មនុស្សប្រហែល ១៧០នាក់ត្រូវបានជម្លៀសខ្លួនជាបន្ទាន់ ខណៈដែលអគ្គិភ័យឆាបឆេះអគារកប់ពពកដែលកំពុងសាងសង់មិនទាន់រួចកម្ពស់៤២ជាន់ នៅក្នុងទីក្រុងហុងកុងប្រទេសចិនកាលពីថ្ងៃវេលាអធ្រាត្រថ្ងៃព្រហស្បតិ៍ ចូលថ្ងៃសុក្រនេះ។ នេះយោងតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
យោងតាមសាក្សីរាយការណ៍ដោយរ៉យទ័រ បានឱ្យដឹងថា ជាន់ខាងលើជាច្រើននៃអគារកម្ពស់ ៤២ជាន់ នៅឯគម្រោងអភិវឌ្ឍន៍ហុងកុងក្នុងសង្កាត់ Tsim Sha Tsui នៅផ្នែកម្ខាងនៃកំពង់ផែ Victoria ត្រូវបានឆាបឆេះនៅក្នុងភ្នក់ភ្លើងយ៉ាងសន្ធោសន្ធៅកាលពីយប់ថ្ងៃព្រហស្បតិ៍បន្តចូលដល់ថ្ងៃសុក្រទី ៣ខែមីនានេះ ខណៈកំទេចកំទីដែលបានឆាបឆេះ រួមទាំងរន្ទាឬស្សី បានបង្កឱ្យមានភ្លើងឆេះបន្ថែមទៀតនៅក្នុងសំណង់ដែលនៅជាប់ៗគ្នា ពិបាកដល់ភ្នាក់ងារពន្លត់អន្តរាគមន៍។ រដ្ឋាភិបាលបាននិយាយថា មនុស្សប្រហែល ១៧០ នាក់ត្រូវបានជម្លៀសចេញពីកន្លែងលក់ទំនិញមួយក្បែរគ្នានោះ ដើម្បីជៀសវាងពីហានភ័យគ្រោះថ្នាក់ផ្សេងៗពីកម្ទេចកម្ទី។
លោក Keung Sai-ming អនុប្រធានផ្នែកពន្លត់អគ្គីភ័យរបស់ទីក្រុងហុងកុងបានប្រាប់អ្នកសារព័ត៌មានថា អ្នកពន្លត់អគ្គីភ័យ ២៥០ នាក់ និងបុគ្គលិកសង្គ្រោះបានប្រយុទ្ធនឹងភ្លើងពេញមួយយប់ រហូតត្រូវបានពន្លត់បានដោយជោគជ័យនៅម៉ោងប្រហែល ៨ ព្រឹក (0000 GMT) ម៉ោងក្នុងស្រុក។ ចំពោះមូលហេតុនៃការឆេះនេះ គឺកំពុងត្រូវបានស៊ើបអង្កេត៕
ប្រភព៖ REUTERS