Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

បុណ្យទន្លេលើកទី៧ នឹងប្រព្រឹត្តនៅសប្តាហ៍ខាងមុខនេះ

Admin Alynana | Mar 02, 2023
បុណ្យទន្លេលើកទី៧ នឹងប្រព្រឹត្តនៅសប្តាហ៍ខាងមុខនេះ
Clinic narith

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បន្តដឹកនាំកិច្ចប្រជុំដើម្បីសម្រេចផែនការត្រៀមរៀបចំបុណ្យទន្លេលើកទី៧ ដែលនឹងឈានដល់ការប្រារព្ធនៅសប្តាហ៍ខាងមុខនេះ ។

ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នារសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣នេះ បានបន្តដឹកនាំកិច្ចប្រជុំដើម្បីសម្រេផែនការត្រៀមរៀបចំពិធីបុណ្យទន្លេលើកទី៧ ដែលគ្រោងធ្វើឡើងនៅខេត្តកំពង់ធំ នាថ្ងៃទី៨-១០ ខែមីនា ឆ្នាំ២០២៣ ដោយផ្តោតសំខាន់លើការអប់រំផ្សព្វផ្សាយពី វិស័យទេសចរណ៍ ផ្សារភ្ជាប់ជាមួយវប្បធម៌ អរិយធម៌ ប្រវត្តិសាស្ត្រ បរិស្ថាន និងការរស់នៅរបស់ប្រជាជននៅតាមដងទន្លេ ស្ទឹងក្នុងតំបន់ ព្រមទាំងផ្សព្វផ្សាយពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម។

ពីធីបុណ្យទន្លេលើកទី៧ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨-១០ ខែមីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ៖ ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងអនាគត (Our River for Now and Next) ក្រោមកិច្ចសហការរៀបចំរបស់គណៈកម្មការអន្តរក្រសួងដើម្បីរៀបចំពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ។

ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានឱ្យដឹងថា ពិធីបុណ្យទន្លេឆ្នាំនេះនឹងផ្តល់ជូនសកម្មភាពសំខាន់ៗដូចជាការសម្ដែងទស្សនីយភាពសិល្បៈ របាំជនជាតិ ភាគតិច កួយ ការប្រគុំតន្ត្រី និងការបាញ់កាំជ្រួចអបអរសាទរពិធីបុណ្យទន្ល។ មហោស្រពម្ហូបអាហារខ្មែរ ព្រមទាំងការបង្ហាញផលិតផលទេសចរណ៍ និងគម្រោងអភិវឌ្ឍន៍ទេសចរណ៍របស់ខេត្តតាមដងទន្លេ និងការតាំងពិព័រណ៍ផលិតផលសិប្បកម្ម កសិទេសចរណ៍ និងផលិតផលក្នុងស្រុក ភូមិ មួយ ផលិត មួយ ផលិតផលកែច្នៃ រួមទាំងមានសកម្មភាពកីឡា ដោយមានការចូលរួមពីសំណាក់កីឡាករ-កីឡាការនីជាតិនិងអន្តរជាតិ។

ឯកឧត្ដម ថោង ខុន បានឱ្យដឹងថា ពិធីបុណ្យទន្លេលើកទី៧នេះ គឺមានគោលបំណងជំរុញលើកតម្លៃ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តនានាតាមដងទន្លេ ជាពិសេសលើកទឹកចិត្តដល់ប្រជាជននៅតាមបណ្តាខេត្តទាំងនោះឱ្យចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍទីក្រុងជាប់ដងទន្លេ ការងារអភិវឌ្ឍទេសចរណ៍សហគមន៍។

ឯកឧត្ដម ថោង ខុន ក៏បានណែនាំឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងទេសចរណ៍ រដ្ឋបាលខេត្តកំពង់ធំ និងមន្ត្រីអន្តរក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវសហការគ្នាត្រៀមរៀបចំឱ្យបានរួចរាល់គ្រប់ផ្នែកទាំងអស់ ទាំងការរៀបចំការតាំងពិរណ៍ ទាំងផ្នែកកីឡា និងការរៀបចំផ្នែកហេដ្ឋារចនាសម្ព័ន្ធគ្រប់ផ្នែកទាំងអស់មុនពិធីបុណ្យទន្លេមកដល់។

ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានសង្កត់ធ្ងន់ទៀតថា ត្រូវរៀបចំឱ្យមានការតាំងពិព័រណ៍ផលិតផលក្នុងស្រុកឱ្យបានច្រើន ដែលបានមកពីផលិតរបស់ប្រជាពលរដ្ឋក្នុងស្រុក ក្រៅពីនេះក៏ត្រូវមានការបង្ហាញអំពីសក្ដានុពលវប្បធម៌ តំបន់ប្រវត្តិសាស្ត្រ ដើម្បីបង្ហាញដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរបានយល់ថា កម្ពុជាមានប្រវត្តិសាស្ត្រ មានវប្បធម៌យូរលង់មកហើយរបស់កម្ពុជាផងដែរ។ ជាមួយគ្នានោះសម្រាប់សម្មភាពក្នុងការផ្សព្វផ្សាយទេសចរណ៍សហគមន៍ ក៏ត្រូវតែរៀបចំឱ្យបានផុសផុលនៅក្នុងពិធីបុណ្យទន្លេលើកទី៧នេះផងដែរ។

ឯកឧត្ដម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានឱ្យដឹងដែរថា សម្រាប់ផែនការនៃការត្រៀមរៀបចំបុណ្យទន្លេលើកទី៧នេះ គឺបានរៀបចំរួចហើយមួយចំនួនធំ នៅសល់តែកិច្ចការចំពោះមុខតិចតួច ដែលមិនទាន់ចេញជារូបរាងតែប៉ុណ្ណោះ ដោយលោកក៏បានណែនាំឱ្យមន្ត្រីជំនាញរៀបចំឱ្យបានរួចរាល់ទាន់ពេលវេលា ទាំងការរៀបចំអនាម័យតាមដងផ្លូវសំខាន់ៗមួយចំនួន និងការតុបតែងភ្លើងលម្អរឱ្យបានរួចរាល់មុនបុណ្យទន្លេមកដល់ផងដែរ៕
photo_2023-03-02_10-39-15