(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានបញ្ជាក់ឲ្យដឹងថា រាជរដ្ឋាភិបាល ចង់ប្រែក្លាយកម្ពុជា ទៅជាប្រទេសកែច្នៃ និងនាំចេញគ្រាប់ស្វាយចន្ទីដ៏ខ្លាំងក្លាមួយ ព្រោះថា បច្ចុប្បន្នកម្ពុជា នាំចេញគ្រាប់ស្វាយចន្ទីស្រស់១លានតោន ដែលមិនទាន់កែច្នៃ។
ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាស សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់គរុនិស្សិតបច្ចេកទេស និងនិស្សិតជាង៥ពាន់នាក់ ដែលបានបញ្ចប់ការសិក្សា ដោយជោគជ័យពីវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ទៅមុខបើកម្ពុជាមានលទ្ធភាព កម្ពុជាអាចក្លាយទៅជាប្រទេសដែលចែកចាយ នូវគ្រាប់ស្វាយចន្ទី ដែលសឹងនឹងក្លាយ ទៅជាអ្នកខ្លាំងមួយ ក្នុងចំណោមអ្នកខ្លាំង នៃការចែកចាយ ព្រោះមួយឆ្នាំកម្ពុជា នាំចេញគ្រាប់ស្វាយចន្ទី ដែលមិនទាន់កែច្នៃ១លានតោន...យើងកែច្នៃខ្លួនឯងបានតិចតួចណាស់ ដែលយកមកតាំងពិព័រណ៍លក់»។
ទន្ទឹមគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា នៅពេលខាងមុខនេះ រាជរដ្ឋាភិបាលកំពុងតែទាក់ទាញនូវអ្នកវិនិយោគ ដែលចូលមកកាន់ប្រទេស នូវគោលនយោបាយឧស្សាហកម្ម ហើយសម្ដេចតែងតែប្រាប់មិត្តភក្តិបរទេស និងអ្នកវិនិយោគបរទេស ឲ្យផ្ដោតការយកចិត្តទុកដាក់ សម្រាប់មកវិនិយោគនៅកម្ពុជា។
សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានលើកឡើងថា វៀតណាម និងឥណ្ឌា គឺជាប្រទេស ដែលនាំចែកចាយគ្រាប់ស្វាយចន្ទី ទៅកាន់ច្រើនកន្លែងទៅពិភពលោក ប៉ុន្ដែវៀតណាម ទៅដឹកនាំគ្រាប់ស្វាយចន្ទី ពីប្រទេស អាហ្វ្រិកមួយចំនួន យកមកកែច្នៃ ហើយក៏មានមួយផ្នែក កម្ពុជាក៏ត្រូវពឹងពាក់លើទីផ្សារវៀតណាម ដើម្បីនាំចេញគ្រាប់ស្វាយចន្ទី ហើយឥណ្ឌាក៏ដូចគ្នា មួយផ្នែកដាំក្នុងស្រុក និងមួយផ្នែកទៀតនាំចូល។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជាមានវត្ថុធាតុដើម ក៏ប៉ុន្តែការកែច្នៃមិនទាន់មានគ្រប់ ដូច្នេះកម្ពុជា ចង់ទាក់ទាញអ្នកវិនិយោគមកកែច្នៃវត្ថុធាតុដើម ដែលមានក្នុងស្រុក ហើយចំណុច គឺជាចំណុច ដែលវានឹងបង្កើតបានការងារធ្វើ និងបង្កើតបានតម្លៃបន្ថែម សម្រាប់ផលិតកម្មរបស់យើង។
បន្ថែមពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាមានសព្វថ្ងៃនេះ គឺអង្ករ-ស្រូវមិនទាន់បានកែច្នៃ អស់នៅឡើយទេ ជាមួយនឹងការផលិតដែលនៅសល់ កាលពីឆ្នាំ២០២២កន្លងទៅ ចំនួន៦.៦លានតោនស្រូវ គិតជាអង្ករ ៤.២លានតោន ដែលលើសតម្រូវការ។
