(ភ្នំពេញ)៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ អនុប្រធានអចិន្ដ្រៃយ៍គណៈកម្មការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ បានបញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ នឹងចូលរួមផ្សព្វផ្សាយពីប្រទេសកម្ពុជា ពិសេសវិស័យទេសចរណ៍ វប្បធម៌ និងវិនិយោគរបស់កម្ពុជាទៅកាន់ពិភពលោក ។
សន្និសីទសារព័ត៌មានស្តីពី វឌ្ឍនភាពនៃការត្រៀមរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ នៅគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។
ឯកឧត្ដម បានថ្លែងថា តាមរយៈព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផញទះ នឹងធ្វើឱ្យភិភពលោកបើកភ្នែកមើលមកកម្ពុជា និងធ្វើការសិក្សាស្រាវជ្រាវរឹតតែខ្លាំងពីកម្ពុជាសម្រាប់កិច្ចសហការ និងការវិនិយោគលើវិស័យផ្សេងៗនៅកម្ពុជា។
ឯកឧត្ដម បញ្ជាក់ថា បច្ចុប្បន្នគណៈកម្មការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងក្រុមការងារពាក់ព័ន្ធកំពុងបន្តធ្វើការផ្សព្វផ្សាយ និងរៀបចំសម្រាប់ការទទួលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិក្នុងព្រឹត្តិការណ៍នេះ។
ឯកឧត្ដម បានអំពាវនាវដល់ប្រជាពលរដ្ឋសូមចូលរួមគាំទ្រ និងផ្សព្វផ្សាយអំពីការធ្វើព្រឹត្តិការណ៍ ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ នៅកម្ពុជាឱ្យបានផុសផុល។
គួរបញ្ជាក់ថា នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្លឹបអ្នកកាសែតកម្ពុជាបានសហការជាមួយ គណៈកម្មការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានធ្វើសន្និសីទសារព័ត៌មានស្ដីអំពីវឌ្ឍនភាពនៃការត្រៀមរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ នៅគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីផ្សព្វផ្សាយ និងផ្ដល់ព័ត៌មាននានាអំពីវឌ្ឍនភាពនៃការត្រៀមរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ នៅកម្ពុជា៕