Alynana Media Cambodia
Icon Collap
clinic narit

កម្ពុជាត្រូវការថវិកាប្រមាណ ១១ពាន់លានដុល្លារសម្រាប់ផែនការអភិវឌ្ឍវិស័យអគ្គិសនីនៅកម្ពុជាសម្រាប់រយៈពេលវែង

Admin Alynana | Feb 17, 2023
កម្ពុជាត្រូវការថវិកាប្រមាណ ១១ពាន់លានដុល្លារសម្រាប់ផែនការអភិវឌ្ឍវិស័យអគ្គិសនីនៅកម្ពុជាសម្រាប់រយៈពេលវែង
Clinic narith

(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងរ៉ែ និងថាមពលបានអះអាងថា យ៉ាងហោចណាស់កម្ពុជាត្រូវការថវិកាប្រមាណ ១១ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍវិស័យអគ្គិសនីនៅកម្ពុជាសម្រាប់រយៈពេលវែងជិត២០ឆ្នាំខាងមុខនេះ ពោលគឺរវាងពីឆ្នាំ២០២២ដល់ឆ្នាំ២០៤០។ ក្នុងនោះ តាមផែនការអភិវឌ្ឍន៍វិស័យថាមពលរបស់កម្ពុជា កម្ពុជាប្តេជ្ញាផលិតថាមពលស្អាតឲ្យបាន៦០% ចាប់ពីពេលនេះរហូតដល់ឆ្នាំ២០៤០ផងដែរ។

ថ្លែងនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងទិសដៅការងារសម្រាប់ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ទី នរិន្ទ រដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល បានកត់សម្គាល់ឃើញថា វិស័យអគ្គិសនី ត្រូវបានចាត់ទុកជាវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ខណៈ បច្ចុប្បន្ន អាជ្ញាធរអគ្គិសនី បានផ្គត់ផ្គង់អគ្គិសនីប្រមាណជាង៩៨% ទៅហើយ នៃចំនួនភូមិសរុបទូទាំងប្រទេស។ ផ្អែកតាមការសិក្សានៅក្នុងឆ្នាំ២០២៣ ទាំងអគ្គិសនីកម្ពុជា និងទាំងសេវាករឯកជន អាចមានលទ្ធភាពពង្រីកការផ្គត់ផ្គង់អគ្គិសនីពីបណ្តាញជាតិបាន ១៥៧ភូមិទៀត ដូច្នេះ នៅក្រោយឆ្នាំ២០២៣ អាចសល់ភូមិចំនួន ៨៨ទៀត ប៉ុណ្ណោះ ដែលពុំមានការផ្គត់ផ្គង់ពីបណ្តាញជាតិ។

ត្រង់ចំណុចនេះ ឯកឧត្តមបណ្ឌិត ទី នរិន្ទ បានបញ្ជាក់ថា ចំពោះភូមិបណ្តាញជាតិមិនទាន់អាចពង្រីកការផ្គត់ផ្គង់អគ្គិសនី ក្រសួងរ៉ែនិងថាមពល អាជ្ញាធរអគ្គិសនី និងអគ្គិសនីកម្ពុជា បាននិងកំពុងរួមគ្នាពិនិត្យលទ្ធភាព ដើម្បីសុំជំនួយឥតសំណងពីស្ថាប័នហិរញ្ញវត្ថុអន្តរជាតិនានា ពីការវិនិយោគរបស់ក្រុមហ៊ុនឯកជននានា ដើម្បីអភិវឌ្ឍប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីទោល ប្រើប្រភពពន្លឺព្រះអាទិត្យសម្រាប់ភូមិដែលនៅសល់ប្រើប្រាស់ជាបណ្ដោះអាសន្ន។

