ការនាំចូលបន្ទះសូឡាស្រូបពន្លឺព្រះអាទិត្យរបស់សហរដ្ឋអាមេរិកពីប្រទេសចិន នៅទីបំផុតបានកំពុងកើនឡើងវិញហើយ បន្ទាប់ពីការពន្យាពេលជាច្រើនខែជុំវិញច្បាប់ថ្មីហាមឃាត់ទំនិញដែលពាក់ព័ន្ធការចោទប្រកាន់បង្ខំកម្លាំងពលកម្មជនជាតិភាគតិចអ៊ុយហ្កួរ។ នេះបើយោងតាមក្រុមហ៊ុនថាមពលពន្លឺព្រះអាទិត្យរបស់ចិនចំនួនពីរថ្លែងប្រាប់បណ្តាញសារព័ត៌មានរ៉យទ័រ កាលពីថ្មីៗនេះ។
ក្រុមហ៊ុន Trina Solar Co Ltd (688599.SS) បានប្រាប់រ៉យទ័រថា បន្ទះស្រូបពន្លឺព្រះអាទិត្យជាង ៩០០មេហ្គាវ៉ាត់របស់ខ្លួនត្រូវបានបើកអនុញ្ញាតដោយគយរបស់សហរដ្ឋអាមេរិកក្នុងរយៈពេល ៤ ខែចុងក្រោយ ហើយមានតិចជាង ១% នៃផលិតផលប៉ុណ្ណោះដែលត្រូវបានកាក់ទុកដើម្បីត្រួតពិនិត្យ។ ក្រុមហ៊ុនថា ចំនួននៃបន្ទះដែលអាចនាំចូលទៅអាមេរិកនេះ នឹងមានសមត្ថភាពគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ថាមពលដល់ផ្ទះជាង ១៥០០០០ ខ្នង។ ការកើនឡើងនេះគឺជាការធូរស្រាលដល់អ្នកផ្គត់ផ្គង់របស់ចិនធំៗ រួមមាន Trina Solar (688599.SS) និង Jinko Solar (JKS.N) ក៏ដូចជា Longi Green Energy Technology Co Ltd បន្ទាប់ពីរដ្ឋាភិបាលអាមេរិកបានចោទប្រកាន់ចិនថា បានកេង និងបង្ខំកម្លាំងពលកម្មលើជនជាតិភាគតិចអ៊ុយហ្គួរនៅតំបន់ស៊ីនជាំង ហើយតម្រូវឱ្យអ្នកផលិតបង្ហាញឯកសារប្រភពនៃឧបករណ៍ដែលបាននាំចូល និងទាំងវត្ថុធាតុដើម ។ នេះបើយោងតាមប្រភពឧស្សាហកម្ម។ ក្រុមហ៊ុនទាំងនេះជាធម្មតាមានចំណែករហូតដល់មួយភាគបីនៃការផ្គត់ផ្គង់បន្ទះសូឡារបស់សហរដ្ឋអាមេរិក។ អ្នកនាំពាក្យរបស់ Trina លោកស្រី Melissa Cavanagh បាននិយាយនៅក្នុងអ៊ីមែលថា “ប្រព័ន្ធទិន្នន័យ និងការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់របស់ Trina អនុញ្ញាតឱ្យយើងផ្តល់ឯកសារតាមដានលម្អិត តាមការស្នើសុំរបស់គយសហរដ្ឋអាមេរិក”។ “ហើយវាបានកាត់បន្ថយការពន្យារពេលយ៉ាងច្រើននៅកំពង់ផែ”។
លោក John Podesta ទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតី Joe Biden ស្តីពីបញ្ហាថាមពលស្អាត បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃច័ន្ទនៅខាងក្រៅសន្និសីទថាមពល CERAWeek នៅហ៊ូស្តុនថា “មានការណែនាំកាន់តែច្បាស់ ហើយយើងកំពុងឃើញការដឹកជញ្ជូនកាន់តែច្រើនឡើង”។
ប្រភព៖ REUTERS