Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ការស្ថាបនាផ្លូវជាតិលេខ ២និងលេខ ២២ នឹងបញ្ចប់ការសាងសង់ត្រឹមដំណាច់ខែមីនា ខណៈបច្ចុប្បន្នសម្រេចបានជាង៩០%ហើយ

Admin Alynana | Feb 14, 2023
ការស្ថាបនាផ្លូវជាតិលេខ ២និងលេខ ២២ នឹងបញ្ចប់ការសាងសង់ត្រឹមដំណាច់ខែមីនា ខណៈបច្ចុប្បន្នសម្រេចបានជាង៩០%ហើយ
Clinic narith

(ភ្នំពេញ)៖ បើគ្មានការរាំងស្ទះណាមួយកើតឡើងនោះទេការស្ថាបនាផ្លូវជាតិលេខ២និងលេខ២២ នឹងបញ្ចប់នៅត្រឹមដំណាច់ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ ខណៈបច្ចុប្បន្នការសាងសង់សម្រេចបានជាង៩០%ហើយ។ បើតាមការគូសបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការនិងដឹកជញ្ជូន ផ្នែកខ្លះនៃគម្រោងបានបញ្ចប់១០០% និងផ្នែកខ្លះនៅសល់ការងារបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវ និងស្លាកសញ្ញាចរាចរណ៍ ហើយផ្នែកដែលនៅសល់ការងារច្រើនជាងគេ គឺពីរង្វង់តាខ្មៅដល់រង្វង់មូលគួរស្រូវដីក្រហម។

តាមផែនការគម្រោងដែលបានបើកការដ្ឋានសាងសង់កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២០មួយនេះ គ្រោងបញ្ចប់ការសាងសង់តាំងពីពាក់កណ្តាលឆ្នាំ២០២២ មកម្ល៉េះ តែត្រូវបានពន្យារពេលជាបន្តបន្ទាប់ ដោយសារការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ និងការដោះស្រាយបញ្ហាមានភាពយឺតយ៉ាវជាដើម។

លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានគូសបញ្ជាក់ថា ក្រសួងបានសម្រេចពន្យារពេលឲ្យក្រុមហ៊ុនអភិវឌ្ឍន៍ផ្លូវជាតិលេខ២និងលេខ២២ ធ្វើយ៉ាងណាស្ថាបនាផ្លូវជាតិទាំងពីរខ្សែនេះឲ្យបានរួចរាល់ត្រឹមដំណាច់ខែមីនា ឆ្នាំ២០២៣នេះ។ បើតាមការគូសបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់រូបនេះ បច្ចុប្បន្នការសាងសង់ផ្លូវជាតិទាំងពីរនេះសម្រេចបាន៩៤%ខណៈការសាងសង់តួផ្លូវសម្រេចបានស្ទើរ១០០%នៅឡើយតែការងារបន្ទាប់បន្សំដូចជាការបំពាក់បង្គោលភ្លើង គូសគំនូស និងបំពាក់ស្លាកសញ្ញាចរាចរណ៍ និងធ្វើប្រព័ន្ធលូជាដើម។

បើតាមការកត់សម្គាល់របស់អ្នកនាំពាក្យរូបនេះ ផ្នែកដែលនៅសល់ការងារច្រើនជាងគេគឺពីចំណុចរង្វង់មូលតាខ្មៅដល់រង្វង់គួរស្រូវដីក្រហម ដែលមានប្រវែងប្រមាណ៩គីឡូម៉ែត្រ ហើយតាមការវាយតម្លៃកំណាត់ផ្លូវនេះអាចនៅសល់ការងារក្នុងរង្វង់ពី២០%ទៅ៣០% ដែលការងារភាគច្រើន គឺការធ្វើប្រព័ន្ធលូ។ តាមគម្រោងផ្លូវជាតិទាំងពីរនេះគ្រោងបញ្ចប់ការសាងសង់នៅអំឡុងខែមេសា ឆ្នាំ២០២២ តែត្រូវបានក្រុមហ៊ុនអភិវឌ្ឍន៍សុំពន្យារពេលជាបន្តបន្ទាប់ក្នុងការបញ្ចប់ការសាងសង់។

បើតាមការលើកឡើងរបស់លោក ហ៊ាង សុទ្ធាយុត្តិ កត្តាដែលធ្វើឲ្យការស្ថាបនាផ្លូវជាតិទាំងពីរមានភាពយឺតយ៉ាវជាងគ្រោងទុក គឺដោយសារមានការរំខានពីការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ដែលធ្វើឲ្យរាំងស្ទះដល់ការនាំចូលគ្រឿងចក្រ ការដោះស្រាយផលប៉ះពាល់ជាមួយប្រជាពលរដ្ឋមានភាពយឺតយ៉ាវ គួបផ្សំបញ្ហាអាកាសធាតុ ពិសេសជំនន់ទឹកភ្លើងនៅស្ទឹងព្រែកត្នោតតែម្តង។

គួរបញ្ជាក់ថា ផ្លូវជាតិលេខ២ និងលេខ២២ សាងសង់ដោយក្រុមហ៊ុនកូរ៉េ Hanshin Engineering &Construction ហើយបានបើកការដ្ឋានសាងសង់នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ដោយគម្រោងចំណាយថវិកាប្រមាណ៥៦លានដុល្លារអាមេរិក ក្រោមកម្ចីឥណទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាប្រមាណ៨,៥លានដុល្លារអាមេរិក។ ការស្ថាបនាផ្លូវនេះចែកចេញជាពីរផ្នែក ក្នុងនោះផ្លូវជាតិលេខ២មានប្រវែងជាង៦២គីឡូម៉ែត្រ គិតចាប់ពីរង្វង់មូលតាខ្មៅដល់រង្វង់មូលក្រុងដូនកែវ ខេត្តតាកែវ និងផ្លូវជាតិលេខ២២មានប្រវែងជិត១០គីឡូម៉ែត្រ គិតចាប់ពីរង្វង់មូលក្រុងដូនកែវ ដល់អង្គតាសោមផ្លូវជាតិលេខ៣។ គម្រោងនេះ ឆ្លងកាត់រាជធានី-ខេត្តចំនួន៣ រួមមានរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តតាកែវ៕