(ព្រះសីហនុ)៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានរៀបចំប្រារព្វ ពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនូវឃ្លាំង Container Freight Station (CFS) ក្រោមហិរញ្ញប្បទានឥតសំណង ពីរដ្ឋាភិបាលនៃប្រទេសជប៉ុន សម្រាប់កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម (ឆ្នាំ២០១៨)។
នៅក្នុងពីធីសម្ពោធកាលពីថ្ងៃទី ១ ខែមិនា ឆ្នាំ ២០២៣ ឯកឧត្តម UENO Atsushi ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា ការបញ្ចប់ការសាងសង់ស្ថានីយស្តុកទំនិញកុងតឺន័រ CFS ដែលជាគម្រោងជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន និងយោងតាមស្នើសុំពីរាជរដ្ឋាភិបាលកម្ពុជាឆ្នាំ២០១៩ រដ្ឋាភិបាលជប៉ុនសម្រេចផ្តល់ថវិកាដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីលើកកម្ពស់គុណភាពបន្ថែមនៃតំបន់សេដ្ឋកិច្ចពិសេស កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលមានសារៈសំខាន់សម្រាប់ក្រុមហ៊ុន ភស្តុភាពកម្មអន្តរជាតិផ្សេងៗ។
ប្រទេសជប៉ុន និងកម្ពុជាបានព្រមព្រៀងសហការក្នុងកម្រិតអតិបរមា ដើម្បីធ្វើឱ្យកំពង់ផែស្វយ័តព្រះសីហនុមានមុខងារជាកំពង់ផែស្នូល មិនត្រឹមតែនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែក៏ដូចជានៅក្នុងតំបន់មេគង្គទាំងមូល។ លើសពីនេះ ក៏មានសាងសង់ឃ្លំាងផ្ទុកទំនិញរបស់ AEON ជាក្រុមហ៊ុនជប៉ុនដ៏ល្បីនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែស្វយ័តក្រុងព្រះសីហនុ ធ្វើឱ្យក្រុមហ៊ុនជប៉ុនវិនិយោគមកតំបន់សេដ្ឋកិច្ចកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ឯកឧត្តមសង្ឃឹមថា ការចាប់បើកឱ្យប្រើប្រាស់ឃ្លាំងនេះ និងរួមចំណែកដល់ការអភិវឌ្ឍបន្ថែមទៀតនៃតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងនាំឱ្យក្រុមហ៊ុនជប៉ុន កាន់តែច្រើនបន្ថែមទៀតមកបណ្តាក់ទុននៅខេត្តព្រះសីហនុ បន្ទាប់ពីផ្សារទំនើប AEON។
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា កាលពីខែវិច្ឆិកា ឆ្នាំ២០២២ កម្ពុជា-ជប៉ុន បានព្រមព្រៀងគ្នា ដំឡើងទំនាក់ទំនងទ្វេភាគីដល់កម្រិត « ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ » ក្រោមភាពជាដៃគូថ្មីនេះ ប្រទេសទាំង២ នឹងធ្វើការរួមគ្នាកាន់តែជិតស្និទ្ធថែមទៀត ដើម្បីដោះស្រាយបញ្ហាប្រឈមរួមទាំងនៅក្នុងតំបន់ និងលើឆាកអន្តរជាតិ ព្រមទាំងពង្រីកកិច្ចសប្រតិបត្តិការលើវិស័យថ្មីៗបន្ថែមទៀត។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា កំពង់ផែអន្តរជាតិសមុទ្រទឹកជ្រៅក្រុងព្រះសីហនុ បានកំពុងដើរតួនាទីយ៉ាងសំខាន់ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចជាតិក្នុងនោះ ផ្នែកទន់មានដូចជា៖ គម្រោងអភិវឌ្ឍន៍សមត្ថភាពកំពង់ផែ តាមរយៈការផ្លាស់ប្តូរ បទពិសោធន៍រវាងជប៉ុន កម្ពុជា។ផ្នែករឹង ទទួលបានកម្ចីសម្បទានជប៉ុន សម្រាប់សាងសង់ចំណតផែកុងតឺន័រថ្មីប្រវែង ៤០០ម៉ែត្រ ការសាងសង់តំបន់សេដ្ឋកិច្ចពិសេស ការសាងសង់ចំណតផែពហុបំណងប្រវែង ៣៥០ម៉ែត្រ ការកែសម្រួលផែច្រាំងទៅជាផែកុងតឺន័រប្រវែង ២៥៣ម៉ែត្រ គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រទឹកជ្រៅ ជំហានទី១ ជំហានទី២ និងជំហានទី ៣ ៕