ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកំណត់ក្នុងចក្ខុវិស័យ នៅឆ្នាំ ២០៣០ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងងក្លាយជាស្ថាប័ននៃឧត្តមភាព ប្រកបដោយសមត្ថភាព និងគុណវុឌ្ឍគ្រប់គ្រាន់ ដើម្បីបំពេញបេសកកម្មស្នូល និងពាក់ព័ន្ធ ក្នុងការចូលរួមវិភាគទានឱ្យសម្រេចចក្ខុវិស័យរាជរដ្ឋាភិបាល។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី ១៥ ខែ មករា ឆ្នាំ២០២៣ នេះ បានអញ្ជើញបើកការផ្សព្វផ្សាយ ចក្ខុវិស័យឆ្នាំ ២០៣០ របស់ក្រសួង ដែលមានគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច និងលើកតម្កើងជីវភាពប្រជាជន ដោយឈរលើគោលការណ៍សេដ្ឋកិច្ចទីផ្សារ និងសមធម៌សង្គម។ ជាក់ស្តែងក្នុងរយៈពេលជិត ៣ ទសវត្សរ៍, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រេចសមិទ្ឋផលជាច្រើន ដែលបានរួមចំណែកនាំឱ្យកម្ពុជា អភិវឌ្ឍន៍ប្រកបដោយឯករាជ្យ និងអធិបតេយ្យ។
ក្នុងន័យនេះ ការបន្តកសាង និងពង្រឹងសមត្ថភាព និងអភិបាលកិច្ចស្ថាប័នរដ្ឋរួមទាំងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផង ពិតជាមានសារៈសំខាន់ និងចាំបាច់ជាងពេលណាៗទាំងអស់ ដើម្បីធានាការអនុវត្តមុខងារ និងភារកិច្ចរបស់ក្រសួងប្រកបដោយប្រសិទ្ធភាពខ្ពស់ផង និងចូលរួមចំណែកជំរុញឱ្យកម្ពុជាកាន់តែរឹងមាំ និងមានជវភាព ។ ដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចរៀបចំ “ចក្ខុវិស័យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឆ្នាំ ២០៣០” ។
ទាក់ទងកម្មវត្ថុសំខាន់នៃចក្ខុវិស័យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឆ្នាំ២០៣០ គឺកសាងស្ថាប័ន ឱ្យមានសមត្ថភាព និងគុណវុឌ្ឈគ្រប់គ្រាន់ សម្រាប់អនុវត្តបេសកកម្មរបស់ក្រសួង ផ្សារភ្ជាប់ជាមួយគោលដៅធំៗដែលមានកំណត់ក្នុងគោលនយោបាយ និងយុទ្ធសាស្ដ្រនានារបស់រាជរដ្ឋាភិបាលពាក់ព័ន្ធ នឹងសមត្ថកិច្ចរបស់ក្រសួង, ក្នុងគោលបំណងចូលរួមគាំទ្រឱ្យរាជរដ្ឋាភិបាល សម្រេចគោលដៅយុទ្ឋសាស្រ្តជំរុញកម្ពុជាឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ ក្នុងន័យនេះចក្ខុវិស័យក្រសួង ត្រូវបានកំណត់ថា «នៅឆ្នាំ២០៣០ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាស្ថាប័ននៃឧត្តមភាព ប្រកបដោយសមត្ថភាព និងគុណវុឌ្ឍគ្រប់គ្រាន់ ដើម្បីបំពេញបេសកកម្មស្នូលនិងពាក់ព័ន្ឋ ក្នុងការចូលរួមវិភាគទានឱ្យសម្រេចចក្ខុវិស័យរាជរដ្ឋាភិបាល››។ នៅក្នុងដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបំពេញបេសកកម្មរួមមាន៖ កសាងមូលដ្ឋានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, កសាងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងប្រព័ន្ធគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ, ដឹកនាំ និងសម្របសម្រួលការកសាងប្រព័ន្ធគាំពារសង្គម, និងចូលរួមដឹកនាំ សម្របសម្រួលបរិវត្តកម្មឌីជីថល និងកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា៕