បន្ថែមលើនោះ បើតាមការអះអាងរបស់ឯកឧត្តម ទី នរិន្ទ បញ្ហាប្រឈមចំពោះអគ្គិសនីកម្ពុជា បច្ចុប្បន្ន គឺការរៀបចំផែនការមេអភិវឌ្ឍន៍វិស័យថាមពលនៅកម្ពុជា ដោយលោកបន្តថា ក្នុងវិស័យថាមពលគម្រោងអភិវឌ្ឍអគ្គិសនីនីមួយៗ ត្រូវការពេលអភិវឌ្ឍច្រើនឆ្នាំ ដូចជា ការស្វែងរកទុនវិនិយោគ ការសិក្សា និងការសាងសង់ ជាដើម។ យ៉ាងណាមិញ នៅឆ្នាំ២០២០ ដល់ឆ្នាំ២០២២ កម្ពុជាបានធ្វើកិច្ចសហប្រតិបត្តិការជាមួយធនាគារអភិវឌ្ឍអាស៊ី ដើម្បីរៀបចំផែនការមេអភិវឌ្ឍសម្រាប់រយៈពេលវែងឆ្នាំ២០២២-២០៤០។ ឯកឧត្តម ទី នរិន្ទ បានបន្តអះអាងថា ជាមួយនឹងផែនការមេឆ្នាំ២០២២-ឆ្នាំ២០៤០ ក្នុងការអភិវឌ្ឍអគ្គិសនីនេះ កម្ពុជាត្រូវការទុនរហូតជាង ១១ពាន់លានដុល្លារឯណោះ។ ក្នុងនោះជាង ៩ ពាន់លានដុល្លារ សម្រាប់អភិវឌ្ឍប្រភពអគ្គិសនី និងជិត១ពាន់៨រយលានដុល្លារទៀត សម្រាប់អភិវឌ្ឍប្រព័ន្ធបញ្ជូនតង់ស្យុងខ្ពស់។

ដោយឡែក ឯកឧត្តម យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា គូសបញ្ជាក់ថា ស្ថិតក្នុងវិបត្តិសាកលនានា ក៏ពិតមែន តែអគ្គិសនីកម្ពុជាកន្លងមក មិនបានដំឡើងថ្លៃអគ្គិសនីសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនោះទេ បើទោះបី តម្លៃថ្លៃដើមពីបណ្ដាប្រទេសផលិតអគ្គិសនីមានការកើនឡើងក៏ដោយ។ បើតាមឯកឧត្តម យឹម វិសិដ្ឋ នៅឆ្នាំ២០២៣ អគ្គិសនីកម្ពុជា មានទិសដៅបន្តអភិវឌ្ឍគ្រប់ទីកន្លែងឱ្យមានការផ្គត់ផ្គង់អគ្គិសនីគ្រប់គ្រាន់ មានសិ្ថរភាព អាចជឿទុកចិត្តបាន និងមានថ្លៃកាន់តែសមរម្យ។

យោងតាមរបាយការណ៍ដែលបង្ហាញដោយឯកឧត្តម យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បច្ចុប្បន្ន អានុភាពសរុបនៃប្រភពអគ្គិសនី ដែលត្រូវបានអភិវឌ្ឍកើនឡើងពីជិត៤ពាន់ មេហ្កាវ៉ាត់ នៅចុងឆ្នាំ២០២១ ដល់ជិត៤ពាន់៥រយ មេហ្កាវ៉ាត់ នៅចុងឆ្នាំ២០២២។ រីឯ បរិមាណថាមពល បានកើនឡើងពីជាង ១៣ពាន់លានគីឡូវ៉ាត់ម៉ោង នៅឆ្នាំ២០២១ មកដល់ជាង ១៥ពាន់លានគីឡូវ៉ាត់ម៉ោង នៅឆ្នាំ២០២២។ បច្ចុប្បន្ន ប្រជាជនកម្ពុជាមានតម្រូវការថាមពលអគ្គិសនីជាង២ពាន់មេហ្គាវ៉ាត់សម្រាប់ការប្រើប្រាស់នៅពេលថ្ងៃ ខណៈនៅពេលយប់ធ្លាក់មកនៅត្រឹមជាង១ពាន់មេហ្គាវ៉ាត់៕