ក្រុមហ៊ុនអ្នកនាំចេញទំនិញមានមូលដ្ឋាននៅប្រទេសវៀតណាម កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងថា ពួកគេអាចធ្វើខុសនឹងច្បាប់របស់អាមេរិក ដែលបានហាមឃាត់ការនាំចូលផលិតផលពីតំបន់ស៊ិនជាំងប្រទេសចិនពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស។ មែនទែនទៅ សហរដ្ឋអាមេរិកបានចេញច្បាប់ហាមឃាត់ការនាំចូលលើផលិតផលដែលប្រើប្រាស់វត្ថុធាតុដើមចេញពីស៊ីនជាំងរបស់ប្រទេសចិន ខណៈដែលពាណិជ្ជកម្មដែលដូចជាសម្លៀកបំពាក់ និងបន្ទះស្រូបពន្លឺព្រះអាទិត្យ ស្ថិតនៅក្រោមការត្រួតពិនិត្យយ៉ាងដិតដល់ដោយទីក្រុងវ៉ាស៊ីនតោន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
ស្របពេលដែលដែលតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកលោកស្រី Katherine Tai ធ្វើទស្សនកិច្ចនៅវៀតណាមក្នុងសប្តាហ៍នេះ ប្រភពព័ត៌មានដែលទុកចិត្តបាន បានបង្ហើបប្រាប់សារព័ត៌មានរ៉យទ័រថា ស្ថានភាពពេលនេះ គឺមានឧស្សាហកម្មមួយចំនួននៅក្នុងប្រទេសវៀតណាមអាចនឹងនាំចូលវត្ថុធាតុដើមពីតំបន់ស៊ីនជាំង ប៉ុន្ដែ ជួនកាលវាអាចជាការប្រព្រឹត្តិដោយមិនដឹងខ្លួន ឬមួយពួកគេមិនបាននាំចូលទេ តែអាចប្រហែលពិបាកក្នុងការបង្ហាញប្រាប់អាមេរិកថា ពួកគេមិនបាននាំចូលជាដើម។
ជុំវិញបញ្ហានេះ ស្ថានទូតអាមេរិកប្រចាំនៅទីក្រុងហាណូយមិនមានការអត្ថាធិប្បាយអ្វីឡើយ ព្រោះបើតាមស្ថានទូត បញ្ហានេះមិនមាននៅក្នុងបញ្ជីផ្លូវការនៃរបៀបវារៈ ដែលលោកស្រីតំណាងពាណិជ្ជកម្មអាមេរិក គ្រោងនឹងពិភាក្សាជាមួយរដ្ឋាភិបាលវៀតណាមឡើយ។
ទោះយ៉ាងណា នៅពេលថ្មីៗនេះ សហរដ្ឋអាមេរិកក៏បានចេញមកព្រមានប្រាប់វៀតណាម ឲ្យនៅឆ្ងាយពីការនាំចូលផលិតផល ឬវត្ថុធាតុដើមពីតំបន់ស៊ីនជាំងប្រទេសចិន ដ្បិតថា ករណីដែលមានការរកឃើញថា មានជាប់ពាក់ព័ន្ធនឹងការនាំចូលទាំងនេះ ច្បាស់ណាស់តាមច្បាស់អាមេរិក គឺនឹងមានការដាក់ទណ្ឌកម្ម ទៅលើផលិតផល ដែលផលិតនាំចូលទៅអាមេរិក។
គួរជម្រាបថា ច្បាប់ការពារការធ្វើការងារដោយបង្ខំនៃជនជាតិអ៊ុយហ្គ័ររបស់សហរដ្ឋអាមេរិក ដែលបានចូលជាធរមានកាលពីខែមិថុនាកន្លងទៅ បានទៅហាមឃាត់ការនាំចូល ច្រើនជាង ១៥០០ជើង ទៅកាន់សហរដ្ឋអាមេរិកពីប្រទេស និងដែនដីនៅទូទាំងពិភពលោក ដែលគិតជាទឹកប្រាក់ មានតម្លៃប្រហែល ៥០០លានដុល្លារ។ នេះបើយោងតាមទិន្នន័យពីទីភ្នាក់ងារគយអាមេរិក។
ទីក្រុងវ៉ាស៊ីនតោនបានចោទប្រកាន់ប្រទេសចិនថា បានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិភាគតិច Uyghurs និងជនមូស្លីមដទៃទៀតនៅក្នុងតំបន់ Xinjiang ហើយបានប្រមូលពួកគេចូលទៅក្នុងជំរំហ្វឹកហ្វឺន។ ទោះយ៉ាងណា ទីក្រុងប៉េកាំងបានបដិសេធការរំលោភបំពានគ្រប់រូបភាពនៅ Xinjiang ប៉ុន្តែអះអាងថាខ្លួនបានបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីទប់ស្កាត់អំពើភេរវកម្ម ការបំបែកខ្លួន និងលទ្ធិសាសនា ពោលគឺវាមិនមែនជាជំរុំហ្វឹកហ្វឺនឡើយ។
គួរជម្រាបថា វៀតណាមបានប្រកាសពីអតិរេកពាណិជ្ជកម្មប្រមាណ ១១៦ពាន់លានដុល្លារ ជាមួយសហរដ្ឋអាមេរិកកាលពីឆ្នាំមុន ដែលជំរុញដោយការនាំចេញទំនិញដូចជាអេឡិចត្រូនិក សម្លៀកបំពាក់ និងស្បែកជើង។ ប៉ុន្តែច្បាប់របស់អាមេរិកលើវត្ថុធាតុដើមមកពីតំបន់ស៊ីនជាំង អាចធ្វើឱ្យប៉ះពាល់ដល់ពាណិជ្ជកម្មវៀតណាមអាមេរិក ដោយហេតុថា វៀតណាមត្រូវការវត្ថុធាតុដើមទាំងនោះសម្រាប់ផលិតនិងនាំចេញ។
ជាក់ស្តែង វិស័យបន្ទះសូឡា អាចប្រឈមនឹងហានិភ័យខ្លាំង ព្រោះវាពឹងផ្អែកយ៉ាងខ្លាំងលើសាធាតុ ប៉ូលីស៊ីលីកូន សម្រាប់កោសិកាក្នុងបន្ទះថាមពលពន្លឺព្រះអាទិត្យ ដែលមានផលិតកម្មជាច្រើននៃវត្ថុធាតុដើមនេះ បានប្រមូលផ្តុំនៅតំបន់ស៊ីនជាំង។ ទន្ទឹមនឹងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀត វៀតណាមមានប្រហែល ៨០% នៃការផ្គត់ផ្គង់បន្ទះសូឡាសម្រាប់សហរដ្ឋអាមេរិក ហើយការនាំចេញបន្ទះសូឡារបស់វៀតណាមទៅកាន់សហរដ្ឋអាមេរិកមានតម្លៃ ៣,៤ ពាន់លានដុល្លារកាលពីក្នុងឆ្នាំ ២០២០៕