទាំងប្រាំនេះរួមគ្នាផលិតស៊ីម៉ងត៍ចំនួន ៧.៧លានតោន។
រោងចក្រស៊ីម៉ងត៍ចំនួន៤ ស្ថិតនៅក្នុងខេត្តកំពត ចំណែករោងចក្រទី ៥ ស្ថិតនៅខេត្តបាត់ដំបង។ រោងចក្រផលិតស៊ីម៉ងត៍ទី៦នៅក្នុងខេត្តកំពង់ស្ពឺ កំពុងត្រូវបានគេសិក្សា៕