(ភ្នំពេញ)៖ រដ្ឋមមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា គិតត្រឹមបំណាច់ឆ្នាំ២០២២ រដ្ឋាភិបាលកម្ពុជា បានបើកផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករនិយោជិតក្នុងវិស័យឧស្សាហកម្មកាត់ដេរ និងវិស័យទេសចរណ៍ ដែលព្យួរកិច្ចសន្យាការងារដោយសារជំងឺកូវីដ-១៩ សរុបចំនួនជាង ៣៥ម៉ឺន ៤ពាន់នាក់ ស្មើថវិកាប្រមាណជាង ១៣៤ប៊ីលានរៀល។
ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ នៃការអនុវត្តផែនយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៩-២០២៣ កាលពីរសៀលថ្ងៃទី២៣ ខែកុម្ភៈកន្លងទៅ បានមានប្រសាសន៍ថា បើទោះជាស្ថានភាពជំងឺកូវីដ-១៩ បានបង្កផលប៉ះពាល់សេដ្ឋកិច្ច-សង្គមយ៉ាងណា ក៏ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ត្រូវបានដំឡើងជាបន្តបន្ទាប់រហូតទៅដល់ចំនួន ២០០ដុល្លារអាម៉េរិក ក្នុង១ខែៗ សម្រាប់ឆ្នាំ២០២៣ បើបូករួមប្រាក់អត្ថប្រយោជន៍ផ្សេងៗ កម្មករនិយោជិតម្នាក់ៗ អាចទទួលបានប្រាក់ឈ្នួល ចាប់ពី ២១៧ ដល់ ២២៨ដុល្លារអាម៉េរិក ក្នុង១ខែ។
ឯកឧត្តមរដ្ឋមន្រ្តី បានឲ្យដឹងទៀតថា ក្នុងបរិបទកូវីដនេះដែរ ក្រសួងការងារ បានផ្តល់វគ្គបណ្តុះបណ្តាលជំនាញទន់ ដល់កម្មករនិយោជិតប្រមាណ ៦ម៉ឺន ៨ពាន់នាក់។ ក្នុងនោះ ក៏បានបានពង្រឹងការអប់រំផ្សព្វផ្សាយការយល់ដឹងអំពីផលវិបាក ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ និងវិធានការនានារបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដល់ម្ចាស់រោងចក្រ សហគ្រាស និងកម្មករនិយោជិត ដើម្បីចូលរួមអនុវត្តសំដៅធានាបាននូវនិរន្តរភាពអាជីវកម្ម ផលិតកម្ម និងជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិត។
សូមបញ្ជាក់ថា គិតមកដល់ពេលនេះ សហគ្រាស គ្រឹះស្ថាន សេដ្ឋកិច្ចក្នុងប្រព័ន្ធ ដែលបានចុះបញ្ជីនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សរុបចំនួនជាង ១ម៉ឺន ៦ពាន់សហគ្រាស ដែលមានកម្មករនិយោជិតចំនួន ១,៥លាននាក់ ដោយបានទទួលប្រាក់ឈ្នួលជាមធ្យមសរុបជាង ៣,៩៨ប៊ីលានដុល្លារអាម៉េរិក ក្នុងមួយឆ្នាំៗ៕