សម្ដេចបន្ដថា គោលនយោបាយផលិតកម្មស្រូវ និងការនាំចេញអង្ករ ជោគជ័យមួយក្នុងចំណោម២ គឺជោគជ័យដែលខ្វះអង្ករ-ស្រូវបរិភោគ ទៅជាប្រទេស ដែលអធិរាជស្រូវ-អង្ករ ប៉ុន្ដែមិនជោគជ័យ ក្នុងការនាំចេញ១លានតោន ដោយនាំចេញបានចន្លោះពី៥០ម៉ឺនតោន ទៅ៦០ម៉ឺនតោន តែប៉ុណ្ណោះ ដោយសារខ្វះមូលដ្ឋានអំពីការកែច្នៃ ទាក់ទងនឹងរោងម៉ាស៊ីនកិនស្រូវ, ឡសម្ងួត និងដើមទុន។
លើសពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា កម្ពុជាមានកៅស៊ូច្រើន ប៉ុន្ដែនាំចេញ ដោយកែច្នៃក្នុងស្រុកមិនមានច្រើននោះទេ និងដំឡូងមី គឺនាំចេញគ្រាន់តែកាត់ជាកង់ៗ ប្រមាណជិត២០លានតោន ដោយឡែកចំពោះអំពៅ បានកែច្នៃអំពៅទៅស្ករសក្នុងស្រុក ប៉ុន្តែសម្រាប់ផ្នែកខ្លះទៀត គឺនាំចេញវត្ថុធាតុដើម។
នាយករដមន្ដ្រីនៃកម្ពុជា បានបន្ថែមទៀតថា ការនាំចេញរបស់យើង អាចនាំចេញកែច្នៃ ទៅកាន់ទីផ្សារគោលដៅ ព្រោះថា វាចែកចាយទៅតាមតំបន់ទេសចរណ៍នានា នៃប្រទេសនានា ដែលត្រូវការ។
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា បើសិនជាកម្ពុជា អាចនឹងជំរុញទាក់ទាញវិនិយោគ សម្រាប់វិស័យឧស្សាហកម្មកែច្នៃវត្ថុធាតុដើមក្នុងស្រុក គឺផ្ដល់ឱកាសឲ្យកសិករដាំដុះ ហើយមានទីផ្សារ និងរោងចក្រ ហើយបានដោះស្រាយបញ្ហាការងារ និងផ្តល់នូវតម្លៃ សម្រាប់ផលិតផលរបស់យើង។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានឲ្យដឹងផងដែរ ក្នុងឱកាសដែលសម្ដេច អញ្ជើញទៅទស្សនកិច្ចនៅប្រទេសចិ លោក ស៊ី ជីនភីង ប្រធានាធិបតីចិន នៅពេលបរិភោគអាហារ គឺលោកបានលើកគ្រាប់ស្វាយចន្ទី ដែលនាំពីប្រទេសកម្ពុជា លើកយកបង្ហាញក្នុងពេលនោះទៀតផង។
សូមជម្រាបថា បើតាមរបាយការណ៍ របស់សមាគមស្វាយចន្ទីកម្ពុជា ក្នុងឆ្នាំ២០២២ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅ ទៅទីផ្សារអន្តជាតិមានចំនួន ៦៧ម៉ឺនតោន គិតជាទឹកប្រាក់មានចំនួន ១,០៧៧លានដុល្លារ ថយចុះ ៣៤.៦៥ភាគរយ។ ការថយចុះនេះ ដោយសារតែបញ្ហាប្រែប្រួលអាកាសធាតុ។
របាយការណ៍ដដែលបញ្ជាក់ថា គ្រាប់ស្វាយចន្ទីរបស់កម្ពុជាស្ទើរ១០០ភាគរយ បាននាំចេញទៅកាន់ប្រទេសវៀតណាម មានចំនួន៦៦ម៉ឺនតោន ថយចុះ៣៧ភាគរយ។ គ្រាប់ស្វាយចន្ទីស្ងួត មានតម្លៃចន្លោះពី ៥៥០០រៀលទៅ ៧២០០រៀល អាស្រ័យតាមគុណភាពគ្រាប់៕