(ភ្នំពេញ)៖ ផ្លូវក្រវ៉ាត់ក្រុងទី៣ គឺជាផ្លូវយុទ្ធសាស្រ្តដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជួយសម្រួលការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ សម្រេចបានការសាងសង់ប្រមាណជាង៩០%ហើយ គិតត្រឹមបំណាច់ ខែកុម្ភៈ ឆ្នាំ២០២៣ និងគ្រោងបញ្ចប់ការសាងសង់ នៅអំឡុងខែឧសភា ឆ្នាំ២០២៣នេះ។ ផ្លូវក្រវ៉ាត់ក្រុងទី៣នេះ គ្រោងចំណាយថវិកាសរុបជាង ២៧០លានដុល្លារ ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន និងមានការចូលរួមថវិកាបដិភាគពីរាជរដ្ឋាភិបាលកម្ពុជា។នេះបើតាមការអះអាងរបស់ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។
ថ្លែងនាឱកាសអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការងារនៃការសាងផ្លូវក្រវាត់ក្រុងខ្សែទី៣ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានគូសបញ្ជាក់ថា គិតមកដល់ពេលនេះ ផ្លូវក្រវាត់ក្រុងខ្សែទី៣ សម្រេចការសាងសង់ប្រមាណ ៩០%ហើយ នឹងគ្រោងបញ្ចប់ការសាងសង់១០០% នៅអំឡុងខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ។ រដ្ឋមន្រ្តីក្រសួងសាធារណៈការនិងដឹកជញ្ជូន បានបញ្ជាក់បន្ថែមថា គម្រោងផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលមានប្រវែងជាង ៥៣គីឡូម៉ែត្រនេះ គ្រោងចំណាយថវិកាសរុបចំនួន ២៧៣លានដុល្លារ ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន និងមានការចូលរួមថវិកាបដិភាគពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ពន្ធ និងសួយសារអាករ ជាដើម។ យ៉ាងណាក៏ដោយ បើតាមការពន្យល់របស់ឯកឧត្តម ស៊ុន ចាន់ថុល បច្ចុប្បន្ន គម្រោងផ្លូវក្រវ៉ាត់ក្រុងទី៣នេះ ស្ថិតក្នុងគម្រោងពាក់កណ្ដាលផ្លូវក្រវ៉ាត់ក្រុងនៅឡើយ ដោយសារតែនៅប៉ែកខាងកើត បាននិងកំពុងស្ថិតក្នុងគម្រោងផែនការអភិវឌ្ឍ រំកិល៥ឆ្នាំរបស់រាជរដ្ឋាភិបាលចិន។
បន្ថែមពីនេះ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានបញ្ជាក់ទៀតថា ដោយមើលឃើញពីសារៈសំខាន់របស់ផ្លូវក្រវ៉ាត់ក្រុង ចំពោះការធ្វើពាណិជ្ជកម្ម ក៏ដូចជា ដើម្បីបំពេញនូវតម្រូវការជាចាំបាច់ក្នុងការអភិវឌ្ឍន៍ សង្គម-សេដ្ឋកិច្ច ផងនោះ ក្រោយបញ្ចប់ការសាងសង់គម្រោងផ្លូវក្រវ៉ាត់ក្រុងទី៣ ពេញលេញ កម្ពុជាក៏មានបំណងសាងសង់នូវផ្លូវក្រវ៉ាត់ក្រុងទី៤ ផងដែរ។ ក៏ប៉ុន្តែ បើទោះជាបែបនេះក្ដី ចំពោះពេលវេលាជាក់លាក់ ក្នុងការសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៤នេះ មិនត្រូវបានឯកឧត្តម ស៊ុន ចាន់ថុល បញ្ជាក់លម្អិតនោះទេ ដោយសារកម្ពុជារង់ចាំបញ្ចប់ការសាងសង់គម្រោងផ្លូវក្រវ៉ាត់ក្រុងទី៣ ឲ្យបានពេញលេញជាមុនសិន។
សូមបញ្ជាក់ថា ផ្លូវក្រវាត់ក្រុងទី៣នេះ គ្រោងចំណាយថវិកាសរុបប្រមាណ ២៧៣លានដុល្លារ ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន និងមានការចូលរួមថវិកាបដិភាគមួយចំនួនពីរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ពន្ធ និងសួយសារអាករ។ គម្រោងផ្លូវក្រវាត់ក្រុងទី៣នេះ ទៀតសោត ត្រូវបានសាងសង់ដោយក្រុមហ៊ុនសំណង់ចិន សៀងហៃគ្រុប ខូអិលធីឌី និងត្រួតពិនិត្យបច្ចេកទេសសាងសង់ ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាងចូវ វ៉ានអាន។ បន្ថែមលើនេះ ផ្លូវក្រវ៉ាត់ក្រុងទី៣ ក៏មានការសាងសង់ស្ពានអាកាសឆ្លងកាត់ចំនួន ៤កន្លែង ផងដែរ ដោយឆ្លងកាត់ផ្លូវជាតិលេខ៤ លេខ៣ លេខ២ និងលេខ២១ ប្រវែងសរុប ១ពាន់ម៉ែត្រ និងមានការសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ ចំនួន ២កន្លែង ត្រង់កោះអន្លង់ចិន ប្រវែងជិត ១ពាន់ម៉ែត្រ ផងដែរ៕