ឧស្សាហកម្មផលិតសម្លៀកបំពាក់ដ៏ធំសម្បើមរបស់បង់ក្លាសដេសកំពុងស្វែងរកការដណ្ដើមយកតំណែងពីប្រទេសចិន ក្នុងនាមជាអ្នកនាំចេញសម្លៀកបំពាក់ដ៏ធំផុតទៅកាន់ទីផ្សារសហភាពអឺរ៉ុប ខណៈដែលកំពុងមានការផ្លាស់ប្ដូរខ្សែចង្វាក់ផ្គត់ផ្គង់ចេញពីប្រទេសចិនកាន់តែច្រើន នៅអំឡុងពេលមានជម្លោះទាក់ទងនឹងសង្គ្រាមនៅអ៊ុយក្រែន និងបញ្ហាភាពតានតឹងភូមិសាស្ត្រនយោបាយផ្សេងៗទៀត ដោយកត្តាទាំងនេះ បានជំរុញឲ្យការបញ្ជាទិញផលិតផលសម្លៀកបំពាក់ពីបង់ក្លាដាសមានការកើនឡើងកាន់តែច្រើនដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei។
ការជំរុញការនាំចេញទៅកាន់តំបន់អឺរ៉ុប នឹងជាផ្នែកដ៏សំខាន់នៃសេដ្ឋកិច្ចបង់ក្លាដេស ដោយឧស្សាហកម្មរោងចក្រផលិតសម្លៀកបំពាក់មានចូលរួមចំណែកដល់ទៅ ១ភាគ៥ នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនេះ និងមានជាង៨០% នៃចំណូលដែលបានមកពីការនាំចេញសរុប។
ការនាំចេញសម្លៀកបំពាក់របស់ប្រទេសបង់ក្លាដេសទៅកាន់សហភាពអឺរ៉ុបបានកើនឡើងជិត ៤២% នៅក្នុងរយៈពេល ៩ខែដំបូងនៅឆ្នាំ២០២២ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ពោលគឺមានតម្លៃជាទឹកប្រាក់សរុបដល់ទៅជាង ១៩ពាន់លានដុល្លារ ខណៈដែលការនាំចេញសម្លៀកបំពាក់របស់ចិនទៅកាន់សហភាពអឺរ៉ុបវិញ មានកំណើនប្រហែល ២២% ជាមួយនឹងទឹកប្រាក់សរុបជាង ២៥ពាន់លានដុល្លារ។ នេះបើតាមទិន្នន័យចុងក្រោយ ពីការិយាល័យស្ថិតរបស់សហភាពអឺរ៉ុប Eurostat។
អនុប្រធានសមាគមរោងចក្រកាត់ដេរ និងអ្នកនាំចេញបង់ក្លាដេសបាននិយាយថា ការបញ្ជាទិញជាច្រើនបានប្ដូរពីប្រទេសចិនមកកាន់ប្រទេសបង់ក្លាដេសវិញ ដោយសារតែមានសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន។ ការកើនឡើងភាពតានតឹងរវាងទីក្រុងវ៉ាស៊ិនតោន និងប៉េកាំង បានធ្វើឲ្យក្រុមហ៊ុនម៉ាកល្បីៗជាច្រើនបានស្វែងរកអ្នកផ្គត់ផ្គង់ ដែលមិនមែនជាក្រុមហ៊ុនចិននៅក្នុងវិស័យរាប់តាំងពី សម្លៀកបំពាក់ វាយនភណ្ឌ គ្រឿងអេឡិចត្រូនិក និងទូរស័ព្ទស្មាតហ្វូនជាដើម។
ក្រុមហ៊ុនសហភាពអឺរ៉ុបធំៗ ដែលជាអ្នកបញ្ជាទិញផលិតផលសម្លៀកបំពាក់ផលិតនៅបង់ក្លាដេសរួមមាម ក្រុមហ៊ុនម៉ាកម៉ូដ H&M, Primark, Zara, G-Star Raw និង Marks &Spencerជាដើម។
ភាពរឹងមាំនៃការនាំចេញសម្លៀកបំពាក់ គឺមានសារសំខាន់ណាស់សម្រាប់ប្រទេសបង់ក្លាដេស ព្រោះប្រទេសនេះកំពុងជួបលំបាកជាមួយនឹងទុនបម្រុងអត្រាប្ដូរប្រាក់អន្តរជាតិថយចុះ ទោះបីជា ទទួលបានការបន្ធូរបន្ថយផ្នែកសេដ្ឋកិច្ចកាលពីដើមឆ្នាំនេះ នៅពេលក្រុមប្រឹក្សាភិបាលរបស់ IMF អនុម័តផ្ដល់កម្ចីប្រមាណជិត ៥ពាន់លានដុល្លារដល់ប្រទេសនេះក៏ដោយ។
ជាមួយនឹងចំនួនប្រជាជនជិត១៧០លាននាក់ បង់ក្លាដេសមានកម្លាំងពលកម្មដ៏មានសក្ដានុពល និងជាប្រទេសមួយក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ចំនួន ៤៥ ដែលបច្ចុប្បន្នទទួលបានការលើកលែងពន្ធ និងកូតានាំចេញទំនិញគ្រប់យ៉ាងលើកលែងតែអាវុធ ទៅកាន់ទីផ្សារសហភាពអឺរ៉ុប។ ប៉ុន្ដែ ផ្ទុយទៅវិញ អ្នកនាំចេញរបស់ចិន គឺត្រូវបង់ពន្ធសម្រាប់ការនាំចេញទៅសហភាពអឺរ៉ុប។
យ៉ាងណាក៏ដោយចុះ ប្រទេសបង់ក្លាសដេស ក៏មិនអាចនឹងបន្ដទទួលបានការអនុគ្រោះពន្ធជារៀងរហូតនោះដែរ ពោលគឺនៅចាប់ពីឆ្នាំ២០២៦ទៅ ប្រទេសនេះ នឹងឈប់ត្រូវបានចាត់ថ្នាក់ជាប្រទេសមានការអភិវឌ្ឍតិចតួចទៀតហើយ។ មានន័យថា ពេលឆ្លងផុតឋានៈនេះ បង់ក្លាដេសនឹងលែងមានលក្ខណៈគ្រប់គ្រាន់ដើម្បីទទួលបានអត្ថប្រយោជន៍ពាណិជ្ជកម្ម ឬការអនុគ្រោះពន្ធពីសហភាពអឺរ៉ុបទៀតហើយ។ ប៉ុន្ដែ បង់ក្លាដេសកំពុងចរចាដើម្បីមានលក្ខខណៈគ្រប់គ្រាន់សម្រាប់ការទទួលបានការអនុគ្រោះពន្ធទូទៅ (GSP-plus) ពីសហភាពអឺរ៉ុបវិញ ដែលវានៅអាចឲ្យប្រទេសនេះ រក្សាបាននូវភាពអនុគ្រោះពាណិជ្ជកម្មមួយចំនួនដែរ។
សូមបញ្ជាក់ថា បើមើលទៅលើទិន្នន័យពីការិយាល័យស្ថិតិរបស់សហភាពអឺរ៉ុបបង្ហាញថា នៅ១០ខែឆ្នាំ២០២២កន្លងទៅនេះ បើមើលទៅលើអត្រាកំណើននៃការនាំចេញសម្លៀកបំពាក់ទៅកាន់ទីផ្សារអឺរ៉ុប បង់ក្លាដេសគឺឈរលំដាប់កំពូលតារាង ដោយមានកំណើនប្រមាណជាង ៤០% បន្ទាប់មក គឺកម្ពុជាមានកំណើនប្រមាណជិត៤០% ខណៈវៀតណាម និង ឥណ្ឌូនេស៊ីកើនមានកំណើនជាង៣០%ដូចគ្នា។ ដោយឡែក ប្រទេសចិនវិញ មានកំណើននាំចេញសម្លៀកបំពាក់ទៅអឺរ៉ុបប្រមាណ ជាង២០%ប៉ុណ្ណោះ៕