(ភ្នំពេញ)៖ នាថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ CAMSOC សហការជាមួយក្លឹបអ្នកកាសែត រៀបចំកម្មវិធីសន្និសិទសារព័ត៌មានស្ដីពី វឌ្ឍនភាពនៃការត្រៀម Sea Games-Asean Para Games នៅឆ្នាំ ២០២៣ ដែលមានកម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកដំបូង។
ក្នុងឱកាសនេះផងដែរ ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មការរៀបចំកីឡាស៊ីហ្គេមលើកទី ៣២ បានបញ្ជាក់ពីកញ្ចប់ថវិកា សម្រាប់ការរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យខាងលើ ដែលមានទំហំប្រមាណ ៥០៥ ប៊ីលានរៀល ឬប្រមាណ ១២៤ លានដុល្លារអាមេរិក។
ឯកឧត្ដមក៏បានសង្កត់ធ្ងន់ថា កញ្ចប់ថវិកាខាងលើនេះគឺចំណាយលើព្រឹត្តិការណ៍ស៊ីហ្គេម ១០០ លានដុល្លារ ខណៈ ២៤ ដុល្លារទៀតរៀបចំសម្រាប់ព្រឹត្តិការណ៍ប៉ារ៉ាហ្គេម។
បន្ថែមពីនោះ ការចំណាយជាង ១២០លានដុល្លារ រៀបចំព្រឹត្តិការណ៍ដ៏សម្បើមទាំង ២នេះ គឺវាតិចជាងការចំណាយរបស់ប្រទេសដទៃដែលធ្លាប់ជាម្ចាស់ផ្ទះស៊ីហ្គេម ដែលធ្លាប់ចាយលុយអស់រាប់រយលានដុល្លារឯណោះ តួយ៉ាងវៀតណាមចាយអស់ ១៤០ លានដុល្លារ គ្រាន់តែរៀបចំកីឡាស៊ីហ្គេម ខណៈប្រភពមិនផ្លូវការមួយបង្ហើបថា ឥណ្ឌូណេស៊ីចាយអស់ ៣៥ លានដុល្លារ រៀបចំកីឡាប៉ារ៉ាហ្គេមតែមួយភ្លែតប៉ុណ្ណោះ។
គួររំលឹកដែរថា កម្ពុជាប្រើយុទ្ធសាស្ត្រ “ចំណាយតិច តែមានភាពលេចធ្លោរ” ដែលសន្សំសំចៃលើការសាងសង់កន្លែងប្រកួតនានា ដោយមានការជួយឧបត្ថម្ភពីស្ថាប័នកីឡាអន្តរជាតិ និងស្ថាប័នឯកជនជាដើម ដែលជួយកម្ពុជាកាត់បន្ថយការចំណាយបានច្រើនសន្ធឹកជាដើម៕