Alynana Media Cambodia
Icon Collap
clinic narit

សង្គ្រាមអ៊ុយក្រែននឹងធ្វើឱ្យអាល្លឺម៉ង់ខាតបង់ប្រាក់១៧១ពាន់លានដុល្លារនៃសេដ្ឋកិច្ចក្នុងឆ្នាំនេះ

Admin Alynana | Feb 22, 2023
សង្គ្រាមអ៊ុយក្រែននឹងធ្វើឱ្យអាល្លឺម៉ង់ខាតបង់ប្រាក់១៧១ពាន់លានដុល្លារនៃសេដ្ឋកិច្ចក្នុងឆ្នាំនេះ
Clinic narith

ហេតុអ្វីសង្គ្រាមនៅអ៊ុយក្រែននឹងធ្វើឱ្យអាល្លឺម៉ង់ខាតបង់ប្រាក់១៧១ពាន់លានដុល្លារនៃសេដ្ឋកិច្ចក្នុងឆ្នាំនេះ?សង្រ្គាមនៅអ៊ុយក្រែនបាននឹងធ្វើឱ្យសេដ្ឋកិច្ចអាល្លឺម៉ង់ ខាតបង់ក្នុងទំហំទឹកប្រាក់ប្រមាណ ១៧១ ពាន់លានដុល្លារ ឬស្មើនឹងប្រមាណ៤% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសយក្សសេដ្ឋកិច្ចនៅអឺរ៉ុបមួយនេះបើគិតនៅត្រឹមចុងឆ្នាំ២០២៣។ នេះបើតាមការប្រាប់ឱ្យដឹងពីប្រធានសភាឧស្សាហកម្មអាល្លឺម៉ង់(DIHK) ហើយដែលត្រូវបានចុះផ្សាយដោយសារព័ត៌មាន រ៉យទ័រ។

លោក Peter Adrian ប្រធានសភាឧស្សាហកម្មអាល្លឺម៉ង់(DIHK) បានប្រាប់កាសែតក្នុងស្រុករបស់អាល្លឺម៉ង់មួយថា ទិន្នន័យដែលព្យាករដោយសភាពាណិជ្ជកម្មនេះមានន័យថា ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់នៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចដ៏ធំជាងគេនៅអឺរ៉ុបមួយនេះធ្លាក់ចុះទាបជាងមុនអស់២ពាន់ដុល្លារអាមេរិក សម្រាប់មនុស្សម្នាក់ៗ។ លោក Adrian បានបន្តថាទស្សនវិស័យកំណើនសេដ្ឋកិច្ចរបស់អាល្លឺម៉ង់សម្រាប់ឆ្នាំ២០២៣-២០២៤ គឺទាបជាងប្រទេសជាច្រើនទៀតក្នុងតំបន់។

វិស័យឧស្សាហកម្មរួមចំណែកដ៏ធំនៅក្នុងសេដ្ឋកិច្ចរបស់អាល្លឺម៉ង់ ហើយវិស័យនេះត្រូវបានគេចាត់ទុកថា ជាជន្ទល់ដ៏សំខាន់មួយ ដែលភាគច្រើនគឺពឹងផ្អែកលើវិស័យថាមពល។ បានសេចក្តីថា ក្រុមហ៊ុនអាល្លឺម៉ង់ត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារការកើនឡើងនៃតម្លៃថាមពល ដែលកាលពីឆ្នាំមុន បានឡើងថ្លៃដល់កម្រិតខ្ពស់បំផុតនៅក្នុងទ្វីបអឺរ៉ុប។

ការសិក្សាមួយរបស់ក្រុមហ៊ុន Allianz Trade បាននិយាយកាលពីខែមុនថា ឧស្សាហកម្មអាល្លឺម៉ង់នឹងចំណាយប្រាក់ប្រហែល ៤០%នៃចំណាយសរុបបន្ថែមទៀត សម្រាប់វិស័យថាមពលនៅឆ្នាំ ២០២៣ បើធៀបនឹងឆ្នាំ ២០២១។ នេះក៏ដោយសារតែឥទ្ធិពលសង្គ្រាមរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន។

គួរជម្រាបដែររថា ប្រទេសអាឡឺម៉ង់ អស់ជាច្រើនទសវត្សរ៍មកនេះ បានពឹងផ្អែកខ្លាំងលើឧស្ម័នតាមរយៈបំពង់បង្ហូរប្រេងរបស់រុស្ស៊ី ដែលមានតំលៃថោក ដើម្បីមកបញ្ឆេះសកម្មភាពរោងចក្រខ្លួន ប៉ុន្តែឥឡូវនេះ តម្លៃឧស្ម័នមានខ្ពស់ ជាពិសេសបើធៀបនឹងសហរដ្ឋអាមេរិក ដែលមានស្តុកឧស្ម័នធម្មជាតិផ្ទាល់ខ្លួន ខណៈដែលប្រទេសបារាំងកំពុងប្រើប្រាស់ថាមពលនុយក្លេអ៊ែររបស់ខ្លួន។

បើតាមលោក Adrian ប្រធានសភាឧស្សាហកម្មអាល្លឺម៉ង់ តម្លៃហ្គាសក្នុងប្រទេសខ្លួន គឺខ្ពស់ជាងនៅសហរដ្ឋអាមេរិកប្រហែល ៣ ទៅ ៥ ដង ហើយតម្លៃអគ្គិសនីថ្លៃជាងនៅប្រទេសបារាំង ៤ ដងឯណោះ៕