ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០២៣ នេះ បានបង្ហាញការខកចិត្តយ៉ាងខ្លាំង និងច្រានចោលទាំងស្រុងនូវការព្រួយបារម្ភនានាធ្វើឡើងក្រោមហេតុផលនយោបាយ មានការរើសអើង និងមានភាពលម្អៀងរបស់ស្ថានទូតបរទេសមួយចំនួន ចំពោះការដកហូតអាជ្ញាបណ្ណពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយដែលទទួលមូលនិធិពីបរទេស។ អ្នកនាំពាក្យបញ្ជាក់ថា «ការអះអាងថា ជាសារព័ត៌មានសេរី និងឯករាជ្យ មិនមែនជាអាជ្ញាបណ្ណដើម្បីបំពានច្បាប់ដោយនិទណ្ឌភាពទេ»។
អ្នកនាំពាក្យក្រសួងការបរទេសបានបញ្ជាក់ថា ចំណាត់ការរដ្ឋបាលចំពោះអង្គភាពដែលបំពានច្បាប់ មិនសមនឹងទទួលបានការព្រួយបារម្ភអ្វីទាំងអស់។ អ្វីដែលគួរឱ្យបារម្ភនោះគឺការផ្សាយព័ត៌មានមិនពិត និងការបង្កាច់បង្ខូចដោយចេតនា ដែលធ្វើឱ្យប៉ះពាល់ដល់ខ្លឹមសារ និងគោលការណ៍នៃសិទ្ធិមនុស្ស និងសេរីភាព។
អ្នកនាំពាក្យបញ្ជាក់ថា គួរឱ្យសោកស្ដាយ ការថ្លែងដោយលម្អៀងរបស់ស្ថានតំណាងទាំងនោះ បង្ហាញពីការធ្វើមិនដឹងមិនឮ ចំពោះការពិតមិនអាចប្រកែកបាន គឺមជ្ឈមណ្ឌលផ្សព្វផ្សាយនោះ បានបំពានវិជ្ជាជីវៈសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសនិងកិត្យានុភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបានបដិសេធមិនកែប្រែកំហុស អនុលោមតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីរបបសារព័ត៌មាន។
បើតាមអ្នកនាំពាក្យ មាត្រា ១០ (ខ) នៃច្បាប់ស្ដីពីរបបសារព័ត៌មាននេះ បានចែងថា «ចំពោះករណីដែលពាក់ព័ន្ធដល់បុគ្គលសាធារណៈ គ្រប់ការពោលអះអាង ឬការទំលាក់កំហុសដែលអ្នកសារព័ត៌មានយកមកចុះផ្សាយដោយផ្ទាល់ឬក៏យកមកចុះផ្សាយបន្តខុសពីការពិត ក្នុងបំណងបំផ្លាញបុគ្គល សាធារណៈនោះ គឺជាការមួលបង្កាច់ដែលច្បាប់ហាមឃាត់»។
អ្នកនាំពាក្យបន្ថែមថាការអះអាងថាជា «សារព័ត៌មានសេរី និងឯករាជ្យ» មិនមែនជាអាជ្ញាបណ្ណដើម្បីបំពានច្បាប់ដោយនិទណ្ឌភាព ឡើយ។ ឯករាជ្យភាពមិនអាចកាត់ផ្តាច់ចេញពីភារៈកិច្ចទទួលខុសត្រូវលើការងារ និងការទទួលស្គាល់កំហុស។ ការថ្លែងថា សារព័ត៌មាននេះធ្វើសេចក្ដីរាយការណ៍ដោយផ្អែកលើការពិត គឺជាការអះអាងដោយគ្មានមូលដ្ឋាន និងលម្អៀង។ អ្វីដែលពិតគឺ សារព័ត៌មាននេះ បានចូលរួមក្នុងការផ្សព្វផ្សាយព័ត៌មានមិនពិត និងបំភ្លៃលើកិច្ចការផ្ទៃក្នុងរបស់កម្ពុជាក្នុងការផ្តល់ជំនួយមនុស្សធម៌ទៅវិញ។ ចំណាត់ការចំពោះវិទ្យុមិនគោរពវិជ្ជាជីវៈ មិនធ្វើឱ្យចុះខ្សោយនូវសេរីភាពសារព័ត៌មានដ៏រស់រវើកនៅកម្ពុជាទេ ផ្ទុយទៅវីញ គឺជាការរួមចំណែកដល់ការពង្រឹងវិជ្ជាជីវៈសារព័ត៌មាន។
បើតាមអ្នកនាំពាក្យក្រសួងការបរទេសការប្រើប្រាស់វេទិកាប្រព័ន្ធផ្សព្វផ្សាយទាមទារឱ្យរាជរដ្ឋាភិបាលកម្ពុជាពិនិត្យមើលឡើងវិញនូវការសម្រេចចិត្តរបស់ខ្លួន គឺស្មើនឹងការរំលោភលើអនុសញ្ញាទីក្រុងវីយែនស្តីពី ទំនាក់ទំនងការទូត (អនុសញ្ញាទីក្រុងវីយែន)។
អ្នកនាំពាក្យបញ្ជាក់ថា ជាតំណាងឱ្យប្រទេសមានអរិយធម៌និងគោរពច្បាប់ ស្ថានទូតបរទេសទាំងនោះគួរអនុវត្តតួនាទីរបស់ខ្លួន ដោយគោរពឱ្យបានម៉ឺងម៉ាត់ស្របតាមមាត្រា ៤១ (១) និង ៤២ (២) នៃអនុសញ្ញាទីក្រុងវីយែន ដែលគូសបញ្ជាក់ថា អ្នកការទូត «មានភារកិច្ច មិនត្រូវជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសម្ចាស់ផ្ទះ» និងបានតម្រូវថា «រាល់ការងារផ្លូវការទាំងអស់ជាមួយប្រទេសម្ចាស់ផ្ទះ គឺត្រូវធ្វើឡើងជាមួយ ឬតាមរយៈក្រសួងការបរទេសនៃប្រទេសម្ចាស់ផ្ទះ»៕