គិតចាប់ពីខែតុលាដល់ខែធ្នូឆ្នាំ២០២២ ចិនបានមើលឃើញពីលំហូរមូលធនសុទ្ធចេញទៅក្រៅប្រទេសជាលើកដំបូងក្នុងរយៈពេលជាង២ឆ្នាំចុងក្រោយ ក្នុងទឹកប្រាក់ប្រមាណជាង ១១ពាន់លានដុល្លារអាមេរិក។ នេះបើតាមទិន្នន័យពីរដ្ឋបាលនៃការប្ដូរប្រាក់អន្តរជាតិរបស់ចិន ដែលបានតាមដានលើលំហូរមូលនិធិប្រចាំខែតាមរយៈគណនីធនាគារនៅក្នុងប្រទេសចិន។
កំណើនលំហូរមូលធនចេញក្រៅស្រុករបស់ចិនកើនឡើងស្របពេល ការនាំចេញ និងការវិនិយោគពីបរទេសបានធ្លាក់ចុះដូចគ្នាដែរ។ លំហូរចេញមូលធនរបស់ចិន នាពេលនេះ គឺមានទំហំធំបំផុតគិតចាប់តាំងពីត្រីមាសទី៣ នៃឆ្នាំ២០១៩មក។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន NIKKEI។
មែនទែនទៅ លំហូរមូលធនសុទ្ធចេញទៅក្រៅប្រទេសរបស់ចិន គឺបានកើតឡើងជាទូទៅរួចទៅហើយកាលពី ចន្លោះឆ្នាំ ២០១៤ និង២០១៩ ដោយសារតែការធ្លាក់ចុះនៃតម្លៃរូបិយបណ្ណរបស់ចិន។ ប៉ុន្តែចាប់ពីដើមឆ្នាំ២០២០ គ្រាដែលផ្ទុះជំងឺកូវីដ១៩ដំបូង ប្រទេសចិនបានស្គាល់តែលំហូរមូលធនចូលតែប៉ុណ្ណោះ ហើយស្ទើរតែគ្មានសោះឡើយលំហូរចេញនៃមូលធន ដោយសារតែមានការរឹតត្បិតការធ្វើដំណើរ។
តួលេខគណនីមូលធន ឆ្លុះបញ្ចាំងពីលំហូរចូល និងលំហូរចេញនៃមូលនិធិឆ្លងដែន ដែលវាត្រូវបានធ្វើឡើងដោយបុគ្គល ឬអាជីវកម្ម ដោយប្រើប្រាស់គណនីធនាគាររបស់ចិន។ យ៉ាងណាមិញ លំហូរចេញមូលធនទៅក្រៅប្រទេសសុទ្ធរបស់ចិន គឺសំដៅដល់បុគ្គល ឬក្រុមហ៊ុនក្នុងស្រុករបស់ចិន ដែលបានបង្ហូរចរន្តសាច់លុយទៅក្រៅប្រទេសតាមរយៈ ការវិនិយោគ ទិញអចលនទ្រព្យ ទិញភាគហ៊ុន និង បណ្ណបំណុលជាដើម។
គួរជម្រាបថា ការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចចិនកាលពីឆ្នាំ ២០២២ បានធ្វើឲ្យអ្នកវិនិយោគអន្តរជាតិមានការព្រួយបារម្ភ និងបាននាំគ្នាដកការវិនិយោគមូលបត្របំណុលរបស់ខ្លួនចេញពីប្រទេសចិនវិញ។ ជាក់ស្ដែង នៅចុងខែធ្នូឆ្នាំ២០២២ សមតុល្យនៃមូលបត្របំណុល ដែលកាន់កាប់ដោយជនបរទេសមានចំនួនជិត ៥០០ពាន់លានដុល្លារ។ ប៉ុន្តែ សមតុល្យនោះបានធ្លាក់ចុះទៅវិញក្នុងរយៈពេល ៤ត្រីមាសជាប់ៗគ្នា បើធៀបនឹងតួលេខកាលពីឆ្នាំ២០២១។ សម្រាប់រយៈពេលពេញមួយឆ្នាំ នៃឆ្នាំ២០២២ សមតុល្យមូលបត្របំណុលដែលកាន់កាប់ដោយជនបរទេស បានធ្លាក់ចុះ ១៥% ដែលវាជាការធ្លាក់ចុះប្រចាំឆ្នាំដំបូងបំផុត។
ទោះជាយ៉ាងណាក៏ដោយ អតិរេកគណនីចរន្តរបស់ប្រទេសចិននៅតែមានស្ថិរភាព បើទោះបីជាបានធ្លាក់ចុះអស់ ១០%ក្នុងឆ្នាំ២០២២ មកនៅត្រឹមតម្លៃ ១០៦ពាន់លានដុល្លារសម្រាប់ត្រីមាសទី៤ក៏ដោយ។ ភាពផ្ទុយគ្នារវាងអតិរេកគណនីចរន្ត និងលំហូរចេញមូលធននេះ ត្រូវបានបង្ហាញតាមរយៈការថយចុះនៃប្រាក់ចំណូល នៅក្រុមហ៊ុនបរទេសដែលមកធ្វើអាជីវកម្មនៅក្នុងប្រទេសចិន។ ម្យ៉ាងវិញទៀត ប្រសិនបើការវិនិយោគខាងក្នុងប្រទេសចិនធ្លាក់ចុះ នោះអត្រាប្តូរប្រាក់បរទេសជាប្រាក់យ័ន នឹងមានតិចជាងមុនដូចគ្នា។
សូមជម្រាបថា ទោះបីជាសេដ្ឋកិច្ចរបស់ប្រទេសចិនកំពុងងើបឡើងវិញក្រោយពី បញ្ចប់គោលនយោបាយសូន្យកូវីដក៏ដោយ ក៏ការវិនិយោគក្នុងប្រទេសចិននឹងនៅតែអាចជាប់គាំងដែរ ដោយសារតែ ភាពតានតឹងជាមួយសហរដ្ឋអាមេរិកលើការផលិតបន្ទះឈីប ហើយវាអាចនឹងជះឥទ្ធិពលដល់សកលភាវូបនីយកម្មនៃប្រាក់យ័នចិន ការវិនិយោគក្នុងគម្រោងខ្សែក្រវ៉ាត់ និងផ្លូវ និង គំនិតផ្តួចផ្តើមផ្សេងៗទៀតដែលប្រជែងនឹងសហរដ្ឋអាមេរិក